វៀតណាម នឹងបង្គ្រាបទំនិញចិនដែលកែប្រភពដើមថាផលិតនៅវៀតណាមដើម្បីគេចពន្ធនាំចូលទៅអាមេរិច

2246

ហាណូយ(រ៉យទ័រ)៖ ប្រទេសវៀតណាមបាននិយាយថា ខ្លួននឹងបង្ក្រាបទំនិញដើមកំណើតចិនដែលមិនស្របច្បាប់ ដោយក្រុមហ៊ុននាំចេញទៅអាមេរិច បន្លំប្រភពដើមទំនិញដែលផលិតនៅចិន មកដាក់ថា “ផលិតនៅវៀតណាម” ដើម្បីគេចពីការទារពន្ធគយរបស់លោក Donald Trump ។

ក្រសួងវៀតណាមបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយដែលបង្ហោះនៅលើគេហទំព័ររបស់រដ្ឋាភិបាលកាលពីថ្ងៃអាទិត្យថា គយរបស់វៀតណាមបានរកឃើញករណីជាច្រើនក្នុងគ្រាជម្លោះពាណិជ្ជកម្មរវាងចិន និងអាមេរិក។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

ប្រភពដដែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការក្លែងបន្លំ និងការដឹកជញ្ជូនទំនិញខុសច្បាប់ភាគច្រើន កើតឡើងនៅក្នុងវិស័យវាយនភ័ណ្ឌ អាហារសមុទ្រ ផលិតផលកសិកម្ម ក្រណាត់ ទឹកឃ្មុំ ដែក អាលុយមីញ៉ូម និងផលិតផលកែឆ្នៃពីឈើ។

ក្រុមហ៊ុននាំចូលមួយចំនួននៅវៀតណាមបាននាំយកទំនិញពីប្រទេសចិន ដើម្បីវេចខ្ចប់ឡើងវិញដោយខុសច្បាប់ ហើយដាក់ថាផលិតនៅក្នុងប្រទេសវៀតណាម បន្ទាប់មកពួកគេដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមនៅវៀតណាម សម្រាប់នាំចេញទៅសហរដ្ឋអាមេរិក អឺរ៉ុប និងជប៉ុន។

សេចក្តីថ្លែងការណ៍នោះបានលើកករណីមួយថា មានករណីមួយត្រូវបានរកឃើញដោយអតិថិជននៅសហរដ្ឋអាមេរិក ដែលរោងចក្រផលិតផលកែច្នៃពីឈើមួយនៅវៀតណាម បាននាំចូលផលិតផលឈើពីប្រទេសចិន ហើយកែប្រភពដើមទំនិញ និងនាំចេញទៅសហរដ្ឋអាមេរិក។

សេចក្តីថ្លែងការណ៍មួយបាននិយាយថា នាយកដ្ឋានពន្ធគយរបស់ប្រទេសវៀតណាម កំពុងដំណើរការកំណត់អត្តសញ្ញាណ និងដាក់ទណ្ឌកម្មលើអាជីវកម្មដែលប្រព្រឹត្តអំពើរំលោភបែបនេះ។

ប្រទេសវៀតណាម បានក្លាយជាប្រទេសទទួលបានផលប្រយោជន៍ធំបំផុតមួយនៃសង្គ្រាមពាណិជ្ជកម្មរវាងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន នៅពេលដែលអាជីវកម្មមួយចំនួនកំពុងផ្លាស់ប្តូរខ្សែចង្វាក់ផ្គត់ផ្គង់របស់ពួកគេចេញពីប្រទេសចិន មកដាក់នៅវៀតណាម ដើម្បីគេចពីការបង់ពន្ធគយ។ ក្រុមហ៊ុនវិភាគទិន្នន័យពាណិជ្ជកម្ម Nomura Holdings Inc របស់ជប៉ុន កាលពីដើមខែនេះបានបង្ហាញថា ប្រទេសវៀតណាមទទួលបានផលប្រយោជន៍ច្រើនជាងប្រទេសដទៃទៀតក្នុងសង្គ្រាមពាណិជ្ជកម្មនេះ។

ប្រទេសជាប់កម្ពុជាមួយនេះ ពឹងផ្អែកខ្លាំងលើប្រទេសចិនលើការផលិតសម្ភារៈ និងឧបករណ៍ជាច្រើនទៀត សម្រាប់ការបង្កើតការងារដល់ពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះដែរ សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញធំបំផុតរបស់វៀតណាម។

រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បាននិយាយនៅក្នុងសុន្ទរកថាមួយនៅសន្និបាតជាតិរបស់វៀតណាមកាលពីសប្តាហ៍មុនថា រដ្ឋាភិបាលវៀតណាមបានបង្កើតគណៈកម្មាធិការចង្អុលបង្ហាញមួយ ដើម្បីឆ្លើយតបទៅនឹងសង្គ្រាមពាណិជ្ជកម្ម៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។