រឿងរ៉ាវនៅពីក្រោយ រោងចក្រតម្លើងរថយន្តអគ្គិសនីដំបូងគេអាស៊ាន ដែលបង្កើតឡើងដោយមហាសេដ្ឋីថៃ

3081

ថៃ(Bloomberg)៖ ដោយសារតែពិភពលោកកំពុងព្រួយបារម្ភអំពីផ្សែងពុលនៅក្នុងទីក្រុងធំៗ បានបានបង្កើតឱកាសថ្មីមួយដល់អ្នកវិនិយោគ និងក្រុមហ៊ុនជាច្រើន ក្នុងការបង្កើតដំណោះស្រាយល្អប្រសើរ ដូចជាក្នុងឧស្សាហកម្មផលិតរថយន្តអគ្គិសនី អាគុយផ្ទុកថាមពលអគ្គិសនី និងស្ថានីបញ្ជូលថាមពលអគ្គីសនី។

មហាសេដ្ឋីប្រទេសថៃ លោក Somphote Ahunai ម្ចាស់ក្រុមហ៊ុនថាមពល Energy Absolute Pcl គ្រោងនឹងសាងសង់រោងចក្រតម្លើងរថយន្តអគ្គិសនីសម្រាប់ផ្គត់ផ្អង់ទីផ្សារប្រទេសថៃ និងមានមហិច្ចតាក្តោបក្តាប់ទីផ្សាររថយន្តអគ្គិសនីក្នុងតំបន់អាស៊ានទាំងមូល។ បច្ចុប្បន្ន ប្រទេសថៃមានយានយន្តដែលប្រើថាមពលអគ្គិសនីប្រហែល ១៥០០ គ្រឿង។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

ក្នុងតំបន់អាស៉ីអាគ្នេយ៍កំពុងមានទីផ្សារតូចសម្រាប់រថយន្តអគ្គិសនី ដោយសារតែវាមានតម្លៃថ្លៃ បូករួមទាំងពន្ធនាំចូលដ៏ច្រើននៃប្រទេសនីមួយៗផង។ ប៉ុន្តែរដ្ឋាភិបាលថៃ យល់ឃើញថាការគាំទ្ររថយន្តអគ្គិសនីគឺជាជម្រើសល្អមួយក្នុងការជួយកាត់បន្ថយផ្សែងពុលនៅទីក្រុងបាងកក។ ក្រុមហ៊ុន Energy Absolute នឹងតម្លើងរថយន្តអគ្គិសនីចំនួន ៥០០០ គ្រឿង សម្រាប់ទីក្រុងបាងកកនៅឆ្នាំក្រោយ និងតម្លើងស្ថានីបញ្ជូលថាមពលឲ្យបាន ៧០០ ទីតាំងជាជំហានដំបូង ហើយក្រុមហ៊ុននេះក៏កំពុងសាងសង់រោងចក្រតម្លៃ ៣ ពាន់លានដុល្លារ សម្រាប់ផលិតអាគុយផ្ទុកថាមពលបំពាក់លើរថយន្តផងដែរ។

ក្រុមហ៊ុន Energy Absolute គឺជាក្រុមហ៊ុនផ្គង់ផ្គង់ថាមពលដែលមានដើមទុនច្រើនជាងគេលំដាប់ទីពីរនៅក្នុងប្រទេសថៃ។ ក្រុមហ៊ុននេះបានដាក់បង្ហាញរថយន្តអគ្គិសនីយីហោ Mine Mobility របស់ខ្លួននៅក្នុងពិពណ៌រថយន្ត Bangkok Motor Show ឆ្នាំនេះ និងទទួលបានការបញ្ជាទិញជាមុនរហូតដល់ ៤៥០០ គ្រឿង។ រថយន្តអគ្គិសនីរបស់ក្រុមហ៊ុនថៃនេះ មានតម្លៃ ១,២ លានបាត (៣៨០០០ដុល្លារ) ពោលគឺថោកជាងរថយន្តអគ្គិសនី Nissan Leaf និង Kia Soul EV។

កាលពីឆ្នាំមុន ក្រុមហ៊ុន BYD Co., របស់ចិន ដែលទទួលបានទុនវិនិយោគពីលោក Warren Buffett នោះ បាននិយាយថាខ្លួននឹងនាំរថយន្តអគ្គិសនី ១១០០ គ្រឿងចូលទីក្រុងបាងកក ដែលជាផ្នែកមួយនៃភាពសហការជាដៃគូជាមួយរដ្ឋាភិបាលថៃ។

ក្រុមហ៊ុន Energy Absolute ក៏នឹងព្យាយាមផលិតម៉ូតូ និង scooter អគ្គិសនីតម្លៃថោកផងដែរ ខណៈប្រជាជនថៃទិញម៉ូតូ ២ លានគ្រឿងក្នុងមួយឆ្នាំ។ 

រថយន្តអគ្គិសនី Mine Mobility របស់ក្រុមហ៊ុន Energy Absolute គឺជារថយន្តដំបូងគេបង្អស់ដែលឌីស្សាញ និងតម្លើងនៅក្នុងប្រទេសថៃ។ រថយន្ត ៥ កៅអីនេះ បញ្ជូលថាមពលម្តង អាចបើកបរបានចម្ងាយ ២០០ គីឡូម៉ែត្រ។ នេះបើតាមការឲ្យដឹងពីក្រុមហ៊ុនខាងលើ។

អ្នកបើកបរតាក់ស៉ីនៅក្នុងបាងកកជាទូទៅចំណាយលើថ្លៃហ្គាសប្រមាណពី ៥០០ ទៅ ៦០០ បាតក្នុងមួយថ្ងៃ ប៉ុន្តែបើពួកគេរើសយករថយន្តអគ្គិសនី នោះពួកគេនឹងចំណាយតែ ២០០ ទៅ ៣០០ បាតក្នុងមួយថ្ងៃលើថ្លៃសាកអាគុយ។

អាគុយផ្ទុកថាមពលអគ្គិសនីដែលបំពាក់លើរថយន្ត Mine Mobility នឹងនាំយកពីរោងចក្រផ្ទាល់ខ្លួនរបស់ Energy Absolute ដែលកំពុងសាងសង់ ហើយប្រសិនបើវាអាចផលិតបានបរិមាណតាមគម្រោង នោះប្រទេសថៃនឹងក្លាយជារោងចក្រផលិតអាគុយសម្រាប់បំពាក់លើរថយន្តអគ្គិសនីធំផុតទីបីលើសកលលោក។ 

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីកំពុងឈានមុខគេរបស់ពិភពលោក Tesla រើសយកការផ្តោតលើទីផ្សារប្រទេសចិនជាទីផ្សារតំណាងឲ្យអាស៉ី។ បច្ចុប្បន្ន Tesla មិនទាន់មានប្រតិបត្តិការរបស់ខ្លួននៅប្រទេសថៃនោះទេ ប៉ុន្តែមានរថយន្ត Tesla ពីរបីគ្រឿងកំពុងមានវត្តមានក្នុងប្រទេសជាប់កម្ពុជានេះ។ រថយន្ត Tesla ទាំងនោះត្រូវបាននាំចូលពីទីក្រុងហុងកុង ដោយសារតែ ប្រសិនបើមានការនាំចូលរថយន្ត Tesla មកក្នុងប្រទេសថៃ ពន្ធនឹងធ្វើឲ្យតម្លៃរបស់វាកើនឡើង ២ ដងធៀបនឹងតម្លៃដើម។

ប្រទេសថៃគឺជាប្រទេសដំបូងបង្អស់នៅតំបន់អាស៊ីអាគ្នេយ៍ដែលផ្តល់ការលើកទឹកចិត្តដល់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ដោយកាត់បន្ថយពន្ធលើការលក់រថយន្តរបស់ពួកគេ។ ក្រុមហ៊ុនទាំងនោះអាចទទួលបានការកាត់បន្ថយពន្ធសាជីវកម្មរយៈពេល ៨ ឆ្នាំ និងការលើកលែងពន្ធលើការនាំចូលគ្រឿងម៉ាស៊ីន និងគ្រឿងបន្លាស់ និងការកាត់បន្ថយពន្ធអាករផងដែរ។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Energy Absolute លោក Amorn Sapthaweekul បាននិយាយថា “គោលដៅរបស់យើងគឺដើម្បីណែនាំរថយន្តអគ្គិសនីទៅក្នុងទីផ្សារប្រទេសថៃ”។

ប្បុប្បន្ន Energy Absolute មានស្ថានីបញ្ជូលថាមពលអគ្គិសនីចំនួន ៤០០ ទីតាំង និងតម្លើងបន្ថែម ៣០០ ទីតាំងទៀតនៅក្នុងឆ្នាំនេះ ដើម្បីបង្គ្រប់ឲ្យបាន ៧០០ ទីតាំង។ ក្រុមហ៊ុននេះចង់ឲ្យមានស្ថានីបញ្ជូលថាមពលមួយក្នុងចម្ងាយ ៥ គីឡូម៉ែត្រ។ អ្នកបើកបរ អាចស្វែងរកទីតាំងស្ថានីបញ្ជូលថ្មដែលនៅជិតបំផុត តាមរយៈកម្មវិធីទូរស័ព្ទ EA Anywhere របស់ក្រុមហ៊ុន។ 

ក្រុមហ៊ុនថៃដដែលក៏គ្រោងនឹងពង្រីកទៅកាន់ទីផ្សារប្រទេសក្នុងតំបន់ផងដែរ ដូចជាវៀតណាម ឥណ្ឌូនេស៉ី ម៉ាឡេស៉ី និងហ្វីលីពីន ហើយឡាវ និង ម៉ីយ៉ានម៉ា ស្ថិតក្នុងការពិចារណា។ 

លោក Somphote បាននិយាយថា “ប្រទេសថៃ នឹងក្លាយជាអ្នកនាំមុខគេនៅក្នុងតំបន់ សម្រាប់បច្ចេកវិទ្យារថយន្តអគ្គិសនី។ យើងចាប់ផ្តើមធ្វើមុនគេ ហើយវាគួរថាផ្តល់ឲ្យយើងជាអ្នកនាំមុខក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យានេះ”៕

រថយន្តស្ព័រអគ្គីសនីរបស់ Mine Mobility ដែលនឹងចេញលក់នៅពេលក្រោយ
រថយន្តអគ្គីសនី Mine Mobility ម៉ូឌែលផ្សេងដែលនឹងចេញលក់នៅពេលក្រោយ
ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។