គោលការណ៍ជោគជ័យទាំង ៥ របស់លោក Jack Ma

3683

លោក Jack Ma ដែលជាម្ចាស់ក្រុមហ៊ុនលក់ទំនិញអនឡាញធំបំផុតរបស់ប្រទេសចិន Alibaba និងជាមហាសេដ្ឋីដ៏ល្បីមួយរូបផងនោះ បានហែលឆ្លងឧបសគ្គ និងបរាជ័យជាច្រើនទម្រាំតែទទួលបានជោគជ័យដូចបច្ចុប្បន្ន ។ Jack Ma ក៏ជាមនុស្សគំរូម្នាក់ ដែលបង្ហាញពីឆន្ទៈក្នុងការប្រែក្លាយក្តីស្រមៃឱ្យក្លាយទៅជាការពិត ជាមួយនឹងការតស៊ូឥតឈប់ឈរ។ ខាងក្រោមនេះ គឺជាគោលការណ៍ទាំង ៥ ដែលបាននាំលោក Ma ឈានមកដល់ជោគជ័យយ៉ាងអធឹកអធម្ម។

១. ធ្វើជាមនុស្សដែលស្រលាញ់ការសិក្សា

Jack Ma គឺជាមនុស្សម្នាក់ដែលស្រលាញ់ការរៀនសូត្រ។ គាត់ចង់ចេះភាសាអង់គ្លេសតាំងពីគាត់នៅក្មេងមកម៉្លេះ រហូតធ្វើឱ្យគាត់ត្រូវដើរស្ទើរគ្រប់ទីកន្លែងដើម្បីអនុវត្តនិយាយភាសាអង់គ្លេស។ Jack ធ្លាប់ធ្វើជាអ្នកបកប្រែសម្រាប់ភ្ញៀវទេសចរណ៍ដែលមកទស្សនាតំបន់ប្រវតិ្តសាស្ត្ររបស់ប្រទេសចិន ដោយមិនយកប្រាក់កម្រៃ ដើម្បីបង្កើនសមត្ថភាពភាសាអង់គ្លេសរបស់លោក។ នេះបញ្ជាក់ថា គាត់ជាមនុស្សដែលមានគោលដៅ និងហេតុផលច្បាស់លាស់ចំពោះការរៀនសូត្រ  និងចង់បានអ្វីមួយពិតប្រាកដ។ ការរៀនគឺគ្មានទីបញ្ចប់ តែអ្នកសិក្សាទាំងឡាយ គួរតែមានភាពប្រាដកប្រជាចំពោះគោលដៅនៃការសិក្សារបស់ខ្លួន បើមិនដូច្នេះទេ អ្នកនឹងមិនដឹងថាត្រូវរៀនវាដើម្បីយកទៅធ្វើអ្វីឡើយ។

២. កុំខ្លាចបរាជ័យ

គោលបំណងដំបូងដែលលោក Jack Ma ខំប្រឹងប្រែងរៀនភាសាអង់គ្លេស គឺលោកចង់ក្លាយខ្លួនគ្រូបង្រៀនភាសាអង់គ្លេស ប៉ុន្តែគាត់បានធ្លាក់ការប្រឡងធ្វើជាគ្រូបង្រៀនរហូតដល់ទៅបីដង ហើយធ្លាប់ទទួលបរាជ័យជាច្រើនលើកនៅពេលដែលគាត់ដើរដាក់ពាក្យស្វែងរកការងារធ្វើ។ ប៉ុន្តែ ចុងក្រោយបន្ទាប់ពីបញ្ចប់ការសិក្សា លោក Ma ក៏បានក្លាយជាគ្រូបង្រៀនដូចក្តីប្រាថ្នាដោយការព្យាយាមរបស់លោក មុនពេលចាប់ផ្តើមជីវិតជាអ្នកជំនួញ។

៣. ហ៊ានប្រថុយ

លោក Ma មានគំនិតបង្កើតក្រុមហ៊ុន Alibaba នៅពេលដែលប្រព័ន្ធអ៉ីនធឺណេតមិនទាន់មានការប្រើប្រាស់ពេញនិយមនៅឡើយ។ គាត់បានប្រថុយនឹងហានិភ័យបង្កើតក្រុមហ៊ុននេះឡើង ហើយត្រូវទ្រាំរហូតដល់ទៅបីឆ្នាំ ទើបក្រុមហ៊ុនរបស់គាត់អាចរកចំណូលបាន។ ជាការពិតណាស់ ការប្រឈមមុខនឹងហានិភ័យគឺជារឿងដែលមនុស្សភាគច្រើនមិនចង់សាកល្បង ប៉ុន្តែអ្នកដែលក្លាហានធ្វើរឿងបែបនេះ គឺជាមនុស្សដែលមានគម្រោងការ ទិសដៅច្បាស់លាស់ និងទស្សនៈវិជ្ជមានចំពោះជោគជ័យដែលអាចទៅរួចនាពេលអនាគត។ ទោះជាយ៉ាងណា អ្នកមិនគួរប្រថុយជាមួយគ្រោះថ្នាក់ ទាំងងងឹតងងល់ឡើយ គឺត្រូវស្វែងយល់ពីហានិភ័យរបស់វាជាមុនសិន។

៤. មានឆន្ទៈក្នុងការស្វែងរកដំណោះស្រាយ

នៅពេលជួបបញ្ហា វិធីដ៏ល្អបំផុត គឺត្រូវប្រឈមមុខ និងរកដំណោះស្រាយចំពោះវា។ នៅពេលដែលលោក Jack Ma បានបង្កើតក្រុមហ៊ុនលក់ទំនិញតាមអនឡាញនេះដំបូង គាត់បានប្រទះនឹងឧបសគ្គមួយ គឺរបៀបទូទាត់ប្រាក់ដែលលឿនបំផុត។ គាត់បានទៅទំនាក់ទំនងជាមួយធនាគារជាច្រើនដើម្បីបង្កើតរបៀបផ្ទេរប្រាក់នេះ តែគ្មានធនាគារណាហ៊ានសហការជាមួយគាត់ឡើយ។ ក្រោយមក Jack ក៏បានសម្រេចចិត្តបង្កើតប្រព័ន្ធទូទាត់ប្រាក់មួយដោយខ្លួនឯង ហៅថា AliPay ដែលមកទល់នឹងបច្ចុប្បន្ននេះមានអ្នកប្រើប្រាស់ប្រហែល ១ ពាន់លាននាក់ឯណោះនៅទូទាំងពិភពលោក។

៥. ចេះចាប់យកឱកាស

ឱកាស គឺមិនអាចមើលឃើញដោយភ្នែកទទេបានទេ។ វាត្រូវការប្រាជ្ញា និងការគិតបានស៉ីជម្រៅ និងចេះសម្លឹងមើលអ្វីដែលអាចនឹងកើតមាននៅថ្ងៃអនាគត។ ឧទាហរណ៍ជាក់ស្តែង លោក Jack Ma បានមើលឃើញការអភិវឌ្ឍន៍របស់បច្ចេកវិទ្យា និងប្រព័ន្ធអ៉ីនធឺណេត  ព្រមទាំងមើលឃើញឱកាសរីកចម្រើនក្នុងវិស័យជំនួយតាមអនឡាញ   ទើបធ្វើឱ្យលោកហ៊ានសាកល្បងប្រថុយជាមួយហានិភ័យ ដើម្បីចាប់យកឱកាសនោះឲ្យបានមុនគេនៅប្រទេសចិន។

ការប្រកាន់ខ្ចាប់វិន័យ និងគោលការណ៍ច្បាស់លាស់ តែងតែនាំមកនូវជោគជ័យដល់មនុស្សគ្រប់រូប មិនប្រកាន់ថាគេនោះស្ថិតក្នុងស្ថានភាពបែបណា ឬនៅក្នុងវណ្ណៈបែបណាក៏ដោយ។ អ្នកមិនអាចគេចរួចពីការរំពឹងទុកចំពោះអ្វីដែលនឹងអាចកើតមានឡើងនៅពេលអនាគត និងប្រងើយកន្តើយចំពោះសកម្មភាពក្នុងពេលបច្ចុប្បន្នបានឡើយ។ ថ្ងៃនេះអ្នកខ្សោយ តែគ្មាននរណាម្នាក់អាចកំណត់ជោគវាសនានៅថ្ងៃអនាគតរបស់អ្នកបានឡើយ មានតែអ្នកខ្លួនឯងទេដែលអាចកំណត់អនាគតខ្លួនឯងបាន តាមរយៈកម្រិតនៃការតស៊ូព្យាយាមរបស់អ្នក៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕