មូលហេតុដែលការចូលហ៊ុនគ្នារកស៉ី ត្រូវការមានកិច្ចព្រមព្រៀងធ្វើអាជីវកម្មសហកម្មសិទ្ធ

5240

អាជីវកម្មសហកម្មសិទ្ធ ឬអាចហៅថាការចូលហ៊ុនគ្នារកស៉ី គឺជាការចុះកិច្ចសន្យាបង្កើតអាជីវកម្មមួយរួមគ្នាដោយមនុស្សចាប់ពីពីរនាក់ឡើង។ ប្រភេទនៃអាជីវកម្មសហកម្មសិទ្ធនេះ ត្រូវបានគេបែងចែកជាពីរទម្រង់ គឺក្រុមហ៊ុនសហកម្មសិទ្ធទូទៅ និង ក្រុមហ៊ុនសហកម្មសិទ្ធមានកម្រិត។

ប្រសិនបើមានបញ្ហាកើតឡើងលើដៃគូណាម្នាក់ មានជម្លោះកើតឡើងរវាងដៃគូ ឬក៏មានការផ្លាស់ប្តូរផ្សេងៗ តើដៃគូទាំងអស់នឹងត្រូវធ្វើបែបណា? សម្រាប់ត្រៀមដំណោះស្រាយលើបញ្ហាទាំងអស់នេះហើយ ទើបគេធ្វើកិច្ចព្រមព្រៀងភាពជាដៃគូឡើង ដើម្បីធ្វើឲ្យប្រាកដថារវាង អាជីវកម្ម និងភាពផ្ទាល់ខ្លួន ដែលជាផ្នែកមួយនៃការទំនាក់ទំនងគ្នា អាចត្រូវបានការពារ ឬសង្គ្រោះ។ 

ផ្ទាំងឃោសនាពាណិជ្ជកម្ម

តើកិច្ចព្រមព្រៀងធ្វើអាជីវកម្មរួមគ្នាគឺជាអ្វី?

កិច្ចព្រមព្រៀងភាពជាដៃគូ ឬអាចហៅជាសាមញ្ញថា កិច្ចព្រមព្រៀងចូលហ៊ុនរកស៉ី គឺជាកិច្ចសន្យារវាងដៃគូ និងដៃគូ នៅក្នុងអាជីវកម្មសហកម្មសិទ្ធ ដែលត្រូវបានគេកំណត់លក្ខខណ្ឌនៃទំនាក់ទំនង រវាងដៃគូទាំងអស់ដែលរួមគ្នាបង្កើតអាជីវកម្មសហកម្មសិទ្ធនោះឡើង ដោយរួមមានលក្ខខណ្ឌ៖

  • ចំណែកជាភាគរយនៃភាពជាម្ចាស់ និងការបែងចែកប្រាក់ចំណេញ និងការខាតបង់
  • ពិពណ៌នាអំពីអំណាចគ្រប់គ្រង និងកាតព្វកិរបស់ដៃគូម្នាក់ៗ
  • រយៈពេលនៃភាពជាដៃគូ
  • របៀបដែលភាពជាដៃគូអាចត្រូវបានបញ្ចប់
  • របៀបដែលដៃគូណាមួយអាចទិញភាគហ៊ុនរបស់គាត់

កិច្ចព្រមព្រៀងចូលហ៊ុនគ្នារកស៉ី គួរតែត្រូវបានរៀបចំធ្វើនៅពេលអ្នកបើកអាជីវកម្មសហកម្មសិទ្ធ។ ប្រសិនបើអ្នកមិនច្បាស់ អ្នកគួរពឹងមេធាវីម្នាក់ ឲ្យជួយអ្នកពិនិត្យកិច្ចព្រមព្រៀងនេះ ដើម្បីធ្វើឲ្យប្រាកដថាអ្នកបានបញ្ចូលចំណុច ឬ “ខ” សំខាន់ៗទាំងអស់នៅក្នុងកិច្ចព្រមព្រៀង និងដើម្បីបញ្ចៀសបញ្ហាផ្សេងៗនៅពេលភាពជាដៃគូត្រូវបានបញ្ចប់។

សារៈសំខាន់នៃកិច្ចព្រមព្រៀង

ប្រសិនបើអ្នកមានមេធាវីម្នាក់ គេនឹងប្រាប់អ្នកពីភាពចាំបាច់នៃកិច្ចព្រមព្រៀងចូលហ៊ុនគ្នារកស៉ី ដែលអាចឲ្យអ្នកជឿទុកចិត្តបាន។ ខាងក្រោមនេះ គឺជាមូលហេតុដែលរាល់អាជីវកម្មរកស៊ីចូលគ្នា គួរមានកិច្ចព្រមព្រៀងមួយដែលត្រឹមត្រូវចាប់តាំងពីដំណាក់កាលដំបូង៖

  • ដើម្បីកំណត់តួនាទី និងទំនួលខុសត្រូវនានា របស់ដៃគូនីមួយៗ និងដើម្បីពិពណ៌នាពីរបៀបដែលដៃគូម្នាក់ៗធ្វើការសម្រេចលើកិច្ចការនៅក្នុងអាជីវកម្មរួម។ តើនរណាម្នាក់ជាអ្នកគ្រប់គ្រងអាជីវកម្មភាពជាដៃគូទាំងមូល? តើនរណាខ្លះទទួលខុសត្រូវកិច្ចការនានា រៀងៗខ្លួនដែលមានក្នុងដំណើរការអាជីវកម្ម? តើតួនាទី និងការទទួលខុសត្រូវអាចផ្លាស់ប្តូរបានដោយរបៀបណា?
  • ដើម្បីជៀសវាងបញ្ហាពន្ធដារ តាមរយៈការអនុវត្តតាមក្របខ័ណ្ឌពន្ធដារនៅកម្ពុជា ដែលអាជីវកម្មភាពជាដៃគូ ត្រូវបង្ហាញថាខ្លួនបែងចែកប្រាក់ចំណេញ ដោយផ្អែកលើការអនុវត្តតាមស្តង់ដារគណនេយ្យ ឬតាមរបាយការណ៍ហិរញ្ញវត្ថុដែលអាចជឿជាក់តាម។
  • ដើម្បីជៀសវាងបញ្ហាភាពស្របច្បាប់ និងបញ្ហាបំណុល ដោយការប្រកាសអំពីបំណុលរបស់អាជីវកម្មសហកម្មសិទ្ទផ្ទាល់ និងបំណុលរបស់ដៃគូទាំងអស់ ប្រសិនបើមាន បញ្ហាជាប់ជំពាក់បំណុលជាមួយដៃគូណាម្នាក់។
  • ដើម្បីដោះស្រាយលើការផ្លាស់ប្តូរ នៅក្នុងអាជីវកម្មសហកម្មសិទ្ធដោយសារមានដៃគូសកម្មណាម្នាក់ជួបស្ថានភាពលំបាកក្នុងជីវិត ដូចជាមានជម្ងឺធ្ងន់ធ្ងរ លែងលះ ឬស្លាប់។ បញ្ហាទាំងអស់នេះ ជាធម្មតាត្រូវដោះស្រាយជាមួយកិច្ចព្រមព្រៀងទិញ-លក់ ឬរបៀបដកខ្លួនចេញពីអាជីវកម្មភាពជាដៃគូ។
  • ដើម្បីពិពណ៌នាលើកាលៈទេសៈថាត្រូវធ្វើរបៀបណាខ្លះ ទើបអាចឲ្យមានដៃគូថ្មីចូល រួមក្នុងអាជីវកម្មសហកម្មសិទ្ធបាន
  • ដើម្បីដោះស្រាយបញ្ហាផ្សេងៗរវាងដៃគូ ដូចជាបញ្ហានៃផលប្រយោជន៍ និងកិច្ចព្រមព្រៀងមិនប្រកួតប្រជែង(ដរាបណាស្ថិតនៅជាដៃគូរបស់អ្នក មិនអាចទៅបើក ឬទៅចូលរួមបើកអាជីវកម្មថ្មី ឬអាជីវកម្មគូប្រជែង ដើម្បីមកប្រជែងជាមួយអ្នកទេ)
  • ដើម្បីធ្វើឲ្យវិវាទងាយស្រួលដោះស្រាយ។ អ្នកនឹងកាន់តែងាយស្រួល បើអ្នកបញ្ចូលរបៀបដោះស្រាយជម្លោះ។ តើនឹងត្រូវដោះស្រាយតាមរយៈការកាត់ក្តីដោយអាជ្ញាកណ្តាល? តើអ្វីនឹងក្លាយជាការទទួលខុសត្រូវរបស់ភាគីនីមួយៗក្នុងវិវាទនោះ? តើម្ខាងៗនឹងទទួលបាន ឬចេញសងអ្វីខ្លះ?
គម្រូកិច្ចសន្យាចូលហ៊ុនគ្នារកស៉ី

 

 

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។