ប្រធានផ្នែកឌីហ្សាញរបស់ក្រុមហ៊ុន Apple លោក Jony Ive នឹងចាកចេញពីក្រុមហ៊ុននេះដើម្បីទៅបើកក្រុមហ៊ុនផ្ទាល់ខ្លួន

2572

អាមេរិច(រ៉យទ័រ)៖ លោក Jony Ive នឹងចាកចេញពី Apple នៅចុងឆ្នាំនេះ ដើម្បីទៅបង្កើតក្រុមហ៊ុនឌីស្សាញឯករាជ្យមួយរបស់លោក។ លោក Ive ធ្លាប់ជាសហការីផ្នែកច្នៃប្រឌិតដ៏ជិតស្និទ្ធជាមួយសហស្ថាបនិកក្រុមហ៊ុន Apple Inc គឺលោក Steve Jobs ដែលជាអ្នកឌីស្សាញទូរស័ព្ទ iPhone និងផលិតផ្សេងៗទៀតឲ្យក្រុមហ៊ុន Apple ជួយឲ្យក្រុមហ៊ុននេះមានតម្លៃឡើងដល់ ១ ពាន់ពាន់លានដុល្លារ។

ក្រុមហ៊ុន Apple បាននិយាយថាលោក Ive នឹងបន្តធ្វើការឌីស្សាញផលិតផលរបស់ខ្លួននៅក្រុមហ៊ុនថ្មីរបស់គាត់ ប៉ុន្តែទោះបីជាយ៉ាងណាភាគហ៊ុនរបស់ Apple បានធ្លាក់ចុះចំនួន ១.៥% ក្នុងតម្លៃជាង ១៩៧ដុល្លារក្នុងមួយហ៊ុន នៅក្នុងពេលបើកទីផ្សារជួញដូរ ដែលធ្វើឲ្យ Apple ធ្លាក់តម្លៃទីផ្សារសរុបប្រហែល ៩ ពាន់លានដុល្លារ។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

លោក Ive បានចំណាយពេលអស់ជិត ៣ ទសវត្សរ៍ធ្វើការនៅក្រុមហ៊ុន Apple ដោយបានដឹកនាំការឌីស្សាញកុំទ្យូទ័រ iMacs ពណ៌ស្ករគ្រាប់ ដែលបានជួយ Apple ឱ្យងើបពីការស្លាប់នៅជិតទសវត្សរ៍ឆ្នាំ ១៩៩០ រហូតដល់ការផលិតទូរស័ព្ទ iPhone ដែលជាផលិតផលមួយរបស់ Apple ដែលទទួលបានជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុននេះ។

លោក Ben Bajarin អ្នកវិភាគយុទ្ធសាស្ត្រផ្នែកច្នៃប្រឌិតម្នាក់បាននិយាយថា វាគឺជាការចាកចេញរបស់មនុស្សដ៏សំខាន់ម្នាក់ ដែលបានរួមចំណែកជួយ Apple ឲ្យរីកចម្រើន ក្រោមការដឹកនាំរបស់លោក Steve Jobs ។

លោក Ive បានចូលរួមជាមួយ Apple ដំបូងនៅឆ្នាំ ១៩៩២ ហើយបានដឹកនាំក្រុមឌីស្សាញរបស់ក្រុមហ៊ុន Apple តាំងពីឆ្នាំ ១៩៩៦ មក។ ហើយគាត់បានក្លាយជាប្រធានផ្នែកឌីស្សាញនៅឆ្នាំ ២០១៥ ។

កាសែត Financial Times បានដកស្រង់សម្តីរបស់លោក Ive ថា វានឹងមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រនីញ៉ា សម្រាប់ពេលបច្ចុប្បន្ននេះ។ លោក Ive បានប្រាប់កាសែតនេះថាគាត់នឹងធ្វើការលើឧបករណ៍របស់ Apple បន្ថែមពីលើ “ចំណង់ចំណូលចិត្តផ្ទាល់ខ្លួន” និងមិនមែនជាគម្រោងរបស់ Apple ។ កាសែតដដែលបានរាយការណ៍ថា ក្រុមហ៊ុនថ្មីរបស់លោក Ive នឹងមានឈ្មោះថា “LoveFrom” ។

លោក Ive បាននិយាយថា “ខ្ញុំមានទំនុកចិត្តខ្ពស់បំផុតចំពោះមិត្តរួមការងាររចនារបស់ខ្ញុំនៅក្រុមហ៊ុន Apple ដែលនៅតែជាមិត្តភក្តិជិតស្និទ្ធបំផុតរបស់ខ្ញុំ ហើយខ្ញុំទន្ទឹងរង់ចាំធ្វើការជាមួយពួកគេអស់ជាច្រើនឆ្នាំមកហើយ” ។

ការចាកចេញរបស់លោក Ive គឺចំពេលដែលការលក់ iPhone ធ្លាក់ចុះ រួមទាំងការធ្លាក់ចុះនៅក្នុងត្រីមាសថ្មីបំផុតរបស់ Apple ផងដែរ។ ការលក់ផលិតផល hardware ថ្មីមួយចំនួនដូចជានាឡិកា Apple Watch និងកាសស្តាប់ត្រចៀក AirPods របស់ Apple កំពុងតែត្រូវបានគេពង្រីក ប៉ុន្តែក្រុមហ៊ុន Apple បានផ្តោតការយកចិត្តទុកដាក់របស់ខ្លួនក្នុងការពង្រីកអាជីវកម្មសេវាកម្មរបស់ខ្លួនដែលរួមមាន Apple Music និង iCloud ។

លោក Nehal Chokshi អ្នកវិភាគម្នាក់របស់ក្រុមហ៊ុន Maxim Group បាននិយាយថាបើទោះបីជាតួនាទីរបស់លោក Ive ជាប់នៅក្នុងប្រវត្តិសាស្ត្ររបស់ Apple ក៏ដោយ ការចាកចេញរបស់គាត់នឹងមិនធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone នេះទេ។

លោក Chokshi បានថ្លែងថា: «ខ្ញុំនឹងចាត់ទុកថាលោក Jony Ive កំពុងសម្លឹងរកមើលចំណែកទីផ្សារដែលមានតម្លៃសម្រាប់ក្រុមអ្នកជំនាញខាងឌីស្សាញរបស់គាត់ ក្រៅតែពីការឌីស្សាញក្រុមហ៊ុន Apple ដោយផ្តល់សិទ្ធិអនុញ្ញាតឱ្យក្រុមហ៊ុនដទៃមិនមែនជាដៃគូប្រកួតប្រជែងរបស់ក្រុមហ៊ុន Apple អាចប្រើប្រាស់ជំនាញឌីស្សាញរបស់ពួកគេដែរ»។

កាលពីលោក Steve Jobs នៅរស់ និងកាន់តំណែងជានាយកប្រតិបត្តិរបស់ Apple លោកបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើផ្នែកឌីស្សាញ ដោយពេលខ្លះលោកបានចូលទៅស្ទូឌីយូឌីស្សាញដើម្បីផ្តល់ការណែនាំដល់លោក Ive ដែលជាសហការីរបស់លោក។ ក្រោយពេលលោក Steve Jobs ស្លាប់ លោក Ive បានព្យាយាមធ្វើការជាប្រចាំដើម្បីសម្រេចកិច្ចការដែលលោក Jobs ផ្តែផ្តាំមុនពេលលោកស្លាប់៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។