ឆ្នាំនេះ សិង្ហបុរី វ៉ាដាច់អាមេរិច និងហុងកុង ក្លាយជាប្រទេសមានសេដ្ឋកិច្ចប្រកួតប្រជែងខ្លាំងជាងគេលើផែនដី

2152

(Bloomberg)៖ ឆ្នាំនេះ ជាលើកទីមួយហើយដែលប្រទេសសមាជិកអាស៊ាន សិង្ហបុរី ឡើងជាប្រទេសលេខមួយដែលមានសេដ្ឋកិច្ចប្រកួតប្រជែងខ្លាំងបំផុតនៅលើពិភពលោក ក្នុងរយៈកាល ៩ឆ្នាំចុងក្រោយនេះ។

ចំណាត់ថ្នាក់លេខមួយប្រចាំឆ្នាំនេះ ត្រូវបានចាត់ចំណាត់ថ្នាក់ដោយសាលាពាណិជ្ជកម្ម IMB Business School របស់ប្រទេសស្វីស ដោយផ្អែកលើកត្តាចំបងដូចជា រចនាសម្ព័ន្ធគ្រប់គ្រងប្រទេសដោយប្រើបច្ចេកវិទ្យាទំនើបជាងគេ កម្លាំងពលកម្មជំនាញ ច្បាប់អន្តោប្រវេសន្តល្អ និងប្រសិទ្ធភាពនៃការបើកអាជីវកម្ម ធ្វើឲ្យសិង្ហបុរីឈរនៅលេខមួយ ខណៈហុងកុងរក្សាតំណែងលេខពីរដដែលធៀបនឹងឆ្នាំ ២០១៨។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

សហរដ្ឋអាមេរិច បានធ្លាក់ទៅលេខបី ដោយសារឥទ្ធិពលការតម្លើងពន្ធគយ និងចុះខ្សោយលើការនាំចេញបច្ចេកវិទ្យាទំនើបៗ។

ការចាត់ចំណាត់ថ្នាក់នេះ ចាប់ផ្តើមធ្វើឡើងតាំងពីឆ្នាំ ១៩៨៩ មកម្លេះ ដោយផ្អែកលើទិន្នន័យសេដ្ឋកិច្ចនៃប្រទេសចំនួន ៦៣ ក្នុងចំណោមប្រទេសសរុបទាំង ២៣៥ ។ ក្នុងនោះ អត្រាប្រជាជនអត់ការងារធ្វើ កំណើនសេដ្ឋកិច្ច ការចំណាយរបស់រដ្ឋាភិបាលលើវិស័យសុខាភិបាល និងវិស័យអប់រំ រួមទាំងទិន្នន័យស្ទង់មតិដែលបានមកពីសាលាពាណិជ្ជកម្មអន្តរជាតិធំៗ លើប្រធានបទស្ថានភាពសង្គម សកលភាវូបនីយកម្ម និងអំពើពុករលួយ ក៏ត្រូវបានគេយកទៅវាយតម្លៃលើការដាក់ចំណាត់ថ្នាក់នេះដែរ។ ចំពោះផ្នែកសេដ្ឋកិច្ច គេវិភាគដោយផ្អែកលើ ការបង្ហាញទម្រង់សេដ្ឋកិច្ចល្អប្រសើរ រចនាសម្ព័ន្ធរដ្ឋបាល ប្រសិទ្ធភាពដឹកនាំរបស់រដ្ឋាភិបាល និងប្រសិទ្ធភាពពាណិជ្ជកម្ម។

ឥណ្ឌូនេស៉ីឡើងចំនួន ១១ លេខដល់ចំណាត់ថ្នាក់ទី ៣២ ដោយសារមានកំណើននៃប្រសិទ្ធភាពដឹកនាំរដ្ឋាភិបាល រចនាសម្ព័ន្ធគ្រប់គ្រងល្អប្រសើរ និងលក្ខណ្ឌពាណិជ្ជកម្ម។ ប្រទេសថៃឡើង ៥ លេខ ឈរលេខរៀងទី ២៥ ដោយសារកំណើនវិនិយោគបរទេស និងសង្វាក់ផលិតកម្មមានការរីកចម្រើន។ ចំណែកប្រទេសជប៉ុន បានធ្លាក់ចំនួន ៥ លេខ ដោយសារការថយចុះកំណើនសេដ្ឋកិច្ច រដ្ឋាភិបាលជាប់បំណុលខ្ពស់ និងការចុះខ្សោយនៃលក្ខណ្ឌពាណិជ្ជកម្ម។ អង់គ្លេសធ្លាក់ពីចំណាត់ថ្នាក់លេខ ២០ ទៅលេខ ២៣ ដោយសារការចាកចេញពីសហភាពអឺរ៉ុប៕

ចុចមើលរបាយការណ៍ទាំងស្រុង៖ IMD World Competitiveness ranking 2019

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។