រឿងដែលធ្វើឱ្យលោក ស្ទីវ ចបស៍ ជោគជ័យយ៉ាងសម្បើម

2766

បុគ្គលល្បីល្បាញខាងបច្ចេកវិទ្យា លោក ស្ទីវ ចបស៍ បានបង្កើតក្រុមហ៊ុនអេផល (Apple Inc.) នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។ ទម្រាំតែក្លាយជាសហគ្រិនដ៏ល្បីល្បាញលំដាប់ពិភពលោកមួយរូប ចបស៍ បានឆ្លងកាត់ការតស៊ូយ៉ាងស្វិតស្វាញមិនខុសពីសហគ្រិនអស្ចារ្យដទៃទៀតឡើយ។ គាត់បានបោះបង់ការសិក្សានៅមហាវិទ្យាល័យ តែវាបានក្លាយរឿងដ៏គួរឱ្យស្ងើចសរសើរម្រាប់គាត់ទៅវិញ។ ស្ទីវ ចបស៍ ធ្លាប់ដេកនៅលើឥដ្ឋក្នុងផ្ទះមិត្តរបស់គាត់ ដើររើសសំបកដបកូកាកូឡាដើម្បីរកលុយចិញ្ចឹមខ្លួនឯង ហើយធ្លាប់ធ្វើដំណើររាប់រយម៉ែត្រទៅកាន់ព្រះវិហារដើម្បីហូបអាហារឱ្យបានឆ្អែតក្នុងមួយសប្ដាហ៍ម្ដង។ ខាងក្រោមនេះគឺជាការសម្ងាត់ទាំង ៩ ដែលបានធ្វើឱ្យ ចបស៍ ទទួលបានជោគជ័យដល់កម្រិតកំពូល៖

១. ស្រេកឃ្លានឥតឈប់

អ្នកមិនគួរឈប់នៅពេលដែលអ្នកបានសម្រេចជោគជ័យបន្តិចបន្តួចនោះទេ ប៉ុន្តែអ្នកគួរតែបន្តធ្វើវាឱ្យល្អជាងនេះ។ នៅមានរឿងជាច្រើនដែលអ្នកអាចរៀន និងកិច្ចការអស្ចារ្យជាច្រើនទៀតដែលអ្នកអាចធ្វើបាន។

២. ធ្វើឱ្យវាសាមញ្ញ
ផ្ទាំងឃោសនាពាណិជ្ជកម្ម

ទោះបីជា ចបស៍ ជាបុគ្គលដ៏ប៉ិនប្រសព្វ តែគាត់គឺជាមនុស្សដែលចូលចិត្តភាពសាមញ្ញ។ ជួនកាលរឿងធម្មតាអាចពិបាកជាងរឿងស្មុគស្មាញទៅទៀត ព្រោះអ្នកត្រូវរៀបចំការគិតរបស់អ្នកឱ្យមានរបៀប រហូតដល់វាក្លាយជាកិច្ចការធម្មតាសម្រាប់អ្នក។ លោក ចបស៍ ចូលចិត្តបង្កើតអ្វីដែលមានភាពសាមញ្ញ ងាយស្រួលប្រើប្រាស់ ប៉ុន្តែធ្វើវាឲ្យបានល្អលើសគេ តួយ៉ាងដូចជាផលិតផលរបស់ Apple ដែលគាត់បានបង្កើតរួមមាន Mac, iPhone, iPad និងឧបករណ៍ជាច្រើនទៀត គឺសុទ្ធតែមានគុណភាពខ្ពស់ និងប្លែកពីគេ។

៣. ធ្វើអ្វីដែលអ្នកស្រលាញ់

លោក ចបស៍ ជាមនុស្សដែលចូលចិត្តភាពឯកជន ហើយគាត់បានទូន្មានថា “ពេលវេលារបស់អ្នកមានកំណត់ ដូច្នេះកុំបណ្ដោយពេលវេលារបស់អ្នករស់នៅជីវិតអ្នកដទៃ”។ កុំរស់នៅក្នុងអបិយជំនឿ និងតាមគំនិតរបស់អ្នកដទៃ។ កុំឱ្យសម្លេងខាងក្រៅរំខានដល់សម្លេងក្នុងចិត្តរបស់អ្នក។ ត្រូវហ៊ានធ្វើអ្វីតាមបេះដូងរបស់អ្នក ឬធ្វើកិច្ចការដែលអ្នកស្រលាញ់។

៤. ធ្វើរឿងថ្មីៗជានិច្ច

បើអ្នកធ្វើអ្វីមួយបានល្អហើយចូរបន្តធ្វើរឿងដែលអស្ចារ្យជាងនេះមួយផ្សេងទៀត។ នេះគឺជាគោលការដែលលោក ចបស៍ តែងប្រកាន់យក បែបនេះហើយបានជាលោកតែងតែគិតឃើញអ្វីដែលថ្មីប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ហើយផលិតវាសម្រាប់ឲ្យមនុស្សបានប្រើប្រាស់។

៥. រៀនពីបរាជ័យ

នៅពេលអ្នកច្នៃប្រឌិតអ្វីថ្មីមួយ អ្នកនឹងគេចមិនរួចពីការប្រព្រឹត្តកំហុសនោះទេ។ អ្នកត្រូវប្រញាប់សារភាពទទួលស្គាល់វា ហើយបន្តកែច្នៃអ្វីថ្មីមួយទៀត។ ត្បិតតែលោក ចបស៍ ជាមនុស្សរឹងរូសបន្តិចមែន តែគាត់ក៏ជាមនុស្សដែលចេះទទួលស្គាល់កំហុសរបស់ខ្លួនឯងដែរ ហើយគាត់បានរៀនពីវាដើម្បីចាប់ផ្តើមធ្វើឲ្យកាន់តែប្រសើរ។

៦. ត្រូវតែតស៊ូ

រឿងដែលសហគ្រិនជោគជ័យខុសពីអ្នកបរាជ័យ គឺការមានចិត្តមិនចុះចាញ់។ ភាពបរាជ័យនឹងកើតឡើងនៅពេលដែលអ្នកដេញតាមក្តីស្រមៃរបស់អ្នក ប៉ុន្តែការព្យាយាម តស៊ូតែងតែជាឧបករណ៍នាំមនុស្សគ្រប់រូបទៅកាន់ភាពជោគជ័យដែលពួកគេចង់បាន។ លោក ចបស៍ ជាមនុស្សដែលមានចិត្តមានះខ្លាំង គ្រប់ពេលដែលគាត់ចង់ធ្វើអ្វីមួយហើយ គឺគាត់តែងតែព្យាយាមធ្វើវាឲ្យបានឆាប់រហ័ស និងផ្ចិតផ្ចង់បំផុត។ ទោះបីជាយ៉ាងណា គាត់ក៏ធ្លាប់ត្រូវបានគេដេញចេញពីក្រុមហ៊ុន Apple ដែលគាត់បានបង្កើតដែរ ប៉ុន្តែគាត់នៅតែតស៊ូរហូតគេអញ្ចើញគាត់ឲ្យទៅដឹកនាំក្រុមហ៊ុន Apple វិញ។

៧. បន្តអភិវឌ្ឍខ្លួន

គ្មានអ្វីដែលនៅស្ថិតស្ថេរនោះទេ។ ចំណេះដឹងដែលអ្នកមានថ្ងៃនេះ អាចមិនគ្រប់គ្រាន់សម្រាប់អ្នកប្រើប្រាស់នៅថ្ងៃក្រោយ។ ដូច្នេះបើជីវិតនៅមាន អ្នកមិនគួរបញ្ឈប់ខ្លួនឯងពីការវិវឌ្ឍខ្លួនឡើយ។

៨. មានទស្សនៈវិស័យច្បាស់លាស់

អ្នកត្រូវមានទស្សនៈវិស័យច្បាស់លាស់សម្រាប់ខ្លួនឯង។ ទស្សនៈវិស័យដែលគ្មានសកម្មភាពគឺគ្រាន់តែជាសុបិន្ត ហើយសកម្មភាពដែលគ្មានទស្សនៈវិស័យគឺជាក្តីស្រមៃដ៏អាក្រក់មួយ។ ជាក់ស្តែង ក្រុមហ៊ុន Apple បានក្លាយជាក្រុមហ៊ុនធំជាងគេលើលោកក្នុងពេលបច្ចុប្បន្ន គឺមិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែវាគឺជាការរៀបគម្រោងជាមួយទស្សនៈដ៏វែងឆ្ងាយរបស់លោក ចបស៍ តាំងពីពេលដែលគាត់ចាប់ផ្តើមបង្កើតវាឡើង។

៩. ផ្តោតលើគុណភាព

គ្មានអ្វីអាចមកជំនួសតម្លៃនៃគុណភាពបានទេ។ គុណភាពគឺតែងតែនាំមុខបរិមាណជានិច្ច ដូចនេះហើយបានជាយីហោ Apple ក្លាយជាយីហោមួយដែលមនុស្សលើពិភពលោកផ្តល់តម្លៃ និងទំនុកចិត្តខ្ពស់៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕