រៀនពីមូលដ្ឋានគ្រឹះ នៃការធ្វើទីផ្សារសម្រាប់អាជីវកម្មខ្នាតតូច

5014

ចំណុចស្នូលនៃការធ្វើទីផ្សារ គឺការស្គាល់ពីតម្រូវការអតិថិជនរបស់អ្នក ហើយសរសេរគម្រោងដែលអាចបំពេញតម្រូវការនោះ។ គ្រប់គ្នាដែលជាម្ចាស់អាជីវកម្ម សុទ្ធតែប្រឈមមុខជាមួយចំណុចទាំងនេះ ដើម្បីធ្វើឲ្យអាជីវកម្មរបស់ពួកគេរីកចម្រើន។ វីធីដែលមានប្រសិទ្ធភាពបំផុតដើម្បីឲ្យអាជីវកម្មលូតលាស់ល្អ គឺការផ្តោតលើការលូតលាស់ក្នុងរយៈពេលវែង តាមរយៈការត្រៀមទុកយុទ្ធវិធីសំខាន់ៗ និងដោយមានគម្រោងច្បាស់លាស់។

អ្នកអាចបង្កើនការលូតលាស់នៃអាជីវកម្មរបស់អ្នកតាមវិធីទាំងបួននេះ៖
  • ទាក់ទាញអតិថិជនមកបង្កើតបទពិសោធន៍ជាមួយផលិតផល ឬសេវាកម្មរបស់អ្នក
  • បញ្ចុះបញ្ចូលអតិថិជនឲ្យទិញទំនិញបន្ថែម
  • បញ្ចុះបញ្ចូលអតិថិជនឲ្យទិញទំនិញដែលថ្លៃៗជាងមុន 
  • បញ្ចុះបញ្ចូលអតិថិជនឲ្យទិញទំនិញដែលចំណេញច្រើនជាងមុន

វីធីទាំងបួននេះ អាចជួយបង្កើនប្រាក់ចំណូល និងប្រាក់ចំណេញរបស់អ្នក។ ជាដំបូង ខ្ញុំសូមណែនាំអ្នកឲ្យផ្តោតលើចំណុចទីមួយ ទាក់ទាញអតិថិជនឲ្យទិញផលិតផល ឬសេវាកម្មរបស់អ្នក។ ហេតុអ្វី? ព្រោះតាមរយៈការទាក់ទាញអតិថិជនឲ្យមកមានបទពិសោធន៍ជាមួយអាជីវកម្មរបស់អ្នក គឺជាចំណុចនៃការចាប់ផ្តើម ហើយការចាប់ផ្តើមនេះក៏ជាមូលដ្ឋានគ្រឹះនៃប្រាក់ចំណូលរបស់អ្នកផងដែរ។ 

តើអ្នកអាចធ្វើយ៉ាងណាដើម្បីទាក់ទាញអតិថិជនឲ្យមកភ្លក់បទពិសោធន៍ជាមួយអ្នកបាន?
  • ចំណាយពេលស្រាវជ្រាវ និងបង្កើតគម្រោងធ្វើទីផ្សារដ៏មានឥទ្ធិពលមួយ។
  • កែច្នៃ ឬអភិវឌ្ឍផលិតផលរបស់អ្នក ដើម្បីទាក់ទាញអតិថិជនថ្មីដែលមិនទាន់មានបទពិសោធន៍ប្រើប្រាស់ផលិតផល ឬសេវាកម្មរបស់អ្នក។
  • កំណត់តម្លៃផលិតផល និងសេវាកម្មរបស់អ្នកឲ្យមានភាពប្រកួតប្រជែងគ្នាជាមួយផលិតផលដទៃ។
  • អភិវឌ្ឍសារផ្សាយពានិជ្ជកម្ម និងឧបករណ៍ផ្សាយរបស់អ្នកដោយផ្អែកលើដំណោះស្រាយធ្វើទីផ្សារដែលល្អបំផុត។
បញ្ហានៃការកំណត់ទីផ្សារគោលដៅនៅក្នុងអាជីវកម្មខ្នាតតូច

នៅពេលដែលអ្នកជួបបញ្ហាទាក់ទងនឹងប្រាក់ចំណូល អ្នកត្រូវចងចាំ និងផ្តោតលើអតិថិជនគោលដៅ។ ហេតុផល គឺដោយសារតែកេរ្តិ៍ឈ្មោះនៃអាជីវកម្មរបស់អ្នក ជាកម្លាំងជំរុញអតិថិជនឲ្យទិញផលិតផល ឬសេវាកម្មរបស់អ្នក។ ការកំណត់ទីផ្សារបានត្រូវ វាជួយអ្នកឲ្យចំណេញពេល និងលុយក្នុងការធ្វើទីផ្សារ។

ការធ្វើទីផ្សារក្នុងអាជីវកម្មខ្នាតតូច និងអាជីវកម្មខ្នាតធំគឺខុសគ្នា

ប្រសិនបើអ្នកកំពុងអានជាម្ចាស់អាជីវកម្មខ្នាតតូច អ្នកប្រាកដជាដឹងថា កញ្ចប់ថវិកាធ្វើទីផ្សាររបស់អ្នកគឺមានកម្រិត។ វិធីដ៏មានប្រសិទ្ធភាពបំផុតដើម្បីធ្វើទីផ្សារឲ្យអាជីវកម្មខ្នាតតូច គឺជាការបង្កើតកម្មវិធីមួយដ៏ពេញលេញ ដែលកម្មវិធីនោះច្របាច់បញ្ជូលសកម្មភាពលក់ចូលគ្នាជាមួយតិចនិកធ្វើទីផ្សារ។ សកម្មភាពលក់របស់អ្នក និងមិនត្រឹមតែជួយកាត់បន្ថយការចំណាយធ្វើទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយបន្ថែមតម្លៃនៃការមានឥទ្ធិពលទៅវិញទៅមកជាមួយនឹងការយល់ឃើញរបស់អតិថិជន ចំពោះអាជីវកម្មរបស់អ្នកផងដែរ។ ការមានឥទ្ធិពលទៅវិញទៅមកជាមួយអតិថិជនរបស់អ្នក នឹងផ្តល់ឲ្យអ្នកនូវទិន្នន័យស្រាវជ្រាវមួយដែលមិនចាំបាច់ចំណាយលុយ ហើយវាគឺជាយុទ្ធសាស្ត្រទីផ្សារនិយាយតគ្នា។

អាជីវកម្មខ្នាតតូចភាគច្រើន មានលុយសម្រាប់ធ្វើទីផ្សារក្នុងកម្រិតមួយ។ តើវាមានន័យថាអ្នកមិនអាចធ្វើទីផ្សារបានធំទូលាយមែនទេ? ប្រាកដហើយថាអ្នកមិនអាច ប៉ុន្តែអ្នកអាចច្នៃរបៀបធ្វើទីផ្សាររបស់អ្នកឲ្យមានភាពច្នៃប្រឌិតខ្ពស់។ ខាងក្រោមនេះ គឺជារបៀបបង្កើតយុទ្ធនាការធ្វើទីផ្សាររបស់អ្នក ដោយគ្រាន់តែរើសយកចំណុចណាមួយខាងក្រោមមកអនុវត្តន៍៖

  • បបួលដៃគូររកស៊ី ឬក៏សមាគមរបស់អ្នក ហើយស្នើសុំពួកគេឲ្យចូលរួមផ្សាយពាណិជ្ជកម្មរួមគ្នា ឬផ្សាយឲ្យគ្នាទៅវិញទៅមក។
  • ចំណាយពេលទាក់ទងទៅអតិថិជនចាស់ៗរបស់អ្នកឲ្យមកទិញ តាមរយៈការផ្តល់កម្មវិធីលក់ពិសេស។
  • តើអ្នកធ្លាប់គិតអំពីការណែនាំខ្លួនឯងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយណាមួយដូចជា apamat.com ដែរទេ? អ្នកប្រហែលជាធ្លាប់ឃើញគេហទំព័រ Apamat ផ្សាយអំពីអ្នកជំនួញក្នុងស្រុកខ្មែរ វាគឺជាការផ្សាយយ៉ាងទូលំទូលាយ មិនអស់លុយ និងអាចជួយធ្វើឲ្យអាជីវកម្មរបស់អ្នកមានអ្នកស្គាល់កាន់តែច្រើន។ ចុះអ្នកអាចផ្សាយអំពីអាជីវកម្មរបស់អ្នកជាមួយគេហទំព័រ Apamat ទេ? ពិតណាស់ថាអាច ឲ្យតែអ្នកមានទំនុកចិត្តថាខ្លួនឯងមានបទពិសោធន៍ល្អសម្រាប់ចែករំលែក។
  • អញ្ជើញមនុស្សល្បីៗក្នុងសង្គមមកទិញទំនិញ ឬសេវាកម្មរបស់អ្នក។ អ្នកប្រហែលជាធ្លាប់ឃើញហាងលក់កាហ្វេទើបបើកថ្មី អញ្ជើញតារាល្បីៗមកផឹកហើយថតរូបក្នុងថ្ងៃបើកសម្ភោធដំបូង ហើយពេលខ្លះពួកគេត្រូវចំណាយលុយជួលតារាទាំងនោះ។ ប៉ុន្តែអ្នកក៏អាចអញ្ជើញមនុស្សដែលអ្នកស្គាល់ ហើយអ្នកទាំងនោះមានអ្នកស្គាល់ច្រើន ហើយបន្ទាប់មកអ្នកថតរូបផ្សាយលើបណ្តាញសង្គម ហើយពួកគេក៏ជួយផ្សាយឲ្យអ្នកនៅក្នុងគណនីបណ្តាញសង្គមរបស់ពួកគេផងដែរ។

រាល់ពេលអ្នកចំណាយលុយធ្វើទីផ្សារ អ្នកកុំភ្លេចបង្កើតវិធីណាមួយទាញប្រយោជន៍ពីវាវិញ។ ឧទាហណ៍ សេដ្ឋីស្រុកខ្មែរធ្វើកិច្ចការមនុស្សធម៌ម្តងៗ ពួកគេចំណាយលុយមែន ប៉ុន្តែសុទ្ធតែជាវិធីធ្វើទីផ្សាររបស់ពួកគេដើម្បីទាញយកប្រយោជន៍មកវិញ។ សម្រាប់អ្នកទីផ្សារ រាល់សកម្មភាពក្នុងអាជីវកម្មទាំងអស់ តែងតែគិតដល់ផលប្រយោជន៍មកវិញ ហើយប្រសិនបើវិធីណាមួយមិនបានផល ពួកគេនិងប្រើវិធីផ្សេងមួយទៀត៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកវិភាគទីផ្សាររបស់ APAMAT TEAM ហើយខ្ញុំមានមោទនភាពដែលបានមកទីនេះដើម្បីចែករំលែកអំពីស្ថានភាពទីផ្សារនៅកម្ពុជាដល់អ្នកដែលត្រូវការដឹងពីវា នៅពេលខ្ញុំទំនេរពីកិច្ចការនៅ APAMAT TEAM។