App បង្រៀនតាមអនឡាញ Byju’s របស់ឥណ្ឌា ទទួលបានទុនថ្មីជាង $២០០លាន ពីមូលនិធិវិនិយោគនៃរដ្ឋាភិបាលកាតា

4207

ឥណ្ឌា(Business Standard)៖ មូលនិធិវិនិយោគ Qatar Investment Authority(QIA) នៃរដ្ឋាភិបាលកាតា វិនិយោគប្រាក់ ២០០ ទៅ ២៥០ លានដុល្លារអាមេរិច ដើម្បីទិញយកភាគហ៊ុនចំនួន ៥% នៅក្នុងក្រុមហ៊ុនផ្តល់សេវាកម្មបង្រៀនតាមអនឡាញ Byju’s របស់ឥណ្ឌា។ កិច្ចព្រមព្រៀងវិនិយោគនេះត្រូវបានចុះហត្ថលេខារវាងភាគីទាំងពីររួចរាល់ហើយ។

ចាប់តាំងពីបង្កើតឡើងដំបូងនៅឆ្នាំ ២០០៨ មក Byju’s ទទួលបានទុនវិនិយោគសរុបចំនួន ៨១៩,៨ លានដុល្លារមកហើយមកទល់បច្ចុប្បន្ននេះ។ ទុនថ្មីនេះ នឹងជួយឲ្យ Byju’s ពង្រីកខ្លួនទៅកាន់ទីផ្សារក្រៅប្រទេសដូចជា អាមេរិច អង់គ្លេស ញូវហ្សីលែន និងអូស្ត្រាលី នៅដើមត្រីមាសទី៤ ឆ្នាំនេះ។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

កាលពីខែមករាដើមឆ្នាំនេះ Byju’s បានទិញយកប្រព័ន្ធសិក្សាតាមអនឡាញ Osmo របស់អាមេរិច ក្នុងតម្លៃ ១២០ លានដុល្លារ។ យោងតាមរបាយការណ៍របស់ TechCrunch កាលពីខែធ្នូឆ្នាំមុន Byju’s រកប្រាក់ចំណូលពីក្រៅប្រទេសឥណ្ឌាបានចំនួន ១៥% នៃប្រាក់ចំណូលសរុប។

រូបភាពពាក់ព័ន្ធ

គ្រាន់តែខែធ្នូឆ្នាំមុន Byju’s ទទួលបានទុនវិនិយោគដល់ទៅ ៥៤០ លានដុល្លារអាមេរិចឯណោះ ពីក្រុមហ៊ុន និងវិនិយោគិនធំជាច្រើន។ គិតត្រឹមខែមីនា ឆ្នាំ២០១៩ app របស់ Byju’s មានអ្នកប្រើប្រាស់ជាង ៣២ លាននាក់ ហើយក្នុងនោះមាន ៣០ លាននាក់ចុះឈ្មោះប្រើដោយឥតបង់ថ្លៃ និង ជាង ២ លាននាក់ចុះឈ្មោះសិក្សាបង់ថ្លៃ។

Byju’s ប្រតិបត្តិការក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Think and Learn Pvt ដែលបានបើកថ្នាក់សិក្សានៅទីក្រុង Bengaluru ។ ByJu’s បង្កើត app របស់ខ្លួននៅឆ្នាំ ២០១៥ ។ បច្ចុប្បន្ន Byju’s បែងចែកកម្មវិធីសិក្សារបស់ខ្លួនជាពីរ ដែលទីមួយផ្តល់កម្មវិធីសិក្សាថ្នាក់ទី ៤ ដល់ទី ៥ និងផ្នែកទីពីរ ចាប់ពីថ្នាក់ទី ៦ ដល់ថ្នាក់ទី ១២ ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។