កូរ៉េខាងត្បូង និងអង់គ្លេស ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី មុនអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប

2097

សេអ៉ូល(រ៉យទ័រ)៖ ក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូងបានឱ្យដឹងនៅថ្ងៃចន្ទនេះថា កូរ៉េខាងត្បូង និងអង់គ្លេស បានព្រមព្រៀងគ្នាចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដាច់ដោយឡែកមួយ មុនការចាកចេញរបស់ចក្រភពអង់គ្លេស ពីសហភាពអឺរ៉ុប នៅចុងខែតុលាខាងមុខនេះ។

ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលរបស់កូរ៉េបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចព្រមព្រៀងនេះ នឹងជួយកូរ៉េខាងត្បូងកាត់បន្ថយភាពមិនប្រាកដប្រជានៃពាណិជ្ជកម្ម និងរក្សាពាណិជ្ជកម្មជាមួយអង់គ្លេស ដោយផ្អែកលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់របស់ទីក្រុងសេអ៊ូលជាមួយ EU ។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

ក្រសួងបានឱ្យដឹងថា កិច្ចព្រមព្រៀងនេះរួមមានការរក្សាពន្ធគយឲ្យស្ថិតក្នុងកម្រិតសូន្យ លើការនាំចេញរបស់កូរ៉េខាងត្បូង រួមមានគ្រឿងបន្លាស់រថយន្ត និងរថយន្តផងដែរ។ កូរ៉េខាងត្បូង ក៏នឹងរៀបចំការឆ្លើយតបទៅនឹងសេណារីយ៉ូផ្សេងទៀតដែលអាចធ្វើទៅបានរួមទាំង គ្មានកិច្ចព្រមព្រៀង Brexit ផងដែរ។

សមាជិកភាពនៃសហភាពអឺរ៉ុបរបស់ចក្រភពអង់គ្លេស នឹងត្រូវបញ្ចប់នៅថ្ងៃទី ៣១ ខែតុលាខាងមុខនេះ ដោយមាន ឬគ្មានកិច្ចព្រមព្រៀង។ ប្រសិនបើកិច្ចព្រមព្រៀងមិនត្រូវបានគេយល់ព្រម និងផ្តល់សច្ចាប័ន នៅពេលនោះរដ្ឋាភិបាលអង់គ្លេសនឹងប្រឈមជាមួយជម្រើសនៃការចាកចេញដោយគ្មានកិច្ចព្រមព្រៀង ហើយស្វែងរកពេលវេលាបន្ថែម ឬលុបចោល Brexit ទាំងស្រុង។

ក្រសួងរបស់កូរ៉េនេះក៏បាននិយាយទៀតថា កូរ៉េខាងត្បូងនឹងស្វែងរកការយល់ព្រមពីសភារបស់ខ្លួន និងការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអង់គ្លេស មុនថ្ងៃទី ៣១ ខែតុលាមកដល់។

យោងតាមទិន្នន័យពីសមាគមពាណិជ្ជកម្មអន្តរជាតិរបស់កូរ៉េខាងត្បូង គិតត្រឹមឆ្នាំ ២០១៨  ការនាំចេញរបស់កូរ៉េខាងត្បូងទៅកាន់ចក្រភពអង់គ្លេស មានចំនួនប្រហែល ៦,៤ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០១៨ កើនឡើងចំនួន ១,០៥% នៃការនាំចេញសរុបរបស់ប្រទេសកូរ៉េ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។