ក្រុមហ៊ុនរុករក និងផលិតប្រេង PTT របស់ថៃ ទិញយកក្រុមហ៊ុនប្រេងរបស់ព័រទុយហ្គាល់ក្នុងតម្លៃ $៦២២លាន

3705

ថៃ(រ៉យទ័រ)៖ ក្រុមហ៊ុនរុករក និងផលិតប្រេង និងឧស្ម័នរបស់ប្រទេសថៃ PTT Exploration and Production Pcl (PTTEP Plc) បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននឹងទិញយកក្រុមហ៊ុនផលិតប្រេងរបស់ព័រទុយហ្គាល់ Partex Holding B.V. ពីមូលនិធិ Calouste Gulbenkian Foundation មានមូលដ្ឋាននៅទីក្រុង Libson ក្នុងតម្លៃ ៦២២ លានដុល្លារ។

លោក Phongsthorn Thavisin ប្រធានប្រតិបត្តិក្រុមហ៊ុន PTTEP បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ការទិញយកនេះនឹងបង្កើនប្រភពចំណូលរបស់ក្រុមហ៊ុនផលិតកម្ម តាមរយៈសង្វាក់ផលិត និងស្តុកទុកប្រេង។ លោកបានបន្ថែមថា ការវិនិយោគនេះស្របតាមយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ដែលផ្តោតលើតំបន់ប្រភពប្រេងដូចជាតំបន់មជ្ឈឹមបូព៌ា និងជាការអភិវឌ្ឍទំនាក់ទំនងជាមួយរដ្ឋាភិបាលក្នុងតំបន់ទាំងនោះសម្រាប់ការវិនិយោគនៅថ្ងៃអនាគត។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

លោក Isabel Mota ប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិ Calouste Gulbenkian  បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា: «ប្រតិបត្តិការលក់នេះ គឺជាការកំណត់រចនាសម្ព័ន្ធមូលដ្ឋានទ្រព្យសម្បត្តិរបស់មូលនិធិ ដែលមានគោលបំណងសំខាន់សម្រាប់ការសម្រេចបាននូវផលចំណេញដ៏យូរអង្វែង»។

មូលនិធិ Calouste Gulbenkian គឺជាអង្គភាពសប្បុរសឯកជនមួយ ដែលផ្តល់ហិរញ្ញប្បទានដល់វិស័យសិល្បៈ វិស័យអប់រំ និងវិទ្យាសាស្ត្រ។

គួររំលឹកដែរថា កាលពីខែមីនាកន្លងទៅ ក្រុមហ៊ុន PTTEP ដែលជាផ្នែកមួយនៃសម្ព័ន្ធក្រុមហ៊ុន PTT Pcl បានទិញយកទ្រព្យសកម្មរបស់ក្រុមហ៊ុន Murphy Oil Corp ក្នុងប្រទេសម៉ាឡេស៊ី ក្នុងតម្លៃ ២,១៣ ពាន់លានដុល្លារ។

ក្រុមហ៊ុន PTTEP បានឱ្យដឹងថា ក្រុមហ៊ុន Partex នឹងបង្កើនការលក់ប្រេងឆៅបានចំនួន ១៦០០០ បារ៉ែលក្នុងមួយថ្ងៃ ពីគម្រោងស្តុកប្រេង និងឧស្ម័ននៅប្រទេសអូម៉ង់ អេមីរេតអារ៉ាប់រួម និងកាហ្សាក់ស្ថាន។

លោក Phongsthorn បានបន្ថែមថា ការទិញយកនេះ “អាចឱ្យយើងបង្កើតភាពជាដៃគូអាជីវកម្មថ្មី ជាមួយក្រុមហ៊ុនប្រេងរបស់អូម៉ង់ និងអារ៉ាប់រួម” ។

កិច្ចព្រមព្រៀងនេះត្រូវបានគេរំពឹងថានឹងរួចរាល់ជាស្ថាពរនៅក្នុងត្រីមាសទីបួននៃឆ្នាំ ២០១៩ នេះ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។