ប្រធានាធិបតីឥណ្ឌូនេស៉ី នឹងជួយក្រុមហ៊ុនបច្ចេកវិទ្យារបស់ខ្លួន តាមរយៈការអនុគ្រោះពន្ធដ៏សម្បើម

2037

រដ្ឋធានីហ្សាកាតា(Nikkei)៖: ទើបតែជោគជ័យលើការបោះឆ្នោតជាលើកទី ២ ក្នុងនាមជាប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko “Jokowi” Widodo កំពុងសម្លឹងមើលទៅមុខក្នុងរយៈពេល ៥ ឆ្នាំខាងមុខទៀត ជាមួយនឹងផែនការដ៏ធំធេងសម្រាប់គាំទ្រសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសនេះ។

លោក Widodo បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Nikkei Asian Review ថា ការកាត់បន្ថយពន្ធថ្មីនឹងជួយឥណ្ឌូណេស៊ី ក្នុងការចិញ្ចឹមអាជីវកម្មបង្កើតថ្មីរបស់ខ្លួនឲ្យបានកាន់តែច្រើនបន្ថែមទៀត  ព្រមទាំងដើម្បីបង្កើនការទទួលបានវិនិយោគពីបរទេសទៅក្នុងប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតនៅអាស៊ីអាគ្នេយ៍នេះផងដែរ។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

លោក Widodo បាននិយាយកាលពីថ្ងៃអង្គារនៅឯវិមាន Merdeka នៅរដ្ឋធានីហ្សាកាតាថា “យើងចង់ឱ្យឥណ្ឌូណេស៊ីក្លាយជាផ្ទះសម្រាប់ក្រុមហ៊ុនយក្សបច្ចេកវិទ្យា។ យើងមានទីផ្សារ និងបុគ្គលិកជំនាញ។ ហើយឥណ្ឌូនេស៉ីមានក្រុមហ៊ុនខ្នាតយក្សផ្នែកបច្ចេកវិទ្យាចំនួន ៤ រួចហើយ។ យើងនឹងលើកទឹកចិត្តឱ្យមានការចាប់ផ្តើមអាជីវកម្មថ្មី និងផ្តល់ឱកាសឱ្យពួកគេទទួលបានការរីកចម្រើន»។

សេដ្ឋកិច្ចអុីនធឺណែតរបស់ឥណ្ឌូនេស៊ី ត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃ ២៧ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨ ធ្វើឱ្យវាធំជាងគេនៅអាស៊ីអាគ្នេយ៍ និងធំជាងបីដងនៃទំហំសេដ្ឋកិច្ចឌីជីថលលំដាប់ទីពីរ គឺប្រទេសសិង្ហបុរី។ ក្រុមហ៊ុនយក្សបច្ចេកវិទ្យាទាំង ៤ របស់ឥណ្ឌូនេស៉ីមានដូចជាក្រុមហ៊ុនហៅតាក់ស៉ី Go-Jek ក្រុមហ៊ុនទេសចរណ៍អនឡាញ Traveloka និងក្រុមហ៊ុនលក់រាយលើអនឡាញ Tokopedia និង Bukalapak ដែលបានជួយសេដ្ឋកិច្ចប្រទេសនេះឲ្យរីកចម្រើនប្រហែល ៥% ជារៀងរាល់ឆ្នាំ ក្នុងរយៈពេលកន្លះទសវត្សរ៍កន្លងទៅនេះ។

លោក Widodo បាននិយាយថាផែនការពន្ធដែលអាចកាត់កងបាននោះ បច្ចុប្បន្នកំពុងត្រូវបានពិនិត្យដើម្បីសម្រេចចុងក្រោយដោយក្រសួងហិរញ្ញវត្ថុ ហើយនឹងចេញផ្សាយនៅខែក្រោយនេះ។ វិធានការនេះ មានគោលបំណងលើកទឹកចិត្តការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យឌីជីថល ក៏ដូចជាឧស្សាហកម្មនាំចេញ និងអាជីវកម្មក្នុងស្រុកផងដែរ ដើម្បីជម្រុញឲ្យមានការផលិតផលិតផលជំនួស កាត់បន្ថយការនាំចូល។

ប្រធានាធិបតីរូបនេះបាននិយាយថា “សង្ឃឹមថាអ្នកវិនិយោគនឹងចាប់អារម្មណ៍ខ្លាំង” ចំពោះការបោះប្រាក់ចូលទៅក្នុងប្រទេសឥណ្ឌូណេស៊ី។

រដ្ឋមន្ត្រីឧស្សាហកម្មលោក Airlangga Hartarto បានប្រាប់ Nikkei កាលពីខែមុនថា ពន្ធដែលអាចកាត់កងបាននោះ នឹងត្រូវអនុវត្តលើក្រុមហ៊ុនក្នុងស្រុក និងបរទេស ដែលធ្វើការស្រាវជ្រាវ និងអភិវឌ្ឍន៍នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលនឹងអាចកាត់បន្ថយពន្ធបាន ២០០ ភាគរយនៃទុនវិនិយោគឯណោះ។ មានន័យថា បើក្រុមហ៊ុនមួយវិនិយោគប្រាក់ ១០០ លានដុល្លារ ក្រុមហ៊ុននោះនឹងទទួលបានការអនុគ្រោះពន្ធតម្លៃ ២០០ លានដុល្លារ។

លោក Widodo បាននិយាយថា គាត់ចង់ឲ្យក្រុមហ៊ុនខ្នាតយក្សរបស់ឥណ្ឌូនេស៉ី ជួយផ្តល់ការលូតលាស់ដល់អាជីវកម្មខ្នាតតូច និងតូចបំផុតនៅក្នុងប្រទេស។ ប្រទេសឥណ្ឌូនេស៉ីកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធតាមរយៈការដាក់ពង្រាយផ្កាយរណបទំនាក់ទំនង និងការតម្លើងបណ្តាញខ្សែកាបអុបទិក។ លោកបានមានប្រសាសន៍ថា ការធ្វើបច្ចុប្បន្នភាពបណ្តាញ 4G ទូទាំងប្រទេស ត្រូវបានគេរំពឹងថានឹងបញ្ចប់នៅចុងឆ្នាំនេះ ហើយ 5G នឹងចូលខ្លួនម្តង។

លោកបាននិយាយថា ឥណ្ឌូនេស៉ីនឹងមិនធ្វើតាមអាមេរិចសម្រាប់ការហាមឃាត់ឧបករណ៍ក្រុមហ៊ុន Huawei Technologies ពីបណ្តាញ 5G របស់ខ្លួនទេ។ ប៉ុន្តេលោកបាននិយាយថា សន្តិសុខជាតិគឺជារឿងសំខាន់បំផុត ហើយឥណ្ឌូនេស៉ីនឹងធ្វើការសម្រេចចិត្តដោយខ្លួនឯង។

លោក Widodo សង្ឃឹមថា ក្រុមប្រទេស G20 នឹងធ្វើកិច្ចព្រមព្រៀងលើសេដ្ឋកិច្ចឌីជីថលនៅក្នុងកិច្ចប្រជុំនាសប្តាហ៍នេះនៅប្រទេសជប៉ុន។ ការិយាល័យពន្ធដាររបស់ឥណ្ឌូនេស៉ី ធ្លាប់បានតវ៉ាក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Google និង Facebook ដែលមិនបង់ពន្ធលើប្រាក់ចំណូលឲ្យប្រទេសរបស់ខ្លួន ខណៈក្រុមហ៊ុនទាំងនេះរកប្រាក់បានកាន់តែច្រើនពីសេវាផ្សាយពាណិជ្ជកម្មក្នុងប្រទេសឥណ្ឌូនេស៉ី។

រហូតមកដល់ពេលនេះ លោក Widodo បាននិយាយថារដ្ឋាភិបាលរបស់លោក មានផែនការកែតម្រូវច្បាប់ស្តីពីការងារ ដែលត្រូវបានរិះគន់ដោយក្រុមហ៊ុននានាក្នុងការពិបាកបញ្ឈប់បុគ្គលិកដែលបំពេញការងារមិនបានល្អ។ លោកបាននិយាយថារដ្ឋបាលរបស់លោក ក៏គ្រោងនឹងកាត់បន្ថយអត្រាពន្ធសាជីវកម្ម(corporate tax)របស់ប្រទេសឥណ្ឌូនេស៊ី ពី ២០% ទៅ ២៥% នៅឆ្នាំ ២០២១ ផងដែរ ។

ថ្វីបើសេដ្ឋកិច្ចដែលឥណ្ឌូណេស៊ីពឹងផ្អែក ត្រូវបានការពារពីការប៉ះទង្គិចនៃសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនក្តី ក៏ភាពមិនច្បាស់លាស់នៅក្នុងសេដ្ឋកិច្ចសកលលោកមានផលប៉ះពាល់អវិជ្ជមានដល់ប្រទេសប្រជុំកោះនេះដែរ។

ឱនភាពគណនីចរន្តជាប់គាំងរបស់ប្រទេសនេះ បានឈានដល់ ៧ ពាន់លានដុល្លារ ក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ពោលគឺកើនឡើងជិត ៣០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ មានន័យថាអ្នកវិនិយោគទំនងជាដកប្រាក់របស់ខ្លួនចេញពីប្រទេសនេះ នៅពេលដែលពួកគេមើលឃើញពីហានិភ័យសកល។

លោកប្រធានាធិបតីរូបនេះបាននិយាយថា សង្គ្រាមពាណិជ្ជកម្មគឺជា “គ្រោះថ្នាក់” ចំពោះពាណិជ្ជកម្មសកល ហើយប្រទេសនានាត្រូវ “ចៀសវាងពីគោលនយោបាយដែលធ្វើឱ្យប៉ះពាល់ដល់ប្រទេសដទៃ” ។

លោក Widodo បាននិយាយបន្ថែមថា “យើងនឹងនិយាយប្រឆាំងការពន្យារនិយម ក្នុងការគាំពារនិយម [នៅ G-20]” ។ យើងចង់ជំរុញឱ្យមានកំណើនសេដ្ឋកិច្ចប្រកបដោយស្ថេរភាព និ ងរឹងមាំ”៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។