វិធីទាក់ទាញអ្នកវិនិយោគ ឲ្យមកដាក់ទុនក្នុងអាជីវកម្មថ្មីថ្មោងរបស់អ្នក

2582

អ្នកវិនិយោគនឹងវិនិយោគប្រាក់របស់ពួកគេ នៅពេលដែលអ្នកធ្វើអ្វីម្យ៉ាងឲ្យពួកគេទុកចិត្ត និងមានសុទិដ្ឋិនិយមចំពោះគម្រោងរកស៉ីរបស់អ្នក។ ដូច្នេះដើម្បីទាក់ទាញពួកគេ នៅក្នុងគំនិតរកស៊ីរបស់អ្នកត្រូវតែមានចំណុចពិសេសដែលអាចទាក់ចិត្តរបស់ពួកគេបាន ហើយនៅពេលដែលអ្នកពន្យល់ពីគំនិតទាំងនោះ អ្នកត្រូវតែប្រាកដក្នុងចិត្តថា រាល់អ្វីដែលអ្នកនិយាយគឺសុទ្ធតែអាចធ្វើបាន ហើយអ្នកនឹងធ្វើវាដោយពិតប្រាកដមែន។ ចំណុចខាងក្រោមនេះ គឺជាគន្លឹះសម្រាប់សហគ្រិនថ្មីថ្មោង អាចយកទៅអនុវត្តន៍៖

ប្រសិនបើអ្នកចង់បង្កើនចំណេះដឹងផ្នែករកស៉ី ខ្ញុំណែនាំអ្នកនូវសៀវភៅល្អមួយគឺ “ផ្លូវចេញរកស៉ី” ដែលត្រូវបានវាយតម្លៃដោយវេបសាយរបស់យើងថាជា សៀវភៅចេញរកស៉ីល្អជាងគេនៅកម្ពុជា។
១. ធ្វើកិច្ចការដែលអ្នកធ្លាប់បាននិយាយថានឹងធ្វើ

អ្នកវិនិយោគរបស់អ្នកអាចនឹងដកថយបើអ្នកព្យាយាមប្រើលេស ដូច្នេះអ្នកត្រូវពុះពារធ្វើយ៉ាងណាឲ្យពួកគេបានឃើញថាអ្នកអាចធ្វើកិច្ចការបានសម្រេច មិនថាមានឧបសគ្គប៉ុណ្ណាក៏ដោយ។ ពួកគេជឿជាក់មនុស្សណាដែលហ៊ាននិយាយ ហើយហ៊ានធ្វើពិតប្រាកដមែន។

២. សុំការណែនាំ តែកុំទាន់សួររឿងលុយ

ជំនួសដោយការហៅពួកគេឲ្យវិនិយោគក្នុងក្រុមហ៊ុនរបស់អ្នកដោយត្រង់ៗ និងរហ័សពេក អ្នកគួរសុំយោបល់ពីអ្នកវិនិយោគណាដែលអ្នកគិតថាពួកគេអាចវិនិយោគជាមួយអ្នក។ ការធ្វើបែបនេះ អ្នកអាចបង្កើតទំនាក់ទំនងល្អជាមួយពួកគេផង ហើយវាក៏នឹងធ្វើឲ្យពួកគេមានចំណាប់អារម្មណ៍ចង់វិនិយោគកាន់តែច្រើនផងដែរ។ វាគឺជាចិត្តសាស្ត្រ នៅពេលអ្នកសុំយោបល់ពីពួកគេ ហើយបើពួកគេបញ្ចេញគំនិតចូលទៅក្នុងគម្រោងអាជីវកម្មរបស់អ្នក នោះពួកគេនឹងមានអារម្មណ៍ថាវាក៏ដូចជាអាជីវកម្មរបស់ពួកគេដែរ ហើយវានឹងបង្កើតឱកាសឲ្យអ្នកទទួលបានទុនពីពួកគេ។

៣. ធ្វើជាមនុស្សដែលច្បាស់លាស់

ជៀសវាងធ្វើជាមនុស្សក្រអឺតក្រទម។ អ្នកត្រូវបង្ហាញពីភាពស្មោះត្រង់តាមរយៈពាក្យសំដី និងឥរិយាបទឲ្យសាកសមជាសហគ្រិន ហើយបង្ហាញពួកគេថា អ្នកអាចទទួលយកទាំងពាក្យរិះគន់ និងយោបល់បន្ថែម។ ធ្វើបែបនេះ ពួកគេនឹងកាន់តែមានទំនុកចិត្តលើអ្នកកាន់តែខ្ពស់។ ខ្ញុំធ្លាប់ជួបដៃគូវិនិយោគម្នាក់ដែលគាត់ជាជនជាតិខ្មែរ ប៉ុន្តែរស់នៅបរទេស គាត់ចាប់អារម្មណ៍វិនិយោគប្រាក់ក្នុងគម្រោងមូលនិធិវិនិយោគមួយផ្តោតលើអាជីវកម្មបង្កើតថ្មីនៅកម្ពុជា ដែលមូលនិធិនេះក៏ជាម្ចាស់ភាគហ៊ុននៅក្នុងវេបសាយនេះ ហើយក៏ជាប្រភពទុនរបស់ Royal Elephant Capital ផងដែរ។ គាត់បានព្យាយាមស៉ើបអំពីខ្ញុំជាស្រេច មុនគាត់មកជួបខ្ញុំ ដូច្នេះគាត់ផ្តល់ទំនុកចិត្តខ្ពស់លើគម្រោងរបស់ខ្ញុំ ដោយមិនចាំបាច់និយាយច្រើនឡើយ នេះក៏ដោយសារខ្ញុំទម្លាប់ធ្វើការច្បាស់លាស់ និងមានទំនួលខុសត្រូវលើការងារដែលខ្ញុំធ្វើ ហើយមនុស្សដែលស្គាល់ខ្ញុំពួកគាត់ឲ្យតម្លៃខ្ញុំដោយសារតែគោលការនេះ។

៤. និយាយពីផលចំណេញពីការវិនិយោគ

នៅពេលដែលអ្នកវិនិយោគជឿជាក់ ហ៊ានវិនិយោគក្នុងក្រុមហ៊ុនរបស់អ្នក ហើយអ្វីដែលពួកគេចង់បានមកវិញនោះគឺ ប្រាក់ចំណេញ។ ដូច្នេះអ្នកត្រូវបញ្ជាក់ឲ្យកាន់តែច្បាស់ជាមួយពួកគេ ថាពួកគេនឹងទទួលបានផលចំណេញអ្វីខ្លះ។ បើអ្នកចង់ឲ្យគេ ព្រមដាក់ទុនជាមួយអ្នក អ្នកត្រូវនិយាយពន្យល់ពីការខាតចំណេញដើម្បីឲ្យគេយល់ ពីព្រោះគេព្រមធ្វើតាមយើង ដោយសារតែគេមើលផលប្រយោជន៍នេះឯង។ ទោះបីជាយ៉ាងណា កុំនិយាយផ្តោតចង់ឲ្យគេវិនិយោគ ព្រោះគេអាចមើលដឹងពីគោលបំណងរបស់អ្នក ប៉ុន្តែអ្នកគួរនិយាយពន្យល់ពីគម្រោងអាជីវកម្មរបស់អ្នកឲ្យពួកគេបានយល់ច្បាស់។

៥. កុំរំពឹងពាក្យយល់ព្រម ឬ បដិសេធលឿនពេក

អ្នកវិនិយោគអាចនឹងមានអារម្មណ៍ជាប់ចិត្តលើក្រុមហ៊ុនរបស់អ្នក ប៉ុន្តែវាត្រូវការពេលច្រើនទម្រាំឈានដល់ការសរសេរកិច្ចសន្យាវិនិយោគ ហើយវាព្រោះតែពួកគេត្រូវការមើលពីសមត្ថភាពរបស់អ្នកជាមុនសិន។ ជាការពិតណាស់ ឆ្លងកាត់បទពិសោធជូរចត់ជាច្រើន នៅពេលដំបូងស្ទើរតែគ្មានអ្នកជឿលើគំនិតរបស់យើងឡើយ ប៉ុន្តែនៅពេលយើងខ្លាំង យើងរឹងមាំ ពួកគេដណ្តើមគ្នាយកលុយមកវិនិយោគជាមួយយើងដោយខ្លួនឯង។ អ្នកត្រូវការភាពអត់ធ្មត់ខ្ពស់នៅដំណាក់កាលដំបូង ព្រោះខ្ញុំក៏ធ្លាប់ឆ្លងកាត់វាដែរ ហើយឥឡូវនេះខ្ញុំលែងពិបាកស្វែងរកទុនដូចមុនទៀតឡើយ មានតែគេមកសុំវិនិយោគតែខ្ញុំមិនទទួល ព្រោះពួកគាត់មិនសូវយល់ពីការធ្វើជំនួញ និងការវិនិយោគ ដែលធ្វើឲ្យខ្ញុំពិបាកគ្រប់គ្រងលុយរបស់ពួកគេ។

៦. ជៀសវាងការធ្វើតាមគ្នា

ដើម្បីទាក់ទាញការចាប់អារម្មណ៍របស់អ្នកវិនិយោគ អ្នកត្រូវធ្វើឲ្យប្រាកដថាផលិតផល ឬសេវាកម្មរបស់អ្នកពិតជាមានគុណភាព និងមានចំណុចពិសេសលើសគេ។ ព្យាយាមបង្កើតអ្វីដែលថ្មី ដើម្បីដាក់លក់នៅលើទីផ្សារ បើផលិតផលនោះមានអតិថិជនពេញចិត្តច្រើន មិនខ្វះឡើយអ្នកវិនិយោគ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកវិភាគទីផ្សាររបស់ APAMAT TEAM ហើយខ្ញុំមានមោទនភាពដែលបានមកទីនេះដើម្បីចែករំលែកអំពីស្ថានភាពទីផ្សារនៅកម្ពុជាដល់អ្នកដែលត្រូវការដឹងពីវា នៅពេលខ្ញុំទំនេរពីកិច្ចការនៅ APAMAT TEAM។