ដំបូន្មានទាក់ទងនឹងការរកស៊ី ពីបុគ្គលជោគជ័យ

2465

បុគ្គលជោគជ័យក្នុងជំនួញចូលចិត្តចែករំលែកនូវបទពិសោធន៍ ក៏ដូចជាដំបូន្មានដល់មនុស្សជំនាន់ក្រោយដើម្បីជោគជ័យដូចពួកគាត់ដែរ។ ខាងក្រោមនេះគឺជាការបង្រួមចូលគ្នានូវដំបូន្មានរបស់បុគ្គលជោគជ័យជាច្រើន ដែលសុទ្ធតែមានអត្ថន័យប្រហាក់ប្រហែលគ្នា។

១.គំនិតអាជីវកម្មមិនសូវមានតម្លៃទេ៖ អ្វីដែលមានតម្លៃគឺការធ្វើអោយគំនិតនោះក្លាយជាការពិត។ ទោះបីជាគំនិតរបស់អ្នកអាចរកលុយបានរាប់លានក៏ដោយក៏វាគ្មានប្រយោជន៍ដែរ ម៉្លេះហើយបើអ្នកគិតថាខ្លួនមានគំនិតរកស៊ីមួយដែលអាចរកផលចំនេញបាន  អ្នកត្រូវតែព្យាយាមធ្វើអោយវាកើតជារូបរាង ដើម្បីទៅបំពេញតម្រូវការក្នុងទីផ្សារនោះទើបគំនិតរបស់អ្នកមានតម្លៃ។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

២.កុំធ្វើអ្វីដែលខ្លួនមិនចូលចិត្តធ្វើ៖ ព្រោះក្នុងការរកស៊ីដើម្បីជោគជ័យបាន លុះត្រាណាតែអ្នកក្លាយទៅជាអ្នកជំនាញក្នុងវិស័យនោះ ហើយដើម្បីក្លាយទៅជាអ្នកជំនាញបានវាទាមទារអោយអ្នកខិតខំសិក្សាបន្ថែម និយាយរួមគឺដាក់ទាំងកាយទាំងចិត្តក្នុងការចង់ចេះចង់ដឹងពីវា មិនថាជួបឧបសគ្គណាខ្លះនោះទេ។ ប្រសិនបើអ្នកគ្រាន់តែធ្វើវាដើម្បីលុយ នៅពេលដែលជួបបញ្ហាអ្នកអាចនឹងបោះបង់ចោល ព្រោះអ្នកមិនបានស្រលាញ់វាឡើយអ្នកគ្រាន់តែចង់បានផលចំនេញពីវាប៉ុណ្ណោះ។

៣.ចាប់ផ្ដើមពីថ្ងៃនេះ៖ ប្រសិនបើអ្នកចង់ចាប់មុខរបរអ្វីមួយអ្នកត្រូវតែចាប់ផ្ដើមម្ដងបន្ដិចៗពីពេលឥឡូវនេះទៅ ដូចជាចាប់ផ្ដើមរៀនសូត្រពីវាទាំងខាងបច្ចេកទេស ខាងទីផ្សារ ប្រភេទអតិថិជន…។ ប្រសិនបើពេលនេះអ្នកមិនទាន់មានដើមទុនដើម្បីធ្វើវាទេ អ្នកត្រូវរៀនពីវាសិន មិនមែនទាល់តែមានលុយទើបចាប់ផ្ដើមរៀនផងបើកអាជីវកម្មនោះទេ។

៤.ជៀសវាងការចំណាយលុយ៖ ពិតណាស់ថាក្នុងអាជីវកម្មនីមួយៗត្រូវការចំណាយដើមទុន ប៉ុន្ដែមិនត្រូវយកការមិនចេះ ឬការខ្ចិលមកធ្វើជាលេសដើម្បីជួលអ្នកដទៃធ្វើអ្វីជំនួសអ្នកឡើយ ព្រោះអ្នកអាចនឹងធ្វើវាបានប្រសិនបើមានការប្រឹងប្រែងតែបន្ដិច។ ដើមទុនរបស់អ្នកគួរតែយកទុកសម្រាប់ប្រើប្រាស់ទៅលើអ្វីដែលចាំបាច់សម្រាប់ការរីកចម្រើនក្នុងអាជីវកម្មនោះ។​

៥.កំណត់គោលដៅតូចៗ៖ ការកំណត់គោលដៅធំៗនឹងធ្វើអោយអ្នកគិតថាគោលដៅនោះមិនអាចសម្រេចបានឡើយ ម្ល៉េះហើយអ្នកត្រូវចេះបំបែកគោលដៅធំមួយនោះមកជាគោលដៅតូចៗជាច្រើនទៀត។ ឧទាហរណ៍ គោលដៅធំរបស់អ្នកគឺបើកអាជីវកម្មមួយដែលជោគជ័យ ប្រសិនបើអ្នកគិតឃើញតែពីការជោគជ័យអាជីវកម្មនោះអ្នកប្រកដជាគ្មានអារម្មណ៍នឹងធ្វើវាទេ ព្រោះវាហាក់ដូចជាធំពេក តែអ្នកអាចសាកល្បងគិតថាក្នុងរយៈពេលប្រាំឆ្នាំទៀតអាជីវកម្មរបស់ខ្លួននឹងជោគជ័យ ហើយដើម្បីជោគជ័យនោះរៀងរាល់កន្លះឆ្នាំ ឬមួយឆ្នាំម្ដងអ្នកត្រូវសម្រេចអ្វីអោយបានខ្លះ។ ពីមុនអ្នកមានគោលដៅដ៏ធំមួយដែលមើលទៅហាក់ដូចជាពិបាកនឹងទៅដល់  ប៉ុន្ដែនៅពេលដែលអ្នកបំបែកវាទៅជាគោលដៅតូចៗចំនួន ៥ ឬ ១០ នោះ អ្នកបែរជាចាប់ផ្ដើមគិតថាគោលដៅតូចៗទាំងនោះអាចសម្រេចបាន ហើយចុងបញ្ចប់វានឹងនាំអ្នកទៅដល់គោលដៅធំមួយនោះ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។