PTT ផ្តោតការវិនិយោគលើអាជីវកម្មលក់រាយ និងអាជីវកម្មថាមពល ស្របពេលទីផ្សារប្រេងកំពុងមានការផ្គត់ផ្គង់លើសតម្រូវការ

2030
រូបភាព៖ KT

ថៃ(រ៉យទ័រ)៖ ក្រុមហ៊ុនថាមពលធំបំផុតរបស់ប្រទេសថៃ PTT Pcl បានព្យាយាមបោះទុនកាន់តែច្រើនក្នុងវិស័យលក់រាយ និងឧស្សាហកម្មនៃវិស័យថាមពល ដើម្បីទប់ទល់នឹងបញ្ហាធ្លាក់ចុះនៃសេដ្ឋកិច្ចសកលលើវិស័យប្រេងដែលជាអាជីវកម្មស្នូលរបស់ក្រុមហ៊ុននេះ។

លោក Chansin Treenuchagron ជាប្រធាន និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន PTT បានប្រាប់សារព័ត៌មានរ៉យទ័រថា “យើងមានការប្រកួតប្រជែងសកលមួយ ហើយនោះគឺជាសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិច និងចិន។ វាគឺជាការប្រកួតប្រជែងមួយក្នុងចំណោមការប្រជែងរបស់យើង តើយើងអាចរស់នៅរយៈពេលខ្លីដោយរបៀបណា?”

ផ្ទាំងឃោសនាពាណិជ្ជកម្ម

ក្រុមហ៊ុនផលិតប្រេង និងឧស្ម័នធម្មជាតិនៅអាស៊ី កំពុងតែប្រឈមមុខជាមួយការទទួលបានប្រាក់ចំណេញដុលកាន់តែតិច(អប្បហារ) ដោយសារមានការផ្គត់ផ្គង់លើសតម្រូវការនៃឥន្ធនៈ និងឧស្សាហកម្មគីមីថាមពល ចំពេលដែលរោងចក្រផលិតថ្មីៗក៏កាន់តែកើនឡើង ខណៈការលូតលាស់នៃតម្រូវការមានល្បឿនយឺតនៅអំឡុងពេលសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិច និងចិន ដែលសុទ្ធសឹងតែជាទីផ្សារប្រទេសមានតម្រូវការប្រេងធំបំផុតរបស់ពិភពលោក។

លោក Chansin បាននិយាយថា “យើងផ្តោតលើការបន្តធ្វើឲ្យប្រសើរឡើងក្នុងរយៈពេលខ្លី។ តើយើងអាចលក់ក្នុងតម្លៃទាបដោយរបៀបណា? តើយើងអាចស្វែងរកប្រភពចំណូលផ្សេងទៀត ដែលមិនមែនពឹងផ្អែកលើប្រេង និងឧស្សាហកម្មគីមីថាមពលដែរទេ?”

លោក Chansin បានបន្ថែមថា វិធីមួយរបស់ក្រុមហ៊ុននេះសម្រាប់ការបង្កើនចំណូលបន្ថែម គឺការពង្រីកអាជីវកម្មលក់រាយរបស់ខ្លួន រួមទាំងយីហោហាងកាហ្វេ Amazon ឲ្យបានពាសពេញតំបន់អាស៊ីផងដែរ។

PTT ក៏គ្រោងនឹងនាំបុត្រសម្ព័ន្ធរបស់ខ្លួន គឺក្រុមហ៊ុន PTT Oil & Retail Co (PTTOR) ចូលផ្សារហ៊ុនប្រទេសថៃ SET ផងដែរ។ PTTOR នឹងក្លាយជាក្រុមហ៊ុនទី ៦ ស្ថិតក្រោមសម្ព័ន្ធក្រុមហ៊ុន PTT ដែលបោះលក់ភាគហ៊ុនជាសាធារណៈ។

ក្រុមហ៊ុន PTTOR ដែលគ្រប់គ្រងស្ថានីលក់ប្រេង ហាងកាហ្វេ Amazon និងម៉ាតនៅតាមស្ថានីប្រេង នឹងចូលផ្សារហ៊ុនក្នុងឆ្នាំនេះ ហើយអាចនឹងបង្កើនទុនបានប្រហែល ២ ពាន់លានដុល្លារពីការលក់ភាគហ៊ុនជាសាធារណៈនោះ។

បន្ថែមពីលើការលក់រាយ PTT ក៏នឹងពង្រីកអាជីវកម្មផ្គត់ផ្គង់ថាមពលរបស់ខ្លួន Global Power Synergy (GPSC) ផងដែរ។

លោក Chansin បាននិយាយថា “នៅពេលអ្នកហូបច្រើនពេក និងលឿនពេក នោះអ្នកមិនអាចរំលាយអាហារបានទេ។ យើងត្រូវការទាញយកផលប្រយោជន៍ពីអ្វីម៉្យាងជាមុនសិន និងមិនអាចដើរលឿនពេកទេ”៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។