កម្ពុជា-ចិន ចុះហត្ថលេខាជំរុញការនាំចេញអង្ករឱ្យបានយ៉ាងតិច ១លានតោន ក្នុងមួយឆ្នាំ

3288

ភ្នំពេញ(AKP)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម និងលោក Chen Xiaojia ប្រធានក្រុមហ៊ុន CITIC Construction Co., Ltd បានចុះហត្ថលេខាលើកិច្ចសន្យាពាណិជ្ជកម្ម ស្តីពីគម្រោងជំរុញ​ផលិតកម្មស្រូវ និងការនាំចេញអង្ករ ក្នុងក្របខ័ណ្ឌឥណទានសម្បទានពីសាធារណរដ្ឋប្រជា មានិតចិន។ ពិធីចុះហត្ថលេខានេះ ធ្វើឡើង កាលពីព្រឹកថ្ងៃទី២០ ខែ មិថុនា ឆ្នាំ ២០១៩។

 

ផ្ទាំងឃោសនាពាណិជ្ជកម្ម

គម្រោងជំរុញផលិតកម្ម ស្រូវ និងការនាំចេញអង្ករនេះ ត្រូវបានរៀបចំឡើងក្នុងគោល ដៅដើម្បីជួយដល់កសិករ ធុរជន និងក្រុមហ៊ុននាំចេញអង្ករ ព្រមទាំងរួមចំណែកគាំទ្រ ដល់ យុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលលើការជំរុញការនាំចេញអង្ករឱ្យបានយ៉ាងតិច១លានតោន ក្នុងមួយឆ្នាំតាមរយៈការសាងសង់ឃ្លាំងស្តុក និងឡសម្ងួតនៅតាមទីតាំងយុទ្ធសាស្ត្រ និងការ ដាក់ឱ្យអនុវត្តន៍យន្តការយកស្រូវ-អង្ករស្តុកក្នុងឃ្លាំងជាវត្ថុបញ្ចាំសម្រាប់ខ្ចីប្រាក់ពីធនាគារឯក ជន។ គម្រោងនេះ គឺដើម្បីទប់ស្កាត់កុំឱ្យឈ្មួញទុច្ចរិត អាចឆ្លៀតឱកាសបង្ខូចថ្លៃស្រូវ ក៏ដូចជា ដើម្បីជួយឱ្យកសិករទុកស្រូវបានយូរ អាចលក់ស្រូវបានតាមថ្លៃសមរម្យ និងមានលទ្ធភាព​ទទួលបានឥណទានពេលត្រូវការចាំបាច់តាមរយៈការយកស្រូវស្តុកក្នុងឃ្លាំងជាវត្ថុបញ្ចាំ។

ទន្ទឹមនេះ គម្រោងក៏មិនមានសេវាកិនស្រូវទេ​ដើម្បីការពារកុំឱ្យមានការប្រកួតប្រជែងជាមួយ​រោង​ម៉ាស៊ីនកិនស្រូវក្នុងស្រុក។ បន្ទាប់ពីគម្រោងនេះដាក់ឱ្យប្រតិបត្តិការកសិករ និងរោង ម៉ាស៊ីនកិនស្រូវនឹងមានឡសម្ងួតឃ្លាំងស្តុក និងទុនបង្វិលបន្ថែមព្រមទាំងជួយបន្ថយចំណាយ (ថ្លៃដើម)ចាប់ពីដំណាក់កាលប្រមូលផល ដល់ដំណាក់កាលលក់អង្ករ។ ក្នុងរយៈកិច្ចសន្យា ពាណិជ្ជកម្មនេះ ក្រុមហ៊ុន CITIC Construction Co., Ltd និងក្រុហ៊ុនហ្គ្រីនត្រេដ នឹង ធ្វើការសាងសង់ឃ្លាំងស្តុកស្រូវ-អង្ករចំនួន១២កន្លែង(សមត្ថភាពស្តុកសរុប ៨២៧.០០០ តោន) និងឡសម្ងួតចំនួន១០កន្លែង(សមត្ថភាពសម្ងួតស្រូវបាន១៣.០០០តោនក្នុងមួយថ្ងៃ) នៅក្នុង​ខេត្តពោធិ៍សាត់ បាត់ដំបង តាកែវ បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ព្រៃវែង កណ្តាល កំពង់ស្ពឺ និងខេត្តព្រះសីហនុ។ ជាមួយនឹងការអនុវត្តគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ, រាជរដ្ឋាភិបាលសង្ឃឹមថា កម្ពុជានឹងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការ​បង្កើនការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ និងលើកកម្ពស់កេរ្តិ៍ឈ្មោះអង្ករកម្ពុជា។

តាមរយៈពិធីចុះហត្ថលេខានាពេលនេះគឺគូសបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ ខ្ពស់លើវិស័យកសិកម្មក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីក្នុង​ពិធីចុះ​ហត្ថលេខាលើកិច្ចសន្យាពាណិជ្ជកម្មស្តីពីគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករនេះ៕

ដោយ គង់ សិរីរ័ត្ន

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។