កាលពីថ្ងៃព្រហស្បតិ៍នេះក្រុមហ៊ុន Apple បានប្រាប់ទៅកាន់សារពត៌មានថាខ្លួននឹងទិញបច្ចេកវិទ្យា modem សម្រាប់បំពាក់លើទូរស័ព្ទពីក្រុមហ៊ុន Intel ក្នុងតម្លៃ១ពាន់លានដុល្លាដោយក្នុងនោះបូករួមទាំងកម្មសិទ្ធបញ្ញាជាច្រើននិងបុគ្គលិកប្រហែល២០០០នាក់ផងដែរ។ Apple បានបង្ហាញពីការចាប់អារម្មណ៍ទៅលើការផលិត modem ផ្ទាល់ខ្លួនជាយូរមកហើយ ចំណែកឯការទិញបច្ចេកវិទ្យានេះពី Intel បង្ហាញពីមហិច្ចតាក្នុងការត្រៀមខ្លួនផលិត modem 5G ដោយខ្លួនឯងនៅពេលដែលកិច្ចសន្យាទិញ modem ពីក្រុមហ៊ុន Qualcomm បញ្ចប់នាពេល៦ឆ្នាំខាងមុខ។ បច្ចុប្បន្ន Apple គ្មានជម្រើសក្រៅពីទិញបច្ចេកវិទ្យា 5G សម្រាប់បំពាក់លើ iPhone ពី Qualcomm នោះទេព្រោះ ជម្រើសផ្សេងទៀតមានដូចជាទិញពី Huawei ដែលពេលនេះគឺមិនសាកសមឡើយដោយសារតែជម្លោះពាណិជ្ជកម្មរវាងអាមេរិកនិងចិន។ ជម្រើសបន្ទាប់គឺរងចាំ Intel អាចតាមទាន់បច្ចេកវិទ្យា 5G ប៉ុន្ដែបើមើលតាមជាក់ស្ដែងគឺត្រូវចំណាយពេលយូរ និង ជម្រើសចុងក្រោយគឺផលិតវាដោយខ្លួនឯងដែលត្រូវការពេលកាន់តែយូរថែមទៀត។
CEO របស់ Apple លោក Tim Cook ចូលចិត្តប្រើយុទ្ធសាស្ត្រក្នុងការកាត់បន្ថយការទិញគ្រឿងបន្លាស់ពីប្រភពខាងក្រៅនៅពេលដែលគាត់មើលឃើញថាស្ថានភាពសមស្រប។ ដោយសារតែការទិញ modem ពី Qualcomm ធ្វើអោយ Apple មានបញ្ហាមិនចេះចប់នោះ ការទិញបច្ចេកវិទ្យា modem ពី Intel នៅពេលនេះគឺពិតត្រូវតាមកាលៈទេសៈ។ Apple មានពេលគ្រប់គ្រាន់រហូតដល់ទៅ៦ឆ្នាំសម្រាប់អភិវឌ្ឍបច្ចេកវិទ្យា 5G ដោយខ្លួនឯងនៅពេលដែលផុតកិច្ចសន្យាទិញ modem 5G ពី Qualcom៕
