ប្រពន្ធរបស់ Bill Gates បង្ហាញថា អ្នកដឹកនាំអស្ចារ្យក្នុងលោកទាំងអស់សុទ្ធតែមានបុគ្គលិកលក្ខណៈមួយនេះ

2925

មេដឹកនាំសប្បុរសដូចជា Martin Luther King Jr, Nelson Mandela, Mohatma Gandhi និងកំពូលមេដឹកនាំខ្លាំងៗទាមទារសិទ្ធិសេរីភាពជុំវិញសលកលោកដទៃទៀត សុទ្ធតែមានលក្ខណៈដឹកនាំមួយដែលអន្ទងចិត្តឱ្យមនុស្សគ្រប់គ្នាចង់ដើរតាមពួកគេ​ ហើយនោះគឺជា ក្តីស្រលាញ់។

អ្នកស្រី Melinda Gates ដែលជាភរិយារបស់មហាសេដ្ឋីមានទ្រព្យសម្បត្តិមហាសាលទីពីរលើលោក Bill Gates បាននិយាយថា “ក្តីស្រលាញ់ គឺជាអំណាចដ៏ខ្លាំងពូកែបំផុតចំពោះការផ្លាស់ប្តូររបស់ពិភពលោក ហើយអ្នកមិនអាចឮគេនិយាយអំពីវានៅក្នុងការប្រជុំពិភាក្សាគោលការណ៍ ឬការជជែកវែកនៅក្នុងនយោបាយឡើយ” នេះបើតាមអ្វីដែលអ្នកបានសរសេរក្នុងសៀវភៅ “The Moment of Lift”។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

អ្នកស្រីបានបន្តថា មេដឹកនាំដ៏អស្ចារ្យរួមមាន Mother Teresa, Albert Schweitzer, Mohandas Gandhi, Dorothy Day, Desmond Tutu, និង Martin Luther King Jr គឺជាអ្នកដែលហ៊ានពុះពារឧបសគ្គគ្រប់បែបយ៉ាងដើម្បីយុត្តិធម៌ក្នុងសង្គម ហើយពួកគេទាំងអស់សុទ្ធតែមានទឹកចិត្តស្រលាញ់ដ៏ស្មោះត្រង់ជាប់ជាមួយក្នុងភាពដឹកនាំរបស់ពួកគេចំពោះមនុស្សជាតិ។

អ្នកស្រី Melinda បានផ្តល់ជាដំបូន្មានថា អ្នកគ្រប់គ្រងគប្បីបង្ហាញក្តីស្រលាញ់ និងការយល់ចិត្តចំពោះបុគ្គលិករបស់ខ្លួន ជាពិសេសអំឡុងពេលដ៏យាប់យឺននៃជីវិតរបស់បុគ្គលិក-ពីព្រោះទង្វើបែបនេះនឹងធ្វើឱ្យបុគ្គលិកកាន់តែពេញចិត្តបំពេញការងារ ហើយក្រុមហ៊ុននឹងកាន់តែជោគជ័យ។ “នៅពេលអ្នកចេញទៅផ្តើមទំនាក់ទំនងជាមួយអ្នកដទៃលើសពីភាពជាមនុស្សរបស់ពួកគេ (នោះចំណុចចុងក្រោយនៃមិត្តភាពនេះ) គឺក្តីស្រលាញ់ ទោះបីជាអ្នកនិយាយវាចេញមក ឬអត់ក៏ដោយ” នេះបើតាមប្រសាសន៍របស់ Melinda Gates។ ដោយសរសេរនៅក្នុងសៀវភៅរបស់អ្នកស្រីដដែល Melinda បានបញ្ជាក់ថា ក្នុងទស្សនៈរបស់អ្នកស្រី ក្តីស្រលាញ់គឺជាលក្ខណៈសម្បត្តិដ៏ខ្ពង់ខ្ពស់បំផុតដែលមនុស្សគ្រប់គ្នាត្រូវមាន។

គួររំឭកផងដែរថា ក្រោយពីបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ក្នុងជំនាញធុរកិច្ចពីសកលវិទ្យាល័យ Duke University​ អ្នកស្រី Melinda Gates បានចូលធ្វើការនៅក្រុមហ៊ុន Microsoft ឆ្នាំ ១៩៨៧ ផ្នែកអភិវឌ្ឍផលិតផល បន្ទាប់មកបានក្លាយជាអ្នកគ្រប់គ្រងទូទៅលើផ្នែកព័ត៌មាននៃផលិតផលរបស់ Microsoft។ ដោយសារតែបរិយាកាសការងារនៅ Microsoft គ្រានោះមានលក្ខណៈប្រកួតប្រជែងខ្លាំង ប្រពន្ធរបស់លោក Bill Gates រូបនេះបានក៏ព្យាយាមបង្កើតបរិយាកាសការងារវិជ្ជមានមួយខណៈពេលដែលអ្នកស្រីមានតួនាទីជាអ្នកគ្រប់គ្រងនៅក្នុងក្រុមហ៊ុន។

ឆ្នាំ ១៩៩៤ អ្នកស្រី Melinda បានរៀបអាពាហ៍ ពិពាហ៍ ជាមួយលោក Bill Gates ហើយមកដល់ឆ្នាំ ១៩៩៦ ស្របពេលដែលអ្នកស្រីសម្រាលបានកូនដំបូង អ្នកស្រីក៏បានសម្រេចចិត្តលាលែងតំណែងជាអ្នកគ្រប់គ្រងនៅក្រុមហ៊ុន Microsoft រួចត្រឡប់មកផ្តោតលើកិច្ចការងារមនុស្សធម៌វិញ៕

ប្រភព៖ Businessinsider

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕