ក្រុមហ៊ុន​ កូ​កា​-​កូ​ឡា​កម្ពុជា​ ជ្រើសរើស​ ABA​ ជា​ធនាគារ​បង្គោល

2614

Phnom Penh (ABA​)៖ ធនាគារ​ ABA​ ដែល​ជា​សមាជិក​សម្ពន្ធ​ធនាគារជាតិ​កា​ណា​ដា​ សូម​ប្រកាស​នៅ​ថ្ងៃនេះ​ថា​ ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា​ (“CBC”)​ ដែល​ជា​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​ផ្តាច់មុខ​ ក្នុង​ការ​ផលិត​និង​ចែកចាយ​ភេសជ្ជៈ​ កូ​កា​-​កូ​ឡា​ បាន​ជ្រើសរើស​ធនាគារ​ ABA​ ធ្វើ​ជា​ធនាគារ​ដៃគូ​បង្គោល​របស់​ខ្លួន​។​ បន្ទាប់​ពី​បាន​ធ្វើការ​សិក្សា​យ៉ាង​ជាក់លាក់​ ក្រុមហ៊ុន​ CBC​ បាន​កំណត់​ថា​ធនាគារ​ ABA​ គឺជា​ធនាគារ​ដ៏​ស័ក្តិសម​បំផុត​ ដែល​មាន​លទ្ធភាព​បំពេញ​តាម​តម្រូវការ​ក្នុង​អាជីវកម្ម​របស់​ខ្លួន​។​

​ធនាគារ​ ABA​ ក៏​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ផ្តល់​ជូន​ក្រុមហ៊ុន​ CBC​ នូវ​សេវា​ និង​ដំណោះស្រាយ​ផ្នែក​សេវា​ធនាគារ​យ៉ាង​ពេញលេញ​ ដើម្បី​គាំទ្រ​ដល់​ប្រតិបត្តិការ​ និង​ការ​រីក​ចម្រើន​ផ្នែក​អាជីវកម្ម​របស់​ក្រុមហ៊ុន​។​ សេវា​សំខាន់ៗ​ដែល​ធនាគារ​ ABA​ នឹង​ផ្តល់​ជូន​ដល់​ក្រុមហ៊ុន​ CBC​ រួម​មាន​ សេវា​ធនាគារ​អន​ឡាញ​សម្រាប់​អាជីវកម្ម​ឈានមុខ​គេ​ (“iBanking​ for​ Business”)​ ដែល​មាន​លទ្ធភាព​អាច​ភ្ជាប់​ជាមួយនឹង​ប្រព័ន្ធ​របស់​ក្រុមហ៊ុន​យ៉ាង​មាន​ប្រសិទ្ធភាព​ សម្រាប់​ការ​ប្រមូលប្រាក់​ ការ​ទូទាត់​ និង​ការ​ដាក់​បញ្ចូល​ទៅ​ក្នុង​ប្រព័ន្ធ​អេកូ​របស់​ ABA​ ក៏​ដូច​ជា​ការ​ផ្តល់​សិទ្ធិ​ដល់​អ្នក​ទូទាត់​,​ រួម​ជាមួយ​ សេវា​ប្រមូល​ការ​ទូទាត់​តាម​បណ្តាញ​សាខា​ និង​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​យ៉ាង​ទូលំទូលាយ​របស់​ ABA​ ដែល​ផ្ដល់​លទ្ធភាព​ក្នុង​ការ​ផ្តល់​នូវ​គំរូ​រំហូរ​ហិរញ្ញវត្ថុ​ដើម្បី​បង្កើត​តម្លៃ​សម្រាប់​ដៃគូ​និង​ភាគី​ពាក់ព័ន្ធ​ក្នុង​ការ​ទូទាត់​និង​ទំនាក់ទំនង​ផ្នែក​ពាណិជ្ជកម្ម​។​

ផ្ទាំងឃោសនាពាណិជ្ជកម្ម

​សាជីវកម្ម​ធំៗ​ជា​ច្រើន​នៅ​ក្នុង​វិស័យ​ទំនិញប្រើប្រាស់​ (FMCG)​ មានការ​ប្រឈម​ជាមួយនឹង​បញ្ហា​ការ​ប្រមូល​សាច់ប្រាក់​ពី​អ្នក​ចែកចាយ​ អ្នក​លក់ដុំ​ និង​អ្នក​លក់រាយ​នៅ​តាម​តំបន់​ ដោយសារ​តែ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​កម្ពុជា​អាស្រ័យ​លើ​ការ​ប្រើប្រាស់​សាច់ប្រាក់​។​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ ធនាគារ​ ABA​ នឹង​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ CBC​ ដើម្បី​អនុវត្ត​ការ​ប្រមូលប្រាក់​ដោយ​ប្រើ​គណនី​និម្មិត​ តាម​បញ្ជរ​ធនាគារ​ ម៉ាស៊ីន​ដាក់​ប្រាក់​ ម៉ាស៊ីន​ដក​/​ដាក់​ប្រាក់​ ATM​ និង​សេវា​ផ្សេងៗ​ទៀត​។​ ធនាគារ​ជឿ​ថា​ ហេ​ដ្ឋា​រចនា​សម្ពន្ធ​បច្ចុប្បន្ន​របស់​ខ្លួន​នឹង​ជួយ​ក្រុមហ៊ុន​ CBC​ បាន​យ៉ាង​ល្អ​ក្នុង​ការ​គ្រប់គ្រង​ និង​កាត់​បន្ថយ​ហានិភ័យ​ពី​ការ​ប្រមូល​ការ​ទូទាត់​ជា​សាច់ប្រាក់​ បង្កើន​រំហូរ​សាច់ប្រាក់​ និង​តុល្យភាព​ប្រចាំ​ថ្ងៃជា​អតិបរមា​ជាមួយ​ធនាគារ​។​

“​នៅ​ក្រុមហ៊ុន​ CBC​ យើង​ចង់​ឈានមុខ​គេ​ខាង​និន្នាការ​នៃ​ការ​អភិវឌ្ឍ​ផ្នែក​ឌី​ជី​ថ​ល​ និង​អាជីវកម្ម​អន​ឡាញ​ពេញ​ទូ​ទាំង​ប្រទេស​កម្ពុជា​ ដោយ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ដំណើរការ​នៃ​ការ​ទូទាត់​រវាង​ក្រុមហ៊ុន​ CBC​ ជាមួយនឹង​អ្នក​ផ្គត់ផ្គង់​ និង​ជាមួយ​អតិថិជន​របស់​យើង​ ដំណើរការ​ប្រកប​ដោយ​ប្រសិទ្ធភាព​ និង​មាន​ភាព​រលូន​ ដើម្បី​បង្កើន​ផលិតភាព​ដៃគូ​អាជីវកម្ម​របស់​យើង​។​ ដៃគូ​ជា​យុទ្ធសាស្ត្រ​ថ្មី​របស់​យើង​ជាមួយ​ ABA​ ដែល​ជា​ធនាគារ​ឈានមុខ​គេ​បំផុត​ផ្នែក​ន​វា​នុ​វត្ត​ រំពឹង​ថា​នឹង​ផ្តល់​ឲ្យ​យើង​នូវ​បច្ចេកវិទ្យា​ចុង​ក្រោយ​ខាង​ផ្នែក​សេវា​ធនាគារ​ឌី​ជី​ថ​ល​ ដែល​នឹង​ជួយ​ជំរុញ​ការ​ធ្វើ​អាជីវកម្ម​របស់​យើង​ ឲ្យ​បាន​ឈានមុខ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​។​ យើង​ពិតជា​រីករាយ​ណាស់​ដែល​បាន​ចាប់​ដៃគូ​ជាមួយ​ធនាគារ​ ABA​ និង​ទន្ទឹងរង់ចាំ​ភាព​ជោគជ័យ​នា​ពេល​អនាគត​ជាមួយ​គ្នា​”​ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ David​ Wigglesworth​ ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ CBC​។​

​ក្រុមហ៊ុន​ CBC​ នឹង​ទទួល​បាន​អត្ថប្រយោជន៍​បន្ថែម​ពី​ការ​ប្រើប្រាស់​សេវា​ iBanking​ for​ Business​ សម្រាប់​ការ​ទូទាត់​ប្រាក់​របស់​ខ្លួន​ទៅ​កាន់​អ្នកលក់​ អ្នក​ផ្គត់ផ្គង់​ និង​អ្នក​ពាក់ព័ន្ធ​ទាំង​ក្នុង​និង​ក្រៅប្រទេស​។​ នេះ​រាប់​បញ្ចូល​ទាំង​សេវា​ទូទាត់​ប្រាក់ខែ​ដល់​បុគ្គលិក​ បង់​វិក្កយបត្រ​ផ្សេងៗ​ និង​ប្រតិបត្តិការ​ទូទៅ​រវាង​គណនី​ធនាគារ​ និង​ជាមួយ​គណនី​ការ​បូ​ប​ឌី​ជី​ថ​ល​ (e-wallet)​ ផ្សេងៗ​ទៀត​។​

​នាយក​ប្រតិបត្តិ​របស់​ធនាគារ​ ABA​ លោក​ Askhat​ Azhikanov​ បាន​មាន​ប្រសាសន៍​ថា​ “​កូ​កា​-​កូ​ឡា​គឺជា​ម៉ាក​អន្តរជាតិ​ដែល​មាន​ផ្លា​ក​សញ្ញា​អាជីវកម្ម​នៅ​ទូ​ទាំង​ពិភពលោក​។​ យើង​ពិតជា​មាន​មោទនភាព​ណាស់​ ដែល​ក្រុមហ៊ុន​ CBC​ ជា​ក្រុមហ៊ុន​តំណាង​ឲ្យ​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​ជ្រើសរើស​ធនាគារ​ ABA​ ជា​ធនាគារ​បង្គោល​របស់​ក្រុមហ៊ុន​។​ ជាមួយនឹង​ជំនាញ​និង​ធនធាន​មាន​ស្រាប់​នៅ​នឹង​កន្លែង​ យើង​នឹង​ប្រឹងប្រែង​ឲ្យ​បាន​ល្អ​បំផុត​ ដើម្បី​ផ្តល់​នូវ​ដំណោះស្រាយ​ផ្នែក​គ្រប់គ្រង​ហិរញ្ញវត្ថុ​ទ្រង់ទ្រាយ​ធំ​និង​មាន​ប្រសិទ្ធភាព​ដល់​ក្រុមហ៊ុន​។​”

​បំពាក់​ដោយ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​រឹង​មាំ​ កម្មវិធី​ដែល​អាច​ទុកចិត្ត​បាន​ និង​ធនធាន​ប្រកបដោយ​គុណភាព​ ធនាគារ​ ABA​ ត្រូវ​បាន​រៀបចំ​សម្រាប់​ពង្រីក​សហប្រតិបត្តិការ​ និង​ភាព​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ CBC​ ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​និរន្តរភាព​ និង​ភាព​រីក​ចំរើន​ក្នុង​កិច្ចសហការ​ផ្នែក​អាជីវកម្ម​ក្នុង​រយៈពេល​វែង​ទៅ​មុខ​។​

​អំពី​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា​ (​កូ​កា​-​កូ​ឡា​)

​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា​ កូ​កា​-​កូ​ឡា​ (CBC)​ ដែល​ជា​ក្រុមហ៊ុន​ភេសជ្ជៈ​គ្មាន​ជាតិ​ស្រវឹង​ ឈានមុខ​គេ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ 100%​ របស់​សម្ព័ន្ធ​ក្រុមហ៊ុន​ Bottling​ Investments​ Group​ (BIG)​ ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ 100%​ របស់​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា​ មាន​មោទនភាព​ក្នុង​នាម​ជា​អ្នក​ផលិត​ ផ្គត់ផ្គង់​  និង​អ្នក​ចែកចាយ​ ដែល​ទទួល​បាន​សិទ្ធិ​ផ្ដាច់មុខ​ពី​ក្រុមហ៊ុន​ កូ​កា​-​កូ​ឡា​ និង​ក្រុមហ៊ុន​ Monster​ Energy​ Company​ ក្នុង​ប្រទេស​កម្ពុជា​។​

​រោងចក្រ​របស់ ​CBC​ គឺជា​រោងចក្រ​ថ្មី​បំផុត​មួយ​ របស់​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា​ នៅ​ក្នុង​តំបន់​អាស៊ី​។​ រោងចក្រ​នេះ​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ គ្របដណ្ដប់​លើ​ផ្ទៃដី​ 12,5 ហិ​កតា​ ហើយ​មាន​ទំហំ​ធំ​ជាង​ទីតាំង​ចាស់​រហូត​ដល់​ទៅ​ 10​ ដង​។​

រោងចក្រ​ថ្មី​នេះ​  បាន​ជួយ​បង្កើន​សមត្ថភាព​ផ្គត់ផ្គង់​ផលិតផល​ ដែល​អាច​បំពេញតម្រូវការ​របស់​អតិថិជន​ និង​អ្នក​ប្រើប្រាស់​ក្នុងស្រុក​ទាំង​នា​ពេល​បច្ចុប្បន្ន​ និង​នា​ពេល​អនាគត​ ។​

​អំពី​ធនាគារ​ ABA៖

ធនាគារ​ ABA​ គឺជា​ធនាគារ​មួយ​ក្នុង​ចំណោម​គ្រឹះស្ថាន​ធនាគារ​ឈានមុខ​គេ​នៅ​កម្ពុជា​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​ 1996​។​ មក​ដល់​ពេល​នេះ​ ធនាគារ​ ABA​ ផ្តល់​ជូន​សេវា​ហិរញ្ញវត្ថុ​ និង​ដំណោះស្រាយ​ផ្នែក​ធនាគារ​ឌី​ជី​ថ​ល​យ៉ាង​ពេញលេញ​ជូន​ដល់​អតិថិជន​ រួម​ទាំង​សហគ្រាស​ធុន​តូច​និង​មធ្យម​ អាជីវកម្ម​ខ្នាត​តូច​បំផុត​ និង​បុគ្គល​ជាដើម​។​

​គិត​មក​ដល់​ត្រឹម​ថ្ងៃ​ទី​ 31​ ឧសភា​ 2019​ ទ្រព្យសកម្ម​របស់​ធនាគារ​ ABA​ មាន​ចំនួន​ 3.36​ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ដែល​ធ្វើ​ឲ្យ​ខ្លួន​ក្លាយជា​ធនាគារ​ធំ​ទី​បី​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ នៅ​ក្នុង​ឆ្នាំ​ 2017​ ធនាគារ​ ABA​ បាន​ទទួល​ចំណាត់ថ្នាក់​ឥណទាន​កម្រិត​ “B”​ ពី​ Standard​ and​ Poor’s​ (S&P)​ Global​ Ratings​។​ ហើយ​ក្នុង​ឆ្នាំ​ 2018​ S&P​ បាន​អះអាង​ជា​ថ្មី​នូវ​ចំណាត់ថ្នាក់​ឥណទាន​នេះ​ជាមួយនឹង​ទស្សន​វិ​ស្ស័​យ​ “​វិជ្ជមាន​”​។​

​ធនាគារ​ ABA​ ក៏​បាន​ទទួល​ពានរង្វាន់​ “​ធនាគារ​ល្អ​បំផុត​នៅ​កម្ពុជា​”​ ពី​ឆ្នាំ​ 2015​ ដល់​ឆ្នាំ​ 2019​ ពី​ទស្សនាវដ្ដី​ធំៗ​ដូច​ជា​ The​ Banker,​ Euromoney​ និង​ Global​ Finance​។​

​ម្ចាស់​ភាគហ៊ុន​ដ៏​ធំ​របស់​ធនាគារ​ ABA​ គឺ​ធនាគារជាតិ​កា​ណា​ដា​ (www.nbc.ca)​ ដែល​ជា​ធនាគារ​ធំ​ជាងគេ​ទី​ប្រាំមួយ​នៅ​ប្រទេស​កា​ណា​ដា​ និង​ជា​ធនាគារ​ដែល​ឈានមុខ​គេ​នៅ​ Quebec​ ជា​កន្លែង​ដែល​ធនាគារ​នេះ​ក្លាយជា​ជម្រើស​ដៃគូ​សម្រាប់​សហគ្រិន​ធុន​តូច​និង​មធ្យម​៕

 

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគីជាអ្នកសរសេរអត្ថបទក្នុងគេហទំព័រ apamat.com ។ ចំពោះខ្ញុំការសរសេរអត្ថបទគឺជារឿងរីករាយ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យខ្ញុំរីករាយនោះគឺ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជំនាញ និង គតិបណ្ឌិតល្អៗដល់មិត្តអ្នកអានទុកជាចំណេះដឹងសម្រាប់ធ្វើការសិក្សាស្វែងយល់។