មហាសេដ្ឋីទីមួយលើផែនដី លោក Jeff Bezos ចែករំលែកពីគន្លឹះរកស៉ីឲ្យបានជោគជ័យ

3256

ក្នុងសន្និសិទ The Amazon re:MARS ដែលធ្វើឡើងនៅទីក្រុង Las Vegas សហរដ្ឋអាមេរិកកាលពីថ្ងៃទី ៦ ខែមិថុនា ស្ថាបនិករបស់ក្រុមហ៊ុន Amazon លោក Jeff Bezos ដែលជាបុរសដែលមានទ្រព្យច្រើនលើលោកផងនោះ ត្រូវគេសុំឱ្យចែករំលែកគន្លឹះដើម្បីសម្រេចជោគជ័យក្នុងអាជីវកម្ម។

លោក Bezos បានឱ្យយោបល់ថា “រឿងសំខាន់បំផុតគឺត្រូវផ្តោតលើអតិថិជន និងត្រូវរកមើលថាតើគួរធ្វើរបៀបណាទើបពួកគេសប្បាយចិត្ត”។ ក្រុមហ៊ុន Amazon បានយកឈ្នះចិត្តអតិថិជនដោយការផ្តល់តម្លៃទាបបំផុតទៅលើផលិតផល បើទោះបីជាមានការខាតបង់ក៏ដោយ។ បច្ចុប្បន្នក្រុមហ៊ុន Amazon មានប្រភពចំណូលពីអតិថិជនជាង ១០០ លាននាក់ ដែលកំពុងប្រើប្រាស់កម្មវិធី Amazon Prime ដែលជាកម្មវិធីពិសេសមួយតម្រូវឲ្យទិញបណ្ណសមាជិកដើម្បីប្រើប្រាស់សេវាកម្ម ហើយវាខុសពីសេវាកម្ម Amazon ធម្មតាដែលប្រើដោយមិនចាំបាច់ចុះឈ្មោះជាសមាជិក។ 

ផ្ទាំងឃោសនាពាណិជ្ជកម្ម

មេរបស់ក្រុមហ៊ុនលក់ទំនិញអនឡាញខ្នាតយក្សមួយនេះក៏បានប្រាប់ផងដែរថា ក្នុងនាមជាសហគ្រិនចាំបាច់ត្រូវត្រៀមបរាជ័យ ហើយបន្ទាប់មកត្រូវផ្លាស់ទីបន្តឆ្ពោះទៅមុខឱ្យបានមុនគេ។ “អ្នកត្រូវតែព្រមទទួលស្គាល់ថាអាជីវកម្មរបស់អ្នកនឹងជួបប្រទះនូវការពិសោធន៍ជាច្រើន ហើយវាអាចនឹងបរាជ័យ។ ប៉ុន្តែគ្រប់យ៉ាងនឹងប្រសើរឡើង ព្រោះវាជារបៀបប្រឈមនឹងហានិភ័យ” នេះបើតាមសម្តីរបស់ Jeff Bezos។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុនយក្ស Amazon រូបនេះក៏បាននិយាយជាការប្រៀបធៀបថា ជួនកាលនៅក្នុងការរកស៊ីក៏មិនខុសពីការលេងកីឡា Baseball ដែរ។ អ្នកនឹងត្រូវដួលជាច្រើនហើយងើបឡើងវិញជាច្រើនលើកដើម្បីទៅដល់ទី។ “អ្នកនឹងត្រូវយោលទៅ យោលមក និងបរាជ័យជាបន្តបន្ទាប់។ ប៉ុន្តែវាជារឿងសាមញ្ញ ហើយអ្នកត្រូវតែមានវប្បធម៌មួយដើម្បីគាំទ្រអ្នក” នេះបើតាមសម្តីរបស់ Jeff Bezos និយាយប្រាប់សារពត៌មាន Bloomberg។ 

ជាចុងក្រោយ Jeff Bezos បានផ្តល់យោបល់ថា “វាមិនមែនជាគំនិតល្អទេចំពោះការប្រឡូកក្នុងអាជីវកម្ម លុះត្រាតែអ្នកពិតជាជឿជាក់លើគម្រោងនោះ។ តែយ៉ាងណា វានឹងនៅតែពិបាកក្នុងការប្រឈមមុខដាក់គ្នាជាមួយគូប្រជែងរបស់អ្នក។ អ្នកត្រូវតែមានភាពង​ប់ងល់ខ្លះចំពោះគម្រោងការនោះដែលអ្នកបម្រុងនឹងធ្វើឱ្យវារីកចម្រើន”៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕