រដ្ឋាភិបាលថៃ គាំទ្រវិស័យ e-sports ដើម្បីឲ្យវិស័យនេះក្លាយជាឧស្សាហកម្មថ្មីមួយរបស់ខ្លួន

2328

ថៃ៖ រដ្ឋាភិបាលថៃនឹងពង្រឹងវិស័យ e-sports និងផ្សព្វផ្សាយពីវិស័យនេះ ដែលជាគម្រោងមួយសម្រាប់អភិវឌ្ឍប្រទេស។ កាលពីឆ្នាំ ២០១៨ កន្លងទៅ អាជីវកម្មក្នុងវិស័យនេះរកចំណូលបានចំនួន ២២ ពាន់លានបាត (៧០១ លានដុល្លារ) ដែលធ្វើឲ្យប្រទេសថៃជាប់ចំណាត់ថ្នាក់លេខ ១៩ ក្នុងចំណោមប្រទេសឈានមុខគេលើវិស័យ e-sports នៅលើពិភពលោក។ នេះបើតាមការផ្សាយរបស់កាសែត Bangkok Post ។

E-sports ឬ Electronic Sports គឺជាការប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញតាមវីឌីអូហ្គេម។ នៅកម្ពុជា ក៏មានសហព័ន្ធកីឡាអេឡិចត្រូនិកនេះដែរ ដែលត្រូវបានបង្កើតឡើងជាផ្លូវការក្នុងឆ្នាំ ២០១៤ និងទើបត្រូវបានទទួលស្គាល់ជាផ្លួវការដោយក្រសួងអប់រំ យុវជន និងកីឡា កាលពីខែឧសភា ឆ្នាំ ២០១៩ នេះ។

ព្រឹត្តិការណ៍ប្រកួតហ្គេម e-sport
ផ្ទាំងឃោសនាពាណិជ្ជកម្ម

កាលពីឆ្នាំ ២០១៧ ក្នុងប្រទេសថៃមានអ្នកលេងហ្គេមអេឡិចត្រូនិចរហូតដល់ចំនួន ១៨,៣ លាននាក់ ដែលចំនួននេះស្មើនឹង ១ភាគ៤ នៃប្រជាជនសរុបរបស់ប្រទេសមានព្រំដែនជាប់កម្ពុជានេះ។ ក្រៅពីអ្នកលេងហ្គេមទាំងអស់នោះ មានអ្នកទស្សនាការប្រកួតហ្គេម e-sports ប្រមាណ ២,៦ លាននាក់ កាលពីឆ្នាំមុន ហើយតួលេខនេះត្រូវបានគេព្យាករថានឹងកើនឡើងចំនួន ៣០% ទៀតនៅឆ្នាំ ២០២១។

ទោះបីជាយ៉ាងណាក៏ដោយ មកទល់ពេលបច្ចុប្បន្ននេះ ប្រទេសថៃមិនទាន់មានច្បាប់ស្តីពីកីឡាអេឡិចត្រូនិកនៅឡើយទេ ដោយមានតែបទបញ្ជារបស់ក្រសួងស្តីអំពីការអនុញ្ញាតិ និងដំណើរការកន្លែងលេងហ្គេមក្រោមច្បាប់ប្រតិបត្តិការហាងលក់វីឌីអូហ្គេម និងវីដេអូបែបហិង្សាឆ្នាំ ២០០៨ ប៉ុណ្ណោះ។ 

នៅបរទេស មានវិធានការជាច្រើនដែលអាចជួយកំណត់ប្រភេទល្បែង (ការវាយតម្លៃ)  ការគ្រប់គ្រងការផ្សាយពាណិជ្ជកម្ម និងទំនាក់ទំនងសាធារណៈ ក៏ដូចជាត្រួតពិនិត្យមើលអ្នកចូលរួមប្រកួតកីឡាអេឡិចត្រូនិក និងលក្ខន្តិកប្រកួតផងដែរ។

ការអភិវឌ្ឍសេដ្ឋកិច្ចជារឿងមួយ ប៉ុន្តែការញៀនហ្គេមក៏ជាបញ្ហាមួយដែរ។ ការស្រាវជ្រាវមួយបានព្រមានថា ក្មេងៗអាចប្រឈមផលប៉ះពាល់សុខភាព អារម្មណ៍ និងអាកប្បកិរិយាអវិជ្ជមាន ដូចជាការឈឺខ្នង ឈឺក្រពះ និងបញ្ហាភ្នែក ដោយសារតែការញៀនហ្គេម ហើយមនុស្សពេញវ័យអាចងប់ងល់នឹងការលេងហ្គេម និងអាចបង្កឲ្យចុះខ្សោយសមត្ថភាពបំពេញការងារ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។