ឯកសារចំនួនបីត្រូវបានចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា ទៅកាន់សាធារណរដ្ឋហុងគ្រី

3505

ភ្នំពេញ(AKP)៖ តាមប្រភពពីទូរទស្សន៍ជាតិកម្ពុជា(TVK) បានឱ្យដឹងថា បន្ទាប់ពីជំនួបទ្វេភាគីរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម វីទ័រ អូបេន (Viktor Orban) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋហុងគ្រី កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ ២០១៩ នៅវិមានរដ្ឋាភិបាល កាម៉េ លី តា ក្នុងទីក្រុងប៊ុយដាប៉េស រួចមកប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានអញ្ជើញក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួនបី សំដៅពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំង ពីរកម្ពុជា-ហុងគ្រីឱ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត។

ឯកសារសំខាន់ៗទាំងនោះ រួមមាន៖

  • ទី១-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហុងគ្រី ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។
  • ទី២-កម្មវិធីផ្លាស់ប្តូរវិស័យអប់រំរវាងក្រសួងអប់រំយុវជននិងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងធនធានមនុស្សហុងគ្រី សម្រាប់ ឆ្នាំ២០២០-២០២១ និងឆ្នាំ២០២២ ។
  • ៣-អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ធនធានមនុស្ស ទេសចរណ៍ រវាងវិទ្យាស្ថានជាតិទេសចរណ៍កម្ពុជា ជាមួយសាកលវិទ្យាល័យ Milton Friedman University នៃប្រទេសហុងគ្រី ក៏បានចុះហត្ថលេខាផងដែរ។
ផ្ទាំងឃោសនាពាណិជ្ជកម្ម

គួរបញ្ជាក់ដែរថា នេះគឺជាលើកទី១ ដែលជាដំណើរបំពេញទស្សនកិច្ចថ្នាក់ខ្ពស់បំផុតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអញ្ជើញបំពេញទស្សន កិច្ចផ្លូវការទៅកាន់ប្រទេសហុងគ្រី បន្ទាប់ពីប្រទេសទាំងពីរបាន ភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាកាលពីឆ្នាំ១៩៥៦។ ព្រះរាណាចក្រកម្ពុជា និងប្រទេសហុងគ្រី បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នានៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៥៦ ។ ទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ត្រូវបានកាត់ផ្តាច់ក្នុងរបបខ្មែរក្រហម នាឆ្នាំ១៩៧៥។ នៅ ឆ្នាំ ១៩៧៩ សាធារណរដ្ឋប្រជាមានិតកម្ពុជា និងប្រទេសហុងគ្រី បានភ្ជាប់ទំនាក់ទំនងការទូតជាថ្មីឡើងវិញ ក្នុងរយៈពេលនោះគឺពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ១៩៩៣ ប្រទេសហុង គ្រី បានផ្តល់ការឧបត្ថម្ភ គាំទ្រដល់អតីតរដ្ឋកម្ពុជា និងបានរួមចំណែកដល់ប្រតិបត្តិការរបស់អ៊ុនតាក់  ក្នុងប្រតិបត្តិការស្វែងរកសន្តិភាពនៅកម្ពុជា។ 

នៅក្នុងទំនាក់ទំនងទ្វេភាគីនោះដែរ ហុងគ្រីបានផ្តល់ថវិកាចំនួន ១០០លានហ្វ័ររីនហុងគ្រី ដល់រដ្ឋាភិបាលនៃអតីតរដ្ឋកម្ពុជា ក្នុងការសាងសង់មជ្ឈមណ្ឌលកុមារកំព្រាកម្ពុជា បារាំង ហុងគ្រី កំពង់កន្តួត ស្ថិតក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល និងនៅឆ្នាំ១៩៩៧កាកបាទក្រហមហុងគ្រី បានផ្តល់ជំនួយថ្នាំពេទ្យគិតជាទឹកប្រាក់ជាង ១ម៉ឺនដុល្លារអាម៉េរិក ដល់ជនរងគ្រោះដោយទឹកជំនន់នៅកម្ពុជា។ លើការរួមចំណែកដល់ ការ បណ្តុះ បណ្តាលធនធានមនុស្សនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៨០ រហូតដល់ឆ្នាំ១៩៩១ ហុងគ្រី បាន រួមចំណែកបណ្តុះបណ្តាលនិស្សិតកម្ពុជាសរុបចំនួន ១៩៥នាក់។ ចាប់ពីឆ្នាំ២០១៤ ដល់ ឆ្នាំ ២០១៨ និស្សិតកម្ពុជាចំនួន៥០នាក់ បានទទួលអាហារូបករណ៍ក្រោមកម្មវិធី Sripendium Hungarian Program ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ លើ មុខវិជ្ជាកសិកម្ម មនុស្សសាស្ត្រ វិស្វកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ ធម្មជាតិ។ល។ ដោយឡែកក្នុង ឆ្នាំ២០១៩នេះ មាន និស្សិតកម្ពុជាចំនួន២៩នាក់ កំពុងបន្តការសិក្សានៅប្រទេសហុងគ្រី៕

ដោយជឹម ណារី

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។