រដ្ឋាភិបាលវៀតណាម គ្រោងលក់ភាគហ៊ុនរបស់ខ្លួនក្នុងធនាគារ MBBank ចំនួន ៧,៥% ទៅឲ្យវិស័យឯកជន

846

វៀតណាម(DSA)៖ រដ្ឋាភិបាលវៀតណាមគ្រោងនឹងលក់ភាគហ៊ុនចំនួន ៧,៥ ភាគរយនៅក្នុងធនាគារ Military Commmercial Joint Stock Bank (MBBank) ជាធនាគារផ្តល់ប្រាក់កម្ចីធំជាងគេមួយរបស់ប្រទេសវៀតណាម។

លោក Luu Trung Thai នាយកប្រតិបត្តិនៃធនាគារ MBBank បាននិយាយថា ការផ្តល់ជូននេះនឹងត្រូវបានធ្វើឡើងតាមរយៈការចេញលក់ភាគហ៊ុន(issuance share) ចំនួន ១២៣ លាន និងការលក់បណ្ណរតនាគា(Treasury share) ចំនួន ៣៩,៩ លានហ៊ុន។ លោក Thai ត្រូវបានគេដកស្រង់សម្តីដែលលោកបាននិយាយថា “យើងមានគម្រោងលក់ភាគហ៊ុនទៅកាន់វិនិយោគិនបរទេសណាមួយ ឬច្រើន ហើយពួកគេមិនមែនជាភាគទុនិកយុទ្ធសាស្រ្តរបស់ធនាគារនោះទេ” ។

យោងតាម ​​FactSet ជាស្ថាប័នផ្តល់ទិន្នន័យបានបង្ហាញថា បច្ចុប្បន្ននេះរដ្ឋាភិបាលមានភាគហ៊ុនចំនួន ៤៤ ភាគរយនៅក្នុងធនាគារ MBBank ។ ស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក  និងបរទេសមានភាគហ៊ុនចំនួន ១១ ភាគរយ ហើយភាគហ៊ុនដែលនៅសល់ត្រូវបានកាន់កាប់ដោយអ្នកវិនិយោគទុន និងអង្គភាពផ្សេងៗទៀត។

យោងតាមរបាយការណ៍ហិរញ្ញវត្ថុរបស់ត្រីមាសទី ១ ឆ្នាំ ២០១៩ ធនាគារ MBBank មានដើមទុនចំនួន ២១,៦ ទ្រីលានដុង (១១,៨ លានដុល្លារ)។ កាលពីចុងឆ្នាំ ២០១៨ ប្រាក់ចំណេញសុទ្ធរបស់ធនាគារនេះមានរហូតដល់ចំនួន ២៦៧ លានដុល្លារអាមេរិច ហើយទ្រព្យសកម្មសរុបរបស់ MBBank បានកើនដល់ ១៦ ពាន់លានដុល្លារ នៅក្នុងរបាយការណ៍ឆ្នាំ ២០១៨ ។

កាលពីដើមឆ្នាំនេះ ធនាគារពាណិជ្ជសម្រាប់ពាណិជ្ជកម្មក្រៅប្រទេសរបស់វៀតណាម ដែលត្រូវបានគេស្គាល់ជាទូទៅថាជាធនាគារ Vietcombank ទទួលបានការយល់ព្រមពីគណៈកម្មការមូលបត្រ ដើម្បីលក់ភាគហ៊ុនចំនួន ២៧០ លានដុល្លារ ទៅឱ្យក្រុមហ៊ុន GIC របស់សិង្ហបុរី និងធនាគារជប៉ុន Mizuho Bank ។

កាលពីមុន ធនាគារ BIDV ដែលត្រូវបានគេស្គាល់ថាជាធនាគារសម្រាប់ការវិនិយោគ និងអភិវឌ្ឍន៍វៀតណាម ត្រូវបានគេនិយាយថា បានសម្លឹងមើលឱកាសលក់ភាគហ៊ុនជាង ៦០៣,៣ លានហ៊ុន ទៅកាន់ធនាគារ KEB Hana Bank ដែលជាធនាគារធំជាងគេលំដាប់ទីពីររបស់កូរ៉េខាងត្បូង។ ក្រៅពីនេះ កាលពីឆ្នាំមុន ធនាគារមួយក្នុងចំណោមធនាគារធំជាងគេរបស់ប្រទេសវៀតណាម គឺ Techcombank បានបង្កើនដើមទុនចំនួន ៩២២ លានដុល្លារ តាមរយៈការបោះលក់ភាគហ៊ុនជាសាធារណៈ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។