ហេតុអ្វី HTC បរាជ័យ?

1501

HTC​ គឺជាក្រុមហ៊ុនផលិតទូរស័ព្ទដ៏ល្បីមួយរបស់តៃវ៉ាន់ ដោយក្រុមហ៊ុននេះបាននាំមកបច្ចេកវិទ្យាប្លែកៗជាច្រើនមកបំពាក់លើទូរស័ព្ទមុនគេដូចជា កាមេរ៉ាភ្លោះដែលមានតាំងតែពីឆ្នាំ២០១៤ ការបំពាក់ Speaker ភ្លោះនៅផ្នែកខាងមុខ និង បច្ចេកវិទ្យាពិសេសៗជាច្រើនទៀត។ ប៉ុន្ដែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ HTC ហាក់ដូចជាបាត់មុខពីវិស័យទូរស័ព្ទទំនើប ហើយអ្នកគាំទ្រជាច្រើនក៏មានការងឿងឆ្ងល់ថាហេតុអ្វីបានជាក្រុមហ៊ុនទូរស័ព្ទដ៏ធំនេះបាត់ឈ្មោះចេញពីទីផ្សារទូរស័ព្ទ?

១.ការធ្វើទីផ្សារខ្សោយ៖ ក្រុមហ៊ុននេះផលិតទូរស័ព្ទដែលមានគុណភាពខ្ពស់ប៉ុន្ដែចំនុចខ្សោយរបស់ខ្លួននោះគឺខ្សោយជាងក្រុមហ៊ុនដទៃខាងការធ្វើទីផ្សារទូរស័ព្ទ។ ឧទាហរណ៍នោះគឺកាលពីឆ្នាំ២០១៣ HTC បានចំណាយលុយប្រហែល១ពាន់លានដុល្លាដើម្បីធ្វើទីផ្សារដោយក្នុងនោះបានទាំងជួលតារាហូលីវូដដ៏ល្បីគឺលោក Robert Downey Jr. ដើម្បីថតក្នុងការផ្សាយពាណិជ្ជកម្មនោះ។ ប៉ុន្ដែទោះជាចំណាយច្រើនយ៉ាងណាក៏ដោយក៏វីដេអូពាណិជ្ជកម្មនោះមិនសូវមានការគាំទ្រពីសារធារណៈជនឡើយព្រោះវាមិនសូវមានអ្វីទាក់ទងនឹងទូរស័ព្ទរបស់ខ្លួនឡើយ។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

២.ផលិតផលច្រើនពេក៖ កាលពីឆ្នាំ២០០៩ HTC​ បានផលិតទូរស័ព្ទរហូតដល់ទៅជាង១០០ប្រភេទផ្សេងៗគ្នាព្រោះខ្លួនគិតថាការមានផលិតផលច្រើននឹងអាចចាប់បានទីផ្សារធំព្រោះអាចបំពេញគ្រប់តម្រូវការរបស់អតិថិជនបាន។ ប៉ុន្ដែអ្វីដែល HTC​ មិនចាប់អារម្មណ៍នោះគឺការដាក់លក់ផលិតផលច្រើនពេកធ្វើអោយអតិថិជនមិនដឹងច្បាស់ថាមួយណាជាប្រភេទប្រណីត ប្រភេទកណ្ដាល និង ប្រភេទតម្លៃទាប។ ក្រៅពីនេះការដាក់ឈ្មោះទូរស័ព្ទរបស់ខ្លួនក៏ប្លែកពីគេដែរ ឧទារហណ៍ ក្រុមហ៊ុន Samsung ដាក់ឈ្មោះទូរស័ព្ទប្រណីតរបស់ខ្លួនថា Galaxy S… ទូរស័ព្ទថ្នាក់កណ្ដាលថា Galaxy A…ជាដើម។ ដោយឡែក HTC​ វិញបែរជាដាក់ឈ្មោះដែលពិបាកនឹងធ្វើអោយគេចំណាំបានដូចជា Salsa, Pyramid, Sensation ឬ ChaCha ជាដើម។

៣.បាត់បង់ការគាំទ្រពីក្រុមហ៊ុនសេវាទូរស័ព្ទ៖ នៅបរទេសវិធីដែលងាយស្រួលបំផុតសម្រាប់អតិថិជនទិញទូរស័ព្ទនោះគឺតាមក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទ។ ដោយសារតែកេរ្តិ៍ឈ្មោះរបស់ HTC​ បានធ្លាក់ចុះធ្វើអោយក្រុមហ៊ុនសេវាទូរស័ព្ទមួយចំនួនមិនយកទូរស័ព្ទ HTC​ មកលក់ឡើយព្រោះពួកគេក៏ត្រូវការរកចំនេញដែរ ហើយបន្ថែមពីនេះគោលការណ៍របស់ HTC​ ផ្ទាល់នោះគឺផ្ដល់សិទ្ធទៅដល់ក្រុមហ៊ុនសេវាទូរស័ព្ទមួយចំនួនប៉ុណ្ណោះក្នុងការដាក់លក់ទូរស័ព្ទខ្លួន។ ឧទាហរណ៍ នៅសហរដ្ឋអាមេរិកទូរស័ព្ទ HTC​ U11 របស់ខ្លួនអាចរកទិញបានតែនៅក្រុមហ៊ុនសេវាទូរស័ព្ទ Sprint ប៉ុណ្ណោះ ចំណែកឯអតិថិជនរបស់ក្រុមហ៊ុនសេវាទូរស័ព្ទធំៗដទៃទៀតចង់ប្រើទូរស័ព្ទនេះក៏ពិបាកនឹងសម្រេចចិត្តដែរ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។