អាជីវកម្មបង្កើតថ្មីរបស់បរទេស Vs អាជីវកម្មបង្កើតថ្មីរបស់កម្ពុជា ក្នុងទីផ្សារដឹកអ្នកដំណើរ

1530

អាជីវកម្មបង្កើតថ្មីធំៗរបស់កម្ពុជារួមមាន App ហៅតាក់ស៉ី PassApp និង WeGo ក្រុមហ៊ុនដឹកអាហារ Nham24 និងក្រុមហ៊ុនទូទាត់ប្រាក់តាម App Pipay កំពុងរងការគម្រាមកំហែងពីការវាយឡុកទីផ្សាររបស់ក្រុមហ៊ុនសិង្ហបុរី Grab ។

ក្រុមហ៊ុន Grab បានចូលមកកម្ពុជាដំបូងក្នុងឆ្នាំ ២០១៧ ខណៈបច្ចុប្បន្ន ក្រុមហ៊ុននេះកំពុងដាក់ដំណើរការសេវាកម្ម GrabCar, GrabPay, GrabRewards  ហើយគ្រោងនឹងដាក់បន្ថែមសេវាដឹកអាហារ និងសេវាផ្តល់កម្ចីនៅចុងឆ្នាំនេះផងដែរ ដើម្បីវ៉ាឲ្យដាច់ PassApp នៅក្នុងឆ្នាំនេះ។ 

ផ្ទាំងឃោសនាពាណិជ្ជកម្ម

PassApp ក៏គ្រោងបន្ថែមសេវាទូទាត់ប្រាក់តាមទូរស័ព្ទដៃ និងសេវាដឹកអាហារផងដែរក្នុងឆ្នាំនេះ ប៉ុន្តែអាជីវកម្មបង្កើតថ្មីរបស់យើងទាំងអស់ គឺពិតជាពិបាកនឹងប្រជែងជាមួយ Grab ខ្លាំងណាស់ ព្រោះក្រុមហ៊ុននេះមានដើមទុនច្រើន និងមានបច្ចេកវិទ្យាខ្លាំងជាងយើង។ យុទ្ធសាស្ត្រប្រកួតប្រជែងតម្លៃរបស់ Grab បានធ្វើឲ្យ PassApp ដែលបច្ចុប្បន្នកំពុងឈរលេខមួយតំណាងឲ្យកម្ពុជា ត្រូវបង្ខំចិត្តទម្លាក់តម្លៃរបស់ខ្លួនតាម Grab ស្របពេលដែល Grab កាន់តែព្យាយាមប្រើយុទ្ធសាស្ត្រទីផ្សារដ៏មានឥទ្ធិពលដើម្បីដណ្តើមទីផ្សារ។

អាជីវកម្មដឹកអាហារ Nham24 ដែលទើបទទួលបានជំនួយពីក្រុមហ៊ុន Smart ក៏គ្រោងនឹងហក់ចូលទីផ្សារដឹកអ្នកដំណើរផងដែរ ហើយមានអាជីវកម្មបង្កើតថ្មីទាំងក្នុងស្រុក និងក្រៅស្រុកកាន់តែច្រើនបាន និងកំពុងតែចូលប្រជែងនៅក្នុងសមរភូមិទីផ្សារដឹកអ្នកដំណើរនេះ។

សរុបមក គ្រាន់តែ Grab ចូលមកមួយ ធ្វើឲ្យអាជីវកម្មបង្កើតថ្មីរបស់យើងស្ទើរតែបាត់បង់ចំណែកធំក្នុងទីផ្សារខ្លួនឯងទៅហើយ ទម្រាំតែ Go-Jek ចូលមកមួយទៀត គឺប្រាកដជាកាន់តែវេទនាមិនខាន៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។