ទម្លាប់ទាំង ៥ ដែលសហគ្រិនគួរមានដើម្បីជាស្ពានឆ្លោះទៅរកភាពជោគជ័យ

2871

សហគ្រិនជោគជ័យនៅលើពិភពលោកដែលទទួលបានជោគជ័យក្នុងមុខជំនួញរបស់ខ្លួន គឺពួកគេតែងតែមាននូវទម្លាប់ប្រចាំខ្លួនដែលជាគន្លឹះជួយរុញច្រានឲ្យមានវិវត្តតរភាពសម្រាប់ធ្វើការអភិវឌ្ឍន៍ខ្លួនជារៀងរាល់ថ្ងៃ។ ទម្លាប់ទាំងនោះអាចជួយឲ្យឲ្យពួកគេចាកឆ្ងាយពីភាពខ្មៅងងឹតនៃជីវិត ហើយដើរតម្រង់ឆ្ពោះទៅរកភាពជោគជ័យ។ មនុស្សគ្រប់គ្នាតែងតែមានគោលដៅមួយដ៏ល្អផូផង់សម្រាប់ជីវិតរបស់ខ្លួន ប៉ុន្តែការដែលមានគោលដៅគឺមិនទាន់គ្រប់គ្រាន់នៅឡើយនោះទេតែត្រូវមានវិន័យដែលជួួយរុញច្រាន់ឲ្យអ្នកកាន់តែខិតជិតគោលដៅនោះទើបជារឿងល្អ។ ហើយខាងក្រោមនេះជាទម្លាប់ខ្លះៗដែលជួយជំរុញឲ្យអ្នក និងគោលដៅឲ្យមានគម្លាតកាន់តែជិត៖

១. ទម្លាប់ក្រោកពីព្រលឹម

ផ្ទាំងឃោសនាពាណិជ្ជកម្ម

ពេលព្រឹក គឺជាវេលាដ៏មានតម្លៃមួយដែលមនុស្សគ្រប់គ្នាតែងតែមើលរំលង។ មនុស្សមិនតិចជាង ៩០% ទេ ដែលបានចំណាយពេលព្រឹកព្រលឹមដ៏មានតម្លៃរបស់ខ្លួនប្តូរជាមួយការបើកមើល ​​Facebook និង Youtube ទុកជាការកំសាន្ត ដោយឲ្យពេលដ៏មានតម្លៃនេះកន្លងទៅដោយឥតន័យខ្លឹមសារ។ កាលដែលធ្វើបែបនេះ វាជាហេតុដែលធ្វើឲ្យខួរក្បាលរបស់អ្នកមានភាពស្ពឹក មិនចង់ដឹងចង់លឺ ឬចង់ធ្វើអ្វីក្រៅតែពីរឿងងាយៗដែលមិនសូវជាប្រើការគិតប៉ុន្មាននោះទេ។ ផ្ទុយមកវិញ ចំពោះសហគ្រិនដែលមានវិន័យចំពោះខ្លួនឯង គឺពួកគេតែងតែគ្រោងទុកនូវអ្វីដែលពួកគេនឹងធ្វើនាពេលយប់ ហើយក៏ក្រោកពីព្រឹកដើម្បីធ្វើវា។ ដោយហេតុតែពេលព្រឹកគឺជាវេលាមួយដ៏ស្រស់ស្រាយ គ្មានការរំខាន ហើយខួរក្បាលក៏ងាយចាប់យកបាននូវអ្វីដែលយើងបានធ្វើ ទើបសហគ្រិនជោគជ័យតែងតែមិនបណ្តោយឲ្យវេលានោះកន្លងទៅដោយគ្មានន័យខ្លឹមសារនោះទេ។ បុគ្គលជោគជ័យដូចជាលោក Elon Musk គឺគាត់តែតែក្រោកមុនម៉ោង ៦ សម្រាប់មើល និងធ្វើនូវកាលវិភាគដែលលោកត្រូវធ្វើក្នុងពេលពេញមួយថ្ងៃនេះ ដើម្បីកុំឲ្យខ្លួនលោកចំណាយពេលខុសទិសដៅ។​

២. ធ្វើលំហាត់ប្រាណ

រាងកាលរឹងមាំនាំឲ្យកំលាំងចិត្តកាន់តែខ្លាំង។ បើទោះបីជាមានភាពជោគជ័យក្នុងមុខជំនួញក៏ពិតមែន សហគ្រិនជោគជ័យទាំងនោះគឺមិនដែលភ្លេចនូវការធ្វើលំហាត់ប្រាណនោះទេ។ ការធ្វើលំហាត់ប្រាណដូចជា ការរត់ ការហែលទឹក និងការលើកដុំដែក គឺមិនត្រឹមតែធ្វើឲ្យសាច់ដុំរបស់អ្នកមានចលនានោះទេ តែវាក៏ជួយរំញោចដល់ប្រព័ន្ធខួរក្បាលរបស់អ្នកឲ្យមានដំណើរការកាន់តែប្រសើរ និងរាំងមាំផងដែរ។ លើសពីនេះទៅទៀត លំហាត់ប្រាណក៏ជួយកាត់បន្ថយភាពតានតឹង និងបង្កើននូវផលិតភាពការងាររបស់អ្នកឲ្យកាន់តែប្រសើរជាងមុនទៀតផង។ លោក Mark Zuckerberg ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Facebook គឺជាអ្នកដែលស្រឡាញ់នូវការហាត់ប្រាណណាស់។ គាត់បានធ្វើការកំណត់គោលដៅរយ:ពេលមួយឆ្នាំសម្រាប់ធ្វើឲ្យខ្លួនរបស់លោកមានខុសភាពល្អ ប៉ុន្តែត្រឹមតែកន្លះឆ្នាំ លោកក៏បានទទួលជោគជ័យ។ លោក Zuckerberg បានថ្លែងក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម Facebook ថា “ការធ្វើឲ្យរាងការមានភាពរឹងមាំ ពិតជាមានសារ:សំខាន់ណាស់។ រាល់កិច្ចការដែលជោគជ័យ គឺទាមទារនូវថាមពល ហើយថាមពលមានច្រើននៅពេលដែលអ្នកមានសុខភាពមាំមួន”។

៣. ការរៀបចំជាគន្លឹះនៃភាពជោគជ័យ

ប្រសិនបើអ្នកយកចិត្តទុកដាក់សង្កេតមើលទៅលើគំរូនៃការរៀបចំការងាររបស់មហាសេដ្ឋីនៅលើពិភពលោក នោះអ្នកនឹងបានឃើញថា ពួកគេសុទ្ធសឹងតែមានការរៀបចំចាត់ចែងយ៉ាងល្អសម្រាប់ការធ្វើការងាររបស់ពួកគេ។ ការមានសណ្តាប់ធ្នាប់ក្នុងការធ្វើការងារជាប្រចាំថ្ងៃនាំឲ្យមានប្រសិទ្ធិភាព និងផលិតភាពខ្ពស់។ គម្រោងពេលវេលាដែលអ្នកកត់ត្រាថានឹងត្រូវធ្វើអ្វីខ្លះនោះ អាចជួយឲ្យអ្នកកាន់តែមានភាពច្បាស់លាស់ទៅលើការចំណាយពេលវេលារបស់អ្នកក្នុងការងារដែលអ្នកត្រូវធ្វើ។ ជាការពិតណាស់ប្រសិនបើអ្នកមិនមានកាលវិភាគសម្រាប់ធ្វើការនោះទេ នោះអ្នកនឹងចំណាយពេលវេលាច្រើនទៅលើការងារដែលអ្នកនឹងធ្វើ ហើយប្រសិទ្ធិភាព និងផលិតភាពបែរជាមិនសមទៅនឹងការដែលអ្នកចំណាយពេលដ៏មានតម្លៃរបស់អ្នកក្នុងការធ្វើការងារទាំងអស់នោះ។

៤. សៀវភៅ គឺជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យ

សៀវភៅ គឺជាប្រភពនៃចំណេះដឹងមិនចេះរីងស្ងួតមួយ ដែលបុគ្គលជោគជ័យតែងតែធ្វើការក្រេបយកចំណេះ លើសពីមនុស្សធម្មតាដែលតែងតែចំណាយពេលលេងច្រើនជាងអាន។ ពេលខ្លះបញ្ហាក្នុងជីវិតអាចត្រូវបានដោះស្រាយដោយការអានបាន។ ការអានជុំរុញឲ្យមានការគិត ការវិភាគ វែកញែករកមូលបញ្ហា និងធ្វើការដោះស្រាយដោយស្របទៅតាមកាល:ទេសដែលអ្នកកំពុងប្រឈម។ បុគ្គលដែលមិនចូលចិត្តអាន ភាគច្រើនពេលជួបបញ្ហាតូច ឬធំក្តីពួក គេតែងតែមិនចេះដោះស្រាយ ឬអាចធ្វើឲ្យរឿងនោះកាន់តែមានភាពស្មុគស្មាញ។ ភាពជាសហគ្រិនមិនត្រឹមតែត្រូវមានគំនិត និងចំណេះនោះទេតែត្រូវចេះអភិវឌ្ឍខ្លួនជាប្រចាំ។ ការអភិវឌ្ឍន៍ខ្លួនតាមរយ:ការអានអាចធ្វើឲ្យអ្នកឈានមួយជំហានមុនគូប្រជែងរបស់អ្នក។

លោក Warren Buffett គឺជាបុគ្គលមួយរូបដែលមានចំណង់ខ្លាំងក្លាក្នុងការអាន។ លោកត្រូវបានគេស្គាល់ថាជាបុគ្គលដែលបានអាចសៀវភៅដែលទាក់ទងទៅនឹងការវិនិយោគច្រើនជាងគេក្នុងបណ្តាល័យក្នុងស្រុករបស់លោក ចាប់ទាំងពីលោកមានអាយុ ១១ ឆ្នាំមកម្លេះ។

៥. ឈ្លាតពេលសម្រាកតាមតែអាចធ្វើទៅបាន

ដំណើរផ្លូវនៃភាពជោគជ័យរបស់សហគ្រិនគ្រប់រូប តែងតែទាមទារការលះបង់ ប៉ុន្តែមិនមែនមានន័យថាអ្នកត្រូវធ្វើរហូតទាល់តែគ្មានពេលសម្រាកនោះទេ។ ដូចពាក្យចាស់មួយពោលថា ការងារមានធ្វើមិនចេះអស់ តែបើមនុស្សមិនចេះឆ្លាក់ឆ្លៀតរកពេលសម្រាក មុខជាមិនមានឡើយ។ មានពេលខ្លះការខិតខំធ្វើការមិនមានពេលលំហែ អាចធ្វើឲ្យអ្នកមិនទទួលបានលទ្ធិផលសមប្រកបទៅនឹងអ្វីដែលអ្នកចង់បានទេ ហើយអាចធ្វើឲ្យអ្នកមានការស្មុគស្មាញខ្លាំងឡើងៗ។ ប៉ុន្តែប្រសិនបើអ្នកអាចចំណាយពេលខ្លះសម្រាប់ឈប់សម្រាកលំហែកាយ ហើយត្រឡប់មកធ្វើការងារនោះវិញ វាមុខជាមានប្រសិទ្ធិភាពជាងមុនទ្វេដង។ ដូច្នេះហើយទើបលោកមហាសេដ្ឋី Bill Gates តែងតែចំណាយពេលលាងចានដោយខ្លួនលោកផ្ទាល់ ក្រោយពេលទទួលទានអាហារពេលល្ងាចរួច ព្រោះលោកចាប់ទុកវាជាការកំសាន្ត៕​

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគីជាអ្នកសរសេរអត្ថបទក្នុងគេហទំព័រ apamat.com ។ ចំពោះខ្ញុំការសរសេរអត្ថបទគឺជារឿងរីករាយ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យខ្ញុំរីករាយនោះគឺ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជំនាញ និង គតិបណ្ឌិតល្អៗដល់មិត្តអ្នកអានទុកជាចំណេះដឹងសម្រាប់ធ្វើការសិក្សាស្វែងយល់។