App ដឹកអាហារ Meal Temple របស់កម្ពុជា វិនិយោគក្នុង App ដឹកអាហារ Freshgora របស់ម៉ីយ៉ាន់ម៉ា

2896

កម្ពុជា/ម៉ីយ៉ាន់ម៉ា(e27)៖ ក្រុមហ៊ុន Meal Temple Group ដែលជាក្រុមហ៊ុនដឹកជញ្ជូនអាហារមានមូលដ្ឋាននៅប្រទេសកម្ពុជា និងកំពុងមានប្រតិបត្តិការនៅប្រទេសឡាវដែរនោះ បានប្រកាសអំពីការវិនិយោគជាដៃគូយុទ្ធសាស្ត្រនៅក្នុងក្រុមហ៊ុនដឹកជញ្ជូនអាហារ និងគ្រឿងធ្វើម្ហូប Freshgora.com របស់ប្រទេសមីយ៉ាន់ម៉ា។

យោងតាមកិច្ចព្រមព្រៀងនោះ ក្រុមហ៊ុនទាំងពីរនឹងពង្រឹងទីផ្សារនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងពង្រីកប្រតិបត្តិការនៅទូទាំងប្រទេសមួយនេះ។ ក្នុងរយៈពេលវែង ក្រុមហ៊ុនទាំងពីរនឹងដាក់បន្ថែមសេវាកម្មថ្មីបន្ថែមទៀត។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

Meal Temple Group កំពុងសម្លឹងមើលឱកាសចាប់យកទីផ្សារឲ្យបាន ១០០ លាននាក់ នៅក្នុងទីផ្សារប្រទេសនៃតំបន់អាស៉ីនៅដំណាច់ឆ្នាំនេះ និងពង្រីកបច្ចេកវិទ្យារបស់ខ្លួនឲ្យក្លាយជា App គម្រូមួយក្នុងតំបន់។

លោក Maxime Rosburger ស្ថាបនិករបស់ Meal Temple បានប្រាប់សារព័ត៌មាន e27 ថា “ជំនួសឱ្យការវិនិយោគដោយផ្ទាល់របស់យើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលមានទីផ្សារចាស់ទុំ និងធំជាងប្រទេសកម្ពុជា និងឡាវ យើងបានសម្រេចចិត្តវិនិយោគទុន (ក្នុងក្រុមហ៊ុនណាមួយរបស់ម៉ីយ៉ាន់ម៉ា) ដែលមិនអាចបង្ហាញចំនួនលុយវិនិយោគបាន (ប៉ុន្តែលោកបង្ហើបថា វាមានចំនួន ៦ ខ្ទង់នៃប្រាក់ដុល្លារ)។ យើងក៏បានព្រមព្រៀងវិនិយោគលើបច្ចេកវិទ្យាផងដែរ ជាមួយនឹងកំណែទម្រង់ថ្មីរបស់យើង  ក៏ដូចជានៅក្នុងប្រតិបត្ដិការ ការបង្កើនសមត្ថភាពក្រុមរបស់យើង ចំណេះដឹង និងការយល់ដឹងនៅលើទីផ្សារស្រដៀងគ្នា ក៏ដូចជាបណ្តាញក្នុងតំបន់របស់យើងផងដែរ”។

ស្ថាបនិកដដែលក៏បានអះអាងដែរថា ប្រតិបត្តិការរបស់ Meal Temple នៅប្រទេសកម្ពុជា និងឡាវ បានជួបចំណុចរួចដើមហើយ (breakeven) ហើយក្រុមហ៊ុនមានមូលដ្ឋាននៅកម្ពុជានេះ កំពុងសម្លឹងមើលឱកាសពង្រីកខ្លួនទៅកាន់ទីផ្សារប្រទេសអាស៊ានផ្សេងទៀត។

ចំណែកក្រុមហ៊ុនរបស់ម៉ីយ៉ាន់ម៉ា Freshgora.com ទើបតែដំណើរការបាន ៨ ខែប៉ុណ្ណោះមកដល់បច្ចុប្បន្ន។ ក្រុមហ៊ុននេះផ្តល់សេវាកម្មដឹកអាហារ និងគ្រឿងធ្វើម្ហូប ដល់ភោជនីយដ្ឋាន និងអតិថិជនក្នុងស្រុកម៉ីយ៉ាន់ម៉ា ដោយប្រើរយៈពេលមួយម៉ោង និងប្រើភ្នាក់ងារដឹកជញ្ជូនផ្ទាល់របស់ពួកគេ។

ម៉ីយ៉ាន់ម៉ា មានប្រជាជនសរុបច្រើនជាង ៥៥ លាននាក់ ខណៈគិតតែក្រុងយ៉ានហ្គនមួយមានប្រជាជនជាង ៦ លាននាក់។ ប្រទេសនេះគឺជាទីផ្សាររីកលូតលាស់លឿនបំផុតមួយរបស់អាស៊ានផងដែរ។

លោក Daniel Htut ស្ថាបនិករបស់ Freshgora បាននិយាយថា “យើងពិតជាមានការរំភើបក្នុងការធ្វើជាដៃគូជាមួយក្រុមហ៊ុន Meal Temple Group ដើម្បីផ្តល់ជូនអតិថិជនរបស់យើងនៅក្នុងប្រទេសមីយ៉ាន់ម៉ានូវសេវាកម្មបន្ថែម ការគាំទ្រ និងអត្ថប្រយោជន៍ ហើយនិងទទួលបានការណែនាំដោយលោក Maxime Rosburger និងក្រុមការងាររបស់គាត់ផងដែរ ដើម្បីរក្សាកំណើនលូតលាស់របស់យើងក្នុងទីផ្សារ។ បន្ទាប់ពីដំណើរការបានទើបតែ ៨ ខែ យើងបាននិងកំពុងព្យាយាមប្រជែងជាមួយគូប្រជែងដែលជាក្រុមហ៊ុនធំនៅក្នុងស្រុក ដោយមានវិធីសាស្ត្រស្អាតស្អំ ដោយផ្អែកលើបច្ចេកវិទ្យា បទពិសោធន៍អ្នកប្រើប្រាស់ និងការផ្តល់ជូនសេវាកម្មដល់អតិថិជន។ យើងក៏ត្រូវបានបំផុសគំនិតដោយចក្ខុវិស័យរបស់ Meal Temple Group ស្តីពីរថយន្តអគ្គិសនី និងមហិច្ឆតាបង្កើតការផ្លាស់ប្តូរ”។

Meal Temple Group ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៣ ។ បច្ចុប្បន្ន សេវាកម្មដឹកជញ្ជូនរបស់ក្រុមហ៊ុននេះមាននៅទីក្រុងភ្នំពេញ សៀមរាប និងព្រះសីហនុ។ កាលពីខែតុលាឆ្នាំមុ នក្រុមហ៊ុននេះបានទទួលទុនវិនិយោគក្នុងលក្ខខណ្ឌមិនបង្ហាញតួលេខ ( ៦ ខ្ទង់) ពីវិនិយោគិនឯកជនរបស់អូស្ត្រាលី និងអឺរ៉ុប។ កាលពីខែកុម្ភៈ ដើមឆ្នាំ ២០១៩ នេះ Meal Temple បានទិញយក App ដឹកជញ្ជូនអាហារ MyDelivery របស់ឡាវ ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។