ធនាគារវិនិយោគអឺរ៉ុបផ្តល់ឥណទានសម្បទាន៦០លានដុល្លារសម្រាប់អនុវត្តន៍គម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង

2310

ភ្នំពេញ (AKP)៖ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ — ឯកឧត្តម ហែម វណ្ណឌី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតំណាងរាជរដ្ឋាភិ​បាលកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដែលមានទឹកប្រាក់ចំនួន៦០លានដុល្លារអាម៉េរិកជាមួយតំណាងស្របច្បាប់ធនាគារវិនិយោគអឺរ៉ុប (EIB) សម្រាប់ការ​អនុវត្ត “គម្រោងសាងសង់រោចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង”។ ការចុះហត្ថលេខានេះ​ធ្វើឡើងកាលពីថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ ២០១៩ នៅទីស្នាក់ការកណ្តាលរបស់សហភាព​អឺរ៉ុប នាទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក។

គម្រោងនេះមានរយៈពេលអនុវត្តន៍​ចំនួន០៤ឆ្នាំ​ចាប់ពីឆ្នាំ២០១៩ ដល់២០២២ និងមានគោលដៅបង្កើនសមត្ថភាពផលិតទឹកស្អាតបន្ថែមរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញក្នុងបរិមាណ១៩៥.០០០ម៉ែត្រគីបក្នុងមួយថ្ងៃ នៅក្នុងឆ្នាំ ២០២២ ខាងមុខ ក្នុងការបន្ថែមលើសមត្ថភាពផលិតដែលមានស្រាប់បច្ចុប្បន្ន ៥៦០.០០០ម៉ែត្រគីបក្នុង មួយ​ថ្ងៃ។ គម្រោងនេះ មានទឹកប្រាក់សរុបចំនួន២៤៧ លានដុល្លារអាម៉េរិក ក្នុងនោះ ឥណ ទាន​សម្បទានពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ចំនួន៨៥លានដុល្លារអាម៉េរិក, ឥណទានសម្បទានសរុបពី EIB ចំនួន ១០០ លានដុល្លារអាម៉េរិក, ហិរញ្ញប្បទានឥតសំណង​ពីសហគមន៍អឺរ៉ុប (EU/Asian Investment Facility)ចំនួន១៥លានដុល្លារអាម៉េរិក និងថវិកា​បដិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចំនួន៤៧លានដុល្លារអាម៉េរិក។ ជាមួយគ្នានេះដែរ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គឺជាភ្នាក់ងារប្រតិបត្តិគម្រោងខាងលើនេះ និងជាអ្នកខ្ចី​បន្តពីរាជ​រដ្ឋាភិបាលកម្ពុជា។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

ឯកឧត្តម ហែម វណ្ណឌី ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ EIB ដែលបានរួមចំណែកផ្តល់ហិរញ្ញប្បទានគាំទ្រគម្រោងនេះ ក៏ដូច​ជា កំពុងបន្តគាំទ្រដល់កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងគម្រោងពង្រីក​ការផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់វិស័យផ្សេងទៀត ដែលបម្រើដល់អាទិភាពនៃ​ការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគីជាអ្នកសរសេរអត្ថបទក្នុងគេហទំព័រ apamat.com ។ ចំពោះខ្ញុំការសរសេរអត្ថបទគឺជារឿងរីករាយ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យខ្ញុំរីករាយនោះគឺ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជំនាញ និង គតិបណ្ឌិតល្អៗដល់មិត្តអ្នកអានទុកជាចំណេះដឹងសម្រាប់ធ្វើការសិក្សាស្វែងយល់។