សប្តាហ៍ក្រោយ វៀតណាមនឹងបញ្ចេញរថយន្តតម្លៃជិត $១៧០០០ ចេញពីរោងចក្ររបស់ខ្លួន ប្រជែងជាមួយក្រុមហ៊ុន Ford និង Toyota

4729

វៀតណាម(Bloomberg)៖ ប្រទេសវៀតណាមកំពុងប្រឡូកចូលក្នុងទីផ្សាររថយន្តជាមួយយីហោផលិតដោយក្រុមហ៊ុនក្នុងស្រុករបស់ខ្លួន។

ក្រុមហ៊ុន VinFast នៃសម្ព័ន្ធក្រុមហ៊ុនអចលនទ្រព្យ Vinggroup JSC របស់វៀតណាម បានបញ្ចេញរថយន្តដំបូងចេញពីរោងចក្រតម្លើងរបស់ខ្លួននៅថ្ងៃសុក្រនេះ ដែលធ្វើឲ្យប្រជាជាតិមួយនេះមានមោទនៈភាពចំពោះសមិទ្ធផលមួយនេះ និងស្របតាមមហិច្ចអភិវឌ្ឍប្រទេសរបស់រដ្ឋាភិបាលផងដែរ។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីវៀតណាមបានមានប្រសាសន៍នៅក្នុងសុន្ទរកថាក្នុងពិធីមួយនៅរោងចក្រស្វ័យប្រវត្តរបស់ក្រុមហ៊ុន VinFast ដែលបានសាងសង់ក្នុងរយៈពេល ២១ ខែនៅទីក្រុងកំពង់ផែភាគខាងជើងទីក្រុងហៃហ្វុងថា “វាបញ្ជាក់គោលនយោបាយរបស់បក្សកុម្មុយនីស្តថា វិស័យឯកជនគឺជាកត្តាជំរុញសេដ្ឋកិច្ចដ៏សំខាន់បំផុត។ ខ្ញុំចង់ឱ្យ VinFast ចូលទៅកាន់ទីផ្សារក្នុងតំបន់ និងនៅលើពិភពលោក”។

រូបភាពដោយ Bloomberg

ក្រុមហ៊ុន VinFast ដែលនឹងចាប់ផ្តើមបញ្ជូនរថយន្តដល់អតិថិជននៅថ្ងៃច័ន្ទសប្តាហ៍ក្រោយនេះ ចង់ក្លាយជាក្រុមហ៊ុនវៀតណាមដំបូងគេដែលទទួលបានជោគជ័យក្នុងការប្រកួតប្រជែងជាមួយគូប្រជែងបរទេសដូចជាក្រុមហ៊ុន Toyota Motor Corp ក្រុមហ៊ុន Ford Motor Co. និងក្រុមហ៊ុន Honda Motor Co. នៅក្នុងប្រទេសវៀតណាមដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតក្នុងពិភពលោក។

រថយន្តរបស់ក្រុមហ៊ុន VinFast ដំបូងនេះមានឈ្មោះថា Fadil ត្រូវបានលក់ក្នុងតម្លៃ ៣៩៤,៥ លានដុង (១៦,៩០០ ដុល្លារអាមេរិក) ។ ក្រុមហ៊ុន Vingroup បានឱ្យដឹងកាលពីឆ្នាំ ២០១៧ ថា ខ្លួនមានគម្រោងវិនិយោគប្រាក់រហូតដល់ ៣,៥ ពាន់លានដុល្លារនៅក្នុងអាជីវកម្មរថយន្តរបស់ខ្លួន។ ក្រុមហ៊ុននេះ ក៏នឹងផលិតរថយន្តធុនធ្ងន់ រថយន្តស្ព័រ និងម៉ូតូអគ្គិសនីផងដែរ។

រូបភាពដោយ Bloomberg

លោក Truc Pham អ្នកវិភាគជាន់ខ្ពស់របស់ក្រុមហ៊ុន ACB Securities JSC នៅទីក្រុងហូជីមិញបានមានប្រសាសន៍ថា “គុណភាពផលិតផល គឺជាក្តីបារម្ភមួយក្នុងចំណោមអ្នកប្រើប្រាស់។ ប្រជាជនវៀតណាមពេញចិត្តចំពោះផលិតផលបរទេស ដែលមានគុណតម្លៃខ្ពស់។ វានឹងចំណាយពេលរាប់ឆ្នាំដើម្បីឱ្យអតិថិជនទទួលយកម៉ាកក្នុងស្រុកថ្មីនេះ។”

ក្រុមហ៊ុន VinFast គ្រោងនឹងផលិតរថយន្តចំនួន ២៥ម៉ឺនគ្រឿង ក្នុងដំណាក់កាលដំបូងនៃការប្រតិបត្ដិការផលិត ជាមួយនឹងការព្យាករថាការផលិតនឹងកើនឡើងដល់ ៥០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ នៅត្រឹមឆ្នាំ ២០២៥ ។ កាលពីឆ្នាំមុន ក្រុមហ៊ុននេះបាននិយាយថា ខ្លួនរំពឹងថានឹងចាប់ផ្តើមនាំចេញរថយន្តរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិនៅពាក់កណ្តាលឆ្នាំ ២០២០ ។

ក្រុមហ៊ុននេះបានបាននិយាយដែរថា ខ្លួនបានទទួលការបញ្ជាទិញជាមុនចំនួន ១ម៉ឺន គ្រឿងកាលពីមួយឆ្នាំមុន។ យោងតាមសមាគមក្រុមហ៊ុនផលិតរថយន្តវៀតណាមបានឱ្យដឹងថា ប្រជាជនវៀតណាមបានទិញយានយន្តថ្មីចំនួន ១១៩ ៤៩៧ គ្រឿងក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះ ពោលគឺកើនឡើង ១៨% ធៀបនឹងឆ្នាំមុន។

គូសបញ្ជាក់ថារថយន្តម៉ូឌែលដំបូងរបស់ VinFast នេះ មិនត្រូវបានផលិតឡើងទាំងស្រុងនៅក្នុងប្រទេសវៀតណាមទេ។ រថយន្តម៉ូឌែល Fadil នេះ ប្រើតួរថយន្តម៉ូឌែល Karl Rocks របស់ក្រុមហ៊ុនផលិតរថយន្ត Opel នៃសម្ព័ន្ធក្រុមហ៊ុន PSA Group ។ រថយន្តស៊េរី SUV និងស៉ីដាននេះ ក៏ត្រូវបានផលិតស៊ុមដោយក្រុមហ៊ុន BMW AG ដែលរចនាឡើងដោយក្រុមហ៊ុនឌីស្សាញរថយន្ត Pininfarina របស់អ៉ីតាលី និងប្រើសមាសភាគដែលត្រូវបានរចនាឡើងដោយក្រុមហ៊ុន Magna Steyr ។ លោក Jim Deluca អតីតអនុប្រធានផ្នែកផលិតកម្មសកលរបស់ក្រុមហ៊ុនផលិតរថយន្ត General Motors របស់សហរដ្ឋអាមេរិច ត្រូវបានជួលឲ្យធ្វើជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន VinFast ។

ក្រុមហ៊ុន Vingroup បានជួយសម្រេចបំណងប្រាថ្នារបស់រដ្ឋាភិបាលវៀតណាម ក្នុងការធ្វើឲ្យក្រុមហ៊ុនផលិតក្នុងស្រុក ផលិតផលិតផលដែលមានគុណភាពខ្ពស់សម្រាប់ប្រជាជនថ្នាក់កណ្តាល ដែលកំពុងរីកចម្រើននៅក្នុងប្រទេសមានសេដ្ឋកិច្ចបានរីកចម្រើនក្នុងកម្រិតជាមធ្យម ៦,៦ ភាគរយចាប់ពីឆ្នាំ ២០០០ នេះ ដោយបានបង្កើនប្រាក់ចំណូលប្រចាំឆ្នាំដល់ជិត ២៦០០ ដុល្លារនាពេលបច្ចុប្បន្ន ធៀបនឹងឆ្នាំ ២០០០ ដែលប្រជាជនវៀតណាមរកចំណូលជាមធ្យមបានប្រហែល ៤០០ ដុល្លារប៉ុណ្នោះក្នុងម្នាក់៕

រថយន្តម៉ូឌែល Lux Sa 2.0 របស់ VinFast ដែលនឹងគ្រោងចូលទីផ្សារឆាប់ៗ
រថយន្តម៉ូឌែល Lux A2.0 របស់ VinFast ដែលនឹងគ្រោងចូលទីផ្សារឆាប់ៗ
រថយន្តម៉ូឌែល Lux Sa 2.0 របស់ VinFast ដែលនឹងគ្រោងចូលទីផ្សារឆាប់ៗ
ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។