មនស្សជាច្រើនគិតថា ការវិនិយោគលើអចលនទ្រព្យ គឺជាការវិនិយោគល្អបំផុត ប៉ុន្តែអ្នកខ្លះទៀតគិតថា ការវិនិយោគលើវិស័យបច្ចេកវិទ្យា គឺជាការវិនិយោគលើអនាគត។ បើតាមគំនិតរបស់ខ្ញុំយល់ថា ការវិនិយោគលើអាជីវកម្មបច្ចេកវិទ្យាល្អជាងលើអចលទ្រព្យ ដោយសារតែវាអាចចាប់ផ្តើមដើមទុនតិច ហើយរយៈពេលនៃការរកប្រាក់ចំណូលមកវិញ ក៏លឿនជាងវិស័យអចលនទ្រព្យ។
ការលក់ទំនិញនៅលើ Facebook គ្រាន់តែជាការលក់ដោយឯកជនប៉ុណ្ណោះ ប៉ុន្តែខាងក្រោមនេះខ្ញុំសំដៅលើអាជីវកម្មលក់ទំនិញផ្សេងៗនៅលើវេបសាយផ្ទាល់ខ្លួន។
នៅកម្ពុជាកំពុងតែមានកម្រើកគួរសម្យដែរ ដូចជាគេហទំព័រលក់សម្លៀកបំពាក់ គេហទំព័រកក់សំបុត្រឡានក្រុង កម្មវិធីហៅតាក់ស៊ីតាមទូរស័ព្ទដៃ គេហទំព័រស្វែងរកការងារ គេហទំព័រលក់ទំនិញ គេហទំព័រកម្មង់ និងដឹកជញ្ជូនអាហារជាដើម។ ប្រសិនបើអ្នកមានបំណងចង់រកស៊ីក្នុងវិស័យនេះ ដោយមានគំនិតអាជីវកម្មថ្មីៗ ជំហានខាងក្រោមនេះអាចនឹងជួយអ្នកបាន៖
១. ស្គាល់ទីផ្សារ
មុននឹងអ្នកបង្កើតអាជីវកម្មមួយឡើង អ្នកត្រូវដឹងអំពីទីផ្សារជាមុនសិន ថាវាមានតម្រូវការ ហើយតម្រូវការតិច ឬច្រើន ហើយមានអ្នកផ្គត់ផ្គង់ច្រើន ឬតិច។ បើអ្នកស្គាល់ទីផ្សារកាន់តែខ្លាំង ក្តីសង្ឃឹមជោគជ័យក៏កាន់តែច្រើនដូចគ្នា។ ប៉ុន្តែអ្នកមិនចាំបាច់រៀនពីទីផ្សារនោះដូចអ្នកជំនាញនោះទេ អ្នកគ្រាន់តែព្យាយាមរៀនពីវាដោយយកចិត្តទុកដាក់ទៅគ្រប់គ្រាន់ហើយ។ គំនិតអាជីវកម្មអនឡាញ អ្នកអាចស្រាវជ្រាវពីបរទេស ដែលអាចយកចូលទីផ្សារកម្ពុជាបាន ដូចជាការបង្កើតគេហទំព័រលក់សម្លៀកបំពាក់ ប៉ុន្តែលក់តែខោអាវក្នុងរបស់នារី, គេហទំព័រផ្គូផ្គងធនធានមនុស្សជាមួយក្រុមហ៊ុនដែលត្រូវការបុគ្គលិកឆ្នើម, គេហទំព័រជួលសម្ភារៈប្រើប្រាស់, គេហទំព័រកក់សណ្ឋាគារ ឬផ្ទះសំណាក់, គេហទំព័រនែនាំផលិតផល ឬគំនិតអាជីវកម្មដែលអ្នករកឃើញថ្មី។ ល។
២. បង្កើតគេហទំព័រ
នៅពេលដែលអ្នកសម្រេចថាចូលប្រលូកក្នុងទីផ្សារអនឡាញនោះហើយ រឿងបន្ទាប់គឺត្រូវបង្កើតគេហទំព័រ។ ប្រសិនបើអ្នកចង់ប្រតិបត្តិការធំ អ្នកត្រូវស្វែងរកក្រុមហ៊ុនណាដែលជំនាញខាងបង្កើតគេហទំព័រ ដើម្បីធានាដល់គុណភាព ប្រសិទ្ធភាព និងសុវត្តិភាពខ្ពស់ ឬក៏ស្វែងរកដៃគូជំនាញបង្កើតក្រុមជំនួញ។ នៅពេលដែលអ្នកទៅដល់ក្រុមហ៊ុនជំនាញទាំងនោះ ក្រុមហ៊ុនខ្លះ ផ្តល់ Domain និង Hosting ឲ្យអ្នកដោយឥតគិតថ្លៃនៅឆ្នាំដំបូង។ សូមបញ្ជាក់ដែលថា ការរកស៊ីលើវិស័យអនឡាញ មិនមែនមានន័យថាទាល់តែអ្នកជំនាញខាងបច្ចេកវិទ្យានោះទេ ឲ្យតែអ្នកពិតជាចង់ធ្វើវាមែន អ្នកអាចរកដៃគូដែលជំនាញខាង IT ឬក៏ប្រសិនបើវាមិនមែនជាគេហទំព័របែបសាំញាំទេ ក្រុមហ៊ុនដែលបង្កើតគេហទំព័ររបស់អ្នក គេនឹងបង្រៀនអ្នកអំពីរបៀបប្រើប្រាស់ និងរបៀបគ្រប់គ្រង។ ដូច្នេះ បើអ្នកមិនជំនាញខាង IT អ្នកគួរតែផ្តោតលើការគ្រប់គ្រងទំនិញ ខាងធ្វើទីផ្សារ និងកិច្ចការពាក់ព័ន្ធផ្សេងទៀត។
៣. សហការជាមួយក្រុមហ៊ុនទូទាត់សាច់ប្រាក់តាមអ៉ីនធើណិត
នៅពេលអ្នករកស៊ីតាមអនឡាញ ការគិតលុយក៏ត្រូវគិតតាមអនឡាញដូចគ្នា។ ឥឡូវនេះ នៅកម្ពុជាមានក្រុមហ៊ុនទូទាត់សាច់ប្រាក់តាមអនឡាញជាច្រើន ដូចជា Wing, Pi Pay, TrueMoney និងក្រុមហ៊ុនជាច្រើនទៀត ដែលអ្នកអាចសហការជាមួយពួកគេ។ ហើយប្រសិនបើអ្នកចង់លក់នៅក្រៅប្រទេសកម្ពុជា អ្នកត្រូវភ្ជាប់សេវាជាមួយក្រុមហ៊ុន Visa Card, Master Card និង PayPal ។
៤. រៀបចំប្រព័ន្ធដឹកជញ្ជូនទំនិញទៅឲ្យអតិថិជន
បន្ទាប់ពីអតិថិជនបានបង់ប្រាក់រួចរាល់ ការងារបន្ទាប់គឺត្រូវដឹកជញ្ជូន។ អ្នកអាចសហការជាមួយក្រុមហ៊ុនដឹកជញ្ជូនផ្សេង ឬក៏បង្កើតសេវាដឹកជញ្ជូនដោយខ្លួនឯង។ អ្នកត្រូវរៀបចំប្រព័ន្ធដឹកជញ្ជូនមួយឲ្យច្បាស់លាស់ ដូចជាពេលដឹកទៅតាមខេត្តត្រូវដឹកតាមរយៈអ្វី ពេលដឹកក្នុងក្រុងត្រូវដឹកតាមអ្វី ហើយធ្វើយ៉ាងណាឲ្យអតិថិជនកាន់តែមានទំនុកចិត្ត និងងាយស្រួល។
៥. រៀបចំចំណុចសំខាន់ៗផ្សេងទៀតដូចជា៖
- ការបង់ពន្ធ
- គណនីធនាគារ
- ច្បាប់ធ្វើអាជីវកម្ម
- ទីតាំងការិយាល័យ និងទីតាំងប្រតិបត្តិការ
- ឃ្លាំងស្តុកទំនិញសម្រាប់ដឹកជញ្ជូន
- ប្រព័ន្ធគ្រប់គ្រងគណនេយ្យ
- យុទ្ធសាស្រ្តធ្វើទីផ្សារ…៕
