មហាសេដ្ឋីហុងកុង លោក លី កាស៉ីង នឹងចេញថ្លៃសិក្សាឲ្យនិស្សិតថ្នាក់បរិញ្ញាបត្រទាំងអស់នៅសាកលវិទ្យាល័យ Shantou ដែលចុះឈ្មោះចូលរៀនក្នុងឆ្នាំនេះ

3593

ចិន(SCMP)៖ សាកលវិទ្យាល័យ Shantou University នៅខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន បានក្លាយជាសាកលវិទ្យាល័យដំបូងគេនៅចិនដែលមិនគិតថ្លៃសិក្សាពីសិស្ស ដោយសារតែលោក លី កាស៉ីង មហាសេដ្ឋីហុងកុង បានបរិច្ចាកប្រាក់តាមរយៈមូលនិធិផ្ទាល់ខ្លួនរបស់គាត់ ដើម្បីចេញថ្លៃសិក្សាជំនួសនិស្សិតនៅសាលានេះ សម្រាប់សិស្សសិក្សាថ្នាក់បរិញ្ញាបត្រដែលចុះឈ្មោះចូលរៀនក្នុងឆ្នាំនេះ។

កម្មវិធីបរិច្ចាកប្រាក់ជួយចេញថ្លៃសិក្សានេះ ត្រូវបានធ្វើឡើងកាលពីឆ្នាំមុន ដោយលោក លី កាស៉ីង សម្រាប់សិស្សចំនួន ៣៤ នាក់ ដែលចុះឈ្មោះចូលរៀនថ្មីក្នុងជំនាញវិស្វករខាងវេជ្ជសាស្ត្រ។ ក្រោយមកកម្មវិធីនេះបានទទួលផ្លែផ្កាល្អ ទើបមូលនិធិ Li Ka Shing Foundation សម្រេចពង្រីកកម្មវិធីនេះឲ្យកាន់តែធំសម្រាប់ចេញថ្លៃសាលាជំនួសនិស្សិតថ្នាក់បរិញ្ញាបត្រទាំងអស់ដែលចុះឈ្មោះចូលរៀនក្នុងឆ្នាំ ២០១៩ នេះ។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

មូនិធិសប្បុរសរបស់លោក លី នឹងត្រូវចំណាយច្រើនជាង ១០០ លានយ័ន (១៤ លានដុល្លារអាមេរិច) ក្នុងមួយឆ្នាំ ដើម្បីទ្រទ្រង់ថ្លៃចំណាយទាំងអស់របស់និស្សិតនៅសាលាខាងលើ។ សាកលវិទ្យាល័យ Shantou រំពឹងថានឹងទទួលនិស្សិតថ្មីចុះឈ្មោះចូលរៀនថ្នាក់បរិញ្ញាបត្រចំនួន ៣១០០ នាក់ក្នុងឆ្នាំនេះ។

លោក លី និងកូនប្រុសច្បងរបស់គាត់

លោក លី កាស៉ីង កើតនៅតំបន់ Chaozhou ដែលមានចម្ថាយប្រហែល ៤០ គីឡូម៉ែត្រពីសាកលវិទ្យាល័យ Shantou ហើយក្រោយមកក្នុងឆ្នាំ ១៩២៨ គាត់បានចាកចេញពីស្រុកកំណើតទៅរស់នៅទីក្រុងហុងកុង។ គាត់បានបរិច្ចាកប្រាក់សរុបប្រមាណ ១០ ពាន់លានយ័នមកហើយលើការជួយគាំទ្រយុវវ័យចិនឲ្យទទួលបានការអប់រំថ្នាក់មហាវិទ្យាល័យ។ 

បច្ចុប្បន្ន គាត់មានអាយុ ៩១ ឆ្នាំ ទើបតែចូលនិវត្តន៍ពីការធ្វើជំនួញកាលពីឆ្នាំមុន ហើយបានផ្ទេរតំណែងគ្រប់គ្រងក្រុមហ៊ុន CK Hutchison Holdings និង CK Asset Holdings ទៅឲ្យកូនប្រុសច្បងរបស់គាត់ គឺលោក Victor Li Tzar – Kuoi ។ លោក លី មានទ្រព្យសម្បត្តិចំនួន ៣០ ពាន់លានដុល្លារអាមេរិច គ្រោងដំណែងមហាសេដ្ឋីពិភពលោកទី ២៨ នៅលើទស្សនាវដ្តី Forbes ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។