រឿងរ៉ាវនៃការចាប់ផ្តើមរបស់លោក Mark Zuckerberg ក្នុងការបង្កើតក្រុមហ៊ុន Facebook

2418

បណ្ដាញផ្សព្វផ្សាយសង្គមដែលកំពុងពេញនិយមបំផុត និងមានអ្នកប្រើប្រាស់ប្រមាណជាង ២ ពាន់លាននាក់ប្រចាំខែ ត្រូវបានបង្កើតឡើងដោយស្ថាបនិកវ័យក្មេងលោក Mark Zuckerberg ដែលកាលនោះគាត់ជានិស្សិតនៃសាកលវិទ្យាល័យ Harvard University។ រឿងរ៉ាវដំបូងបង្អស់នៃការបង្កើត Facebook គឺផ្តើមចេញពីការបង្កើតវេបសាយមួយឈ្មោះថា Facemash 

កាលដើមឡើយ Mark គឺជាអ្នកសរសេរកម្មវិធីកុំព្យូទ័រម្នាក់។ ខណៈពេលកំពុងសិក្សាឆ្នាំទី ២ នៅសាកលវិទ្យាល័យ Harvard គាត់បានសរសេរកូដបង្កើតកម្មវិធី software មួយ ក្នុងគោលបំណងចង់ឱ្យមនុស្សនៅលើពិភពលោកមានទំនាក់ទំនងគ្នាទៅវិញទៅមក។ បន្ទាប់មក Mark បានបង្កើតកម្មវិធី software មួយសម្រាប់វេបសាយ Facemash ក្នុងឆ្នាំ ២០០៣។ Zuckerberg បានប្រើជំនាញកុំព្យូទ័រ និងជំនាញសរសេរកូដទាំងអស់ដែលគាត់មាន ហើយធ្លាប់បានលួចប្រើប្រាស់បណ្ដាញសុវត្ថិភាពរបស់សាកលវិទ្យាល័យ Harvard ដើម្បីទាញយករូបភាពលេខកូដសម្គាល់ខ្លួនសិស្ស (student ID) ពីកន្លែងស្នាក់នៅរបស់និស្សិត។ គាត់បានប្រើរបស់ទាំងនោះ ដើម្បីដំណើរការវេបសាយជាមួយនឹងមិត្តរបស់គាត់ ប៉ុន្តែចុងក្រោយត្រូវបានគណៈគ្រប់គ្រងសាលាចាប់បាន និងបញ្ឈប់ពួកគាត់ពីការទាញយកទិន្នន័យទាំងនោះ។ Mark បានទទួលការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរដោយអ្នកការពារសុវត្ថិភាពទិន្នន័យរបស់និស្សិត ពីបទថតចម្លង ឆែកមើលព័ត៌មានសម្ងាត់ផ្ទាល់ខ្លួនរបស់អ្នកដទៃ និងបានយករូបភាពរបស់និស្សិតទៅបង្ហោះចូលក្នុងវេបសាយដោយគ្មានការអនុញ្ញាត។ ទន្ទឹមគ្នានោះ ដោយសារតែទង្វើទាំងនេះ គាត់ក៏ត្រូវបានគេបណ្ដេញចេញពីសាលា តែប៉ុន្មានថ្ងៃក្រោយមក ការចោទប្រកាន់ទាំងអស់ក៏ត្រូវបានគេបំភ្លេចចោលវិញ។ នៅថ្ងៃទី០៤កម្ភៈ ២០០៤ ក្រោយពីការបង្ហោះនៅលើ Facemash, Mark ហើយនិងមិត្តភក្តិរបស់គាត់បានបង្កើតវេបសាយមួយហៅថា​ TheFacebook។ មួយសប្ដាហ៍មិនទាន់កន្លងហួសស្រួលបួលផង Zuckerberg បានប្រឈមមុខនឹងបញ្ហាថ្មីជាមួយមន្រ្តីជាន់ខ្ពស់ លោក Cameron Winklevoss, Tyler Winklevoss ហើយ Divya Narendra របស់សាលា Harvard University ម្តងទៀត ពីបទលួចគំនិតរបស់ពួកគេដែលចង់បង្កើតប្រព័ន្ធវេបសាយមួយឈ្មោះថា HarvardConnection ទៅបង្កើត TheFacebook។ ពួកគេបានដាក់ពាក្យបណ្ដឹងប្រឆាំងនឹង Zuckerberg ប៉ុន្តែជាចុងក្រោយត្រូវបានតុលាការដោះស្រាយរួចរាល់។

ក្នុងឆ្នាំ ២០០៤ ដដែល Mark បានសម្រេចចិត្តបោះបង់ចោលការសិក្សា រួចងាកមកចាប់ផ្ដើមក្រុមហ៊ុនរបស់គាត់ទាំងជីវភាពត្រដាបត្រដួស។ ក្រោយមកលោក  Eduardo Saverin, Dustin Moskovitz, Andrew McCollum និងលោក Chris Hughes បានចូលរួមជាមួយ Zuckerberg ដើម្បីជួយគ្រប់គ្រងវេបសាយ thefacebook។ នៅក្នុងឆ្នាំ ២០០៥ បន្ទាប់ពីបានទិញកម្មសិទ្ធិវេបសាយ(Website domain) Facebook.com ជាង ២ សែនដុល្លារអាមេរិក TheFacebook បានប្តូរឈ្មោះមកត្រឹមជា Facebook​ វិញដល់បច្ចុប្បន្ន ហើយនៅក្នុងឆ្នាំនោះដែរ​ Facebook បានទទួលប្រាក់វិនិយោគដំបូងពីលោក Peter Thiel ដែលជាសហស្ថាបនិករបស់ក្រុមហ៊ុន PayPal ។ ឆ្នាំ ២០០៥ ដដែល ក្រុមហ៊ុនដែលជាដៃគូ Accel បានវិនិយោគប្រាក់ចំនួន ១២.៧ លានដុល្លារអាមេរិកទៅក្នុងក្រុមហ៊ុន Facebook ហើយវាក៏បានក្លាយជាចំណែកមួយយ៉ាងធំក្នុងការបង្កើតបណ្ដាញសង្គមយក្សនេះឲ្យធំធាត់ដល់បច្ចុប្បន្ន។

មូលហេតុដែលធ្វើឱ្យគ្រប់គ្នាពេញចិត្តប្រើប្រាស់បណ្ដាញសង្គម Facebook គឺដោយសារតែវាជួយឱ្យពួកគេបានភ្ជាប់ទំនាក់ទំនងជាក្រុមគ្រួសារ និងមិត្តភកិ្តរបស់ពួកគេជាដើម។ លើសពីនេះ Facebook អនុញ្ញាតឱ្យមនុស្សគ្រប់គ្នា អាចចុះឈ្មោះប្រើប្រាស់មិនគិតថ្លៃ ដោយបង្កើតប្រវត្តិរូបសម្រាប់ខ្លួនឯង និងអាចបង្ហោះរូបភាព វិឌីអូ ផ្ញើសារឱ្យគ្នាទៅវិញទៅមក និងអាចប្រើបានជាង ៣៧ ភាសាខុសៗគ្នា។

Mark Zuckerberg បានក្លាយជាមហាសេដ្ឋីវ័យក្មេងលំដាប់ពិភពលោកនៅអាយុ ២៣ ឆ្នាំ ហើយនៅឆ្នាំ ២០០៩ Facebook បានក្លាយជាបណ្ដាញសង្គមដែលមានចំនួនអ្នកប្រើប្រាស់ច្រើនជាងគេបំផុត។ នៅឆ្នាំ ២០១០ Mark រួមជាមួយនឹងអ្នកជំនួញល្បីល្បាញផ្សេងទៀត បានបរិចា្ចគប្រាក់ជាងពាក់កណ្ដាលនៃទ្រព្យសម្បត្តិរបស់គាត់ ចូលទៅក្នុងកម្មវិធីមនុស្សធម៌។ បន្ទាប់មកទៀត Mark Zuckerberg និងប្រពន្ធរបស់លោក អ្នកស្រី Priscilla Chan បានបរិចា្ចគប្រាក់ចំនួន ២៥ លានដុល្លារអាមេរិកក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺអេបូឡា Ebola virus

ក្នុងឆ្នាំ ២០១៩ នេះ លោក Mark Zuckerberg មានទ្រព្យសម្បត្តិសរុបជិត ៦៨ពាន់លានដុល្លារ ឈរដំណែងជាមហាសេដ្ឋីពិភពលោកលេខរៀងទី ៨ ខណៈសម្ព័ន្ធក្រុមហ៊ុន Facebook Inc មានតម្លៃជិត ៥២១ពាន់លានដុល្លារអាមេរិច កំពុងគ្រប់គ្រងបុត្រសម្ព័ន្ធធំៗដូចជា Instagram, WhatsApp, Messenger និងក្រុមហ៊ុនបច្ចេកវិទ្យាតូចៗជាច្រើនទៀត៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕