ក្រុមហ៊ុនអាមេរិកជាង ៦០០ សុំអោយប្រធានាធិបតីរបស់ខ្លួនដោះស្រាយសង្គ្រាមពាណិជ្ជកម្មជាមួយចិន

4205

កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ តាមរយៈសំបុត្រពីក្រុមហ៊ុនរបស់អាមេរិកជាង ៦០០ ក្រុមហ៊ុន ដែលក្នុងនោះរួមមានទាំងក្រុមហ៊ុន Walmart និង Target បានស្នើសុំទៅកាន់លោកប្រធានាធិបតី ដូណាល់ ត្រាំ អោយដោះស្រាយសង្គ្រាមពាណិជ្ជកម្មជាមួយចិនអោយបានឆាប់រហ័ស ព្រោះក្រុមហ៊ុនទាំងនេះយល់ថាពន្ធលើទំនិញនាំចូលពីប្រទេសចិន នឹងប៉ះពាល់ដល់អាជីវកម្មក៏ដូចជាអ្នកទិញក្នុងសហរដ្ឋអាមេរិក។ សំបុត្រនោះមានការគាំទ្រពីក្រុមពាណិជ្ជករជាច្រើន ដូចជាក្រុមតំណាងអោយវិស័យកសិកម្ម ឧស្សាហកម្ម លក់រាយ និង បច្ចេកវិទ្យា។

ជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និង ចិន មានសភាពកាន់តែតឹងតែង មុនពេលជំនួបរវាងមេដឹកនាំនៃប្រទេសទាំងពីរនេះនៅក្នុងកិច្ចប្រជុំកំពូល G20 ដែលនឹងធ្វើឡើងក្នុងទីក្រុងអូសាកា ប្រទេសជប៉ុននាថ្ងៃទី ២៨ និង ២៩ ខែមិថុនាខាងមុខនេះ។ ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រាប់ថាគាត់ចង់ជួបនឹងប្រធានាធិបតី ស៊ី ជីនពីង ហើយគាត់នឹងសម្រេចចិត្តថាគួរតែបន្ដយកពន្ធលើទំនិញរបស់ចិនដែលនៅសេសសល់ដែរ ឬយ៉ាងណា។ ប្រភពជាច្រើនបានប្រាប់ទៅកាន់សារព័ត៌មាន Reuters ថាប្រទេសទាំងពីរនេះមិនទាន់បានរៀបចំខ្លួនរួចរាល់សម្រាប់ការប្រជុំនេះទេ ដោយសារតែកិច្ចប្រជុំនេះមានពេលមិនដល់បីសប្ដាហ៍ផង ហើយគេរំពឹងទុកថាការដែលប្រទេសទាំងពីរនេះអាចបញ្ចប់សង្គ្រាមពាណិជ្ជកម្មបាន គឺមានសង្ឃឹមតិចណាស់។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

ក្រុមហ៊ុន Walmart ដែលជាអ្នកលក់ទំនិញរាយដ៏ធំជាងគេមួយក្នុងពិភពលោក បានប្រាប់ថាការដាក់ពន្ធលើទំនិញនាំចូលនឹងធ្វើអោយតម្លៃកាន់តែកើនឡើងសម្រាប់អតិថិជនក្នុងសហរដ្ឋអាមេរិក។ នៅក្នុងសំបុត្រផ្ញើទៅកាន់ប្រធានាធិបតី បានសរសេរថាពន្ធលើការនាំចូល ២៥% បន្ថែមទៅលើទំនិញដែលមានតម្លៃ ៣០០ ពាន់លានដុល្លារ នឹងធ្វើអោយបាត់បង់ការងារចំនួន ២ លានកន្លែងនៅទូទាំងសហរដ្ឋអាមេរិក៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។