ទ្រឹស្តីសំខាន់ៗរបស់កំពូលអ្នកវិនិយោគ លោកមហាសេដ្ឋី Warren Buffett

4618

កំពូលអ្នកវិនិយោគ និងជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេលំដាប់ទី ៤ នៅលើពិភពលោក Warren Buffett បានក្លាយជាប្រភពនៃការបំផុសគំនិតសម្រាប់អ្នកមូលធននិយម និងសហគ្រិនដែលមានគំនិតច្នៃប្រឌិតគ្រប់ទីកន្លែង។ លោក Warren Buffett ត្រូវបានគេស្គាល់ថាជា អ្នកជំនាញខាងវិនិយោគដែលនៅតែប្រើរថយន្តម៉ាក Cadillac បើកទៅធ្វើការជារៀងរាល់ថ្ងៃ បរិភោគប្រភេទអាហារដដែលៗ និងតែងតែឆ្លៀតគ្រប់ឱកាសដើម្បីផ្តល់ការអប់រំដល់អ្នកដទៃ។ មិនត្រឹមតែប៉ុណ្ណោះ បុរសដែលមានរហ័សនាម Oracle of Omaha, Maestro of Wall Street, the Investor of the Century គឺជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Berkshire Hathaway។ លោក Warren Buffett ក៏ជាសុភាពបុរសដែលពោរពេញដោយគំនិត និងមានបុគ្គលិកលក្ខណៈគួរឱ្យស្ងើចសរសើរផងដែរ។ ខាងក្រោមនេះ ជាពាក្យសម្តីសំខាន់ៗមួយចំនួន ដែលអ្នកអាចយកទៅពិចារណាលើការរស់នៅប្រចាំថ្ងៃ ពីអ្នកជំនាញវិនិយោគដ៏អស្ចារ្យបំផុតក្នុងសតវត្សទី ២១ នេះ។

១. រាប់អានជាមួយមនុស្សដែលពូកែជាងអ្នក
ផ្ទាំងឃោសនាពាណិជ្ជកម្ម

ទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួន ពិតជាមានសារៈសំខាន់ណាស់។ បើអ្នកអាចរាប់អានមនុស្សដែលមានទេពកោសល្យជាងអ្នក នោះមានន័យថាអ្នកកំពុងកែប្រែជីវិតអ្នកឱ្យកាន់តែប្រសើរជាងមុន។ លោក Bill Gates គឺជាមិត្តភក្តិដ៏ជិតស្និតបំផុតរបស់លោក Buffett ។

២. លុយមិនអាចផ្លាស់ប្តូរអ្វីៗបានទាំងអស់នោះទេ

មានប្រាក់ច្រើន មិនមែនមានន័យថាអាចទិញរបស់ដែលខ្លួនចង់បានបានទាំងអស់នោះទេ ជាពិសេសគឺមនុស្សដែលស្រលាញ់អ្នក និងសុខភាពរបស់អ្នកផ្ទាល់។ ទោះជាមានប្រាក់រាប់សិបពាន់លានដុល្លារយ៉ាងណាក្តី ក៏លោក Buffett នៅតែប្រើជីវិតយ៉ាងសាមញ្ញ ហូបអាហារដែលគាត់ចូលចិត្ត ចំណាយពេលធ្វើអ្វីដែលគាត់ស្រលាញ់(ការអានសៀវភៅ) ចំណាយពេលនៅជាមួយគ្រួសារ និងចំណាយពេលជជែកគ្នាជាមួយមិត្តភក្តិ និងដៃគូជំនួញរបស់គាត់នៅក្រុមហ៊ុន Berkshire Hathaway

៣. បង្កើតទម្លាប់អានឱ្យទៀងទាត់

ការអានគឺជាចំណែកមួយនៃការអភិវឌ្ឍន៍គំនិត។ បើអ្នកមានទម្លាប់អនុវត្តការអានបានទៀងទាត់ នោះអ្នកនឹងឃើញពីភាពរីកចម្រើនរបស់អ្នកកាន់តែខ្លាំង។ លោក Buffett ចំណាយពេលអានប្រហែល ៥ម៉ោងក្នុងមួយថ្ងៃ ក្នុងនោះមានសៀវភៅ ព័ត៌មានអំពីតម្លៃភាគហ៊ុន និងព័ត៌មានពាណិជ្ជកម្មនានា។

៤. កុំឱ្យខាតលុយ

មហាសេធ្ឋីលំដាប់ទី ៣ លើលោកមួយរូបនេះ ត្រូវបានគេមើលឃើញថា ជាមនុស្សដែលតែងតែមានគំនិតនាំមុខគេជានិច្ច។ គាត់បាននិយាយថា គាត់នឹង “ទិញក្រុមហ៊ុនដ៏ល្អមួយក្នុងតម្លៃសមរម្យ ជាជាងទិញក្រុមហ៊ុនធម្មតាមួយក្នុងតម្លៃថ្លៃ” មុនពេលវិនិយោគក្នុងក្រុមហ៊ុនណាមួយ លោក Buffett តែងតែស៉ើបមើល និងវិភាគយ៉ាងល្អិតល្អន់លើក្រុមហ៊ុននោះ ដោយសារតែលោកមានគោលការមួយ គឺមិនឲ្យខាត ពោលគឺទាល់តែគាត់មើលឃើញថាចំណេញទើបគាត់វិនិយោគ។

៥. រក្សាតម្លៃ

តម្លៃគឺជាអ្វីដែលអ្នកត្រូវចំណាយ រីឯគុណតម្លៃគឺជាអ្វីដែលអ្នកត្រូវទទួលបាន។ បើអ្នកអាចផ្តល់ផលិតផលដែលមានគុណតម្លៃដល់អតិថិជន នោះពួកគេនឹងរក្សាភាពស្មោះត្រង់ចំពោះក្រុមហ៊ុនរបស់អ្នកបានយូរអង្វែង។

 

៦. រៀនពីកំហុស

ត្រូវមើលពីអ្វីដែលអ្នកធ្វើកាលពីពេលមុន និងពីរបៀបដែលការសម្រេចចិត្តទាំងនោះប៉ះពាល់ដល់ការរកស៉ីរបស់អ្នក។ កុំសាងកំហុសដដែលៗ ហើយត្រូវតែរក្សាទង្វើរបស់អ្នកឱ្យល្អជានិច្ច។ លោក Buffett ចង់រំលឹកដល់មនុស្សវ័យក្មេងជំនាន់នេះ ថាទោះបីជាទទួលបានជោគជ័យយ៉ាងណាក៏ដោយ ក៏កុំមានអំនួតខ្លាំងពេក ព្រោះថាមនុស្សកាន់តែធ្វើ កាន់តែសាងកំហុស។ ផ្ទុយទៅវិញ គឺរៀនពីកំហុស ដោយមិនគួរព្រោះតែអំនួត ព្យាយាមលាក់បាំងកំហុស ហើយបណ្តោយខ្លួនឲ្យខុសកាន់តែខ្លាំង។

៧. កុំបោះបង់ក្តីស្រមៃ

ត្រូវរក្សាក្តីស្រមៃនៃជីវិត និងជឿជាក់ទៅលើសមត្ថភាពរបស់អ្នក។​ មិនថាមានអ្វីកើតឡើងក៏ដោយ អ្នកត្រូវតែខិតខំឱ្យខ្លាំងដើម្បីទៅឱ្យដល់គោលដៅ នៅពេលដែលអ្នកចាប់ផ្តើមដំណើរជីវិត គ្មាននរណាម្នាក់អាចមកបញ្ឈប់អ្នកពីការសម្រេចគោលដៅរបស់អ្នកបានឡើយ។

៨. ជ្រើសយកមនុស្សគំរូ

គ្រប់គ្នាតែងមានមនុស្សដែលខ្លួនស្រលាញ់ចង់ធ្វើឱ្យដូច ឬយកគំរូតាម។ ការដែលមានមនុស្សជាគំរូដ៏ត្រឹមត្រូវនេះ គឺប្រសើរជាងមានមនុស្សដែលចាំសរសើរអ្នកទៅទៀត។ លោក Buffett បានក្លាយជា idol របស់មនុស្សជាច្រើន ហើយនៅកម្ពុជាក៏មានយុវវ័យជាច្រើនយកគាត់ជាគំរូដែរ។

៩. ធ្វើរឿងដែលគួរធ្វើ

ជាការពិតណាស់ អ្នកមិនចាំបាច់ធ្វើជាសហគ្រិនដ៏ឆ្លាតវៃ ឬ ជាសិស្សពូកែជាងគេបំផុតនៅក្នុងថ្នាក់នោះទេ។ អ្នកអាចដំណើរការក្រុមហ៊ុនមួយឱ្យជោគជ័យ បើសិនជាអ្នកចៀសវាងនូវកំហុសឆ្គងសាមញ្ញៗ និងអាចធ្វើការសម្រេចចិត្តបានត្រឹមត្រូវសម្រាប់ខ្លួនអ្នក និងក្រុមហ៊ុនរបស់អ្នក។ អ្វីដែលអ្នកត្រូវធ្វើគឺ សម្រេចចិត្តឱ្យបានត្រឹមត្រូវ។

១០. ចំណាយឱ្យចំគោលដៅ

សន្សំប្រាក់នៅកន្លែងណាដែលអ្នកអាចសន្សំបាន និងប្រុងប្រយ័ត្នចំពោះការចំណាយរបស់អ្នក។ កុំប្រញាប់ទិញអ្វីដែលមិនចាំបាច់ហើយទុកចោល។ បើអ្នកទិញរបស់ដែលអ្នកមិនត្រូវការ អ្នកនឹងត្រូវលក់របស់ដែលអ្នកត្រូវការ។

លោក Warren Buffett គឺជាភស្តុតាងដែលអាចបញ្ជាក់បានថា អ្វីគ្រប់យ៉ាងអាចសម្រេចបានក្នុងជីវិត ដរាបណាអ្នកនៅតែតស៊ូដឹកនាំ និងគ្រប់គ្រងក្រុមហ៊ុនឱ្យល្អ និងបន្តការងារដ៏ត្រឹមត្រូវរបស់អ្នក។ គាត់តែងតែបង្ហាញភាពក្លាហានក្នុងការជម្នះភាពលំបាក ហើយជឿជាក់លើការធ្វើអ្វីដែលត្រឹមត្រូវ ដោយមិនគិតពីភាពចលាចលនៅក្នុងពិភពជំនួញ។ ចុងក្រោយ គាត់ជឿថា ជីវិតគឺខ្លីណាស់ ដូច្នេះ យើងទាំងអស់គ្នាគួរតែចំណាយពេលវេលា និងការខិតខំប្រឹងប្រែងរបស់យើងលើការងារដែលយើងស្រលាញ់

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕