មេរៀនជីវិតចំនួន ៥ ដ៏មានន័យ តែមនុស្សភាគច្រើនមិនចាប់អារម្មណ៍

3346

ជីវិតពិតជាមិនងាយស្រួលនោះទេក្នុងការរស់នៅក្នុងបែបផែនមួយដែលយើងចង់បាន ដោយពេលខ្លះយើងជួបការលំបាក ហើយមានពេលខ្លះក៏ជួបរឿងរីករាយ ប៉ុន្តែសម្រាប់អ្នកខ្លះវិញជួបរឿងល្អតិចបំផុត ហើយក្រៅពីនោះតែងតែជួបរឿងអភ័ព្វ ទុក្ខលំបាក វេទនាមិនចេះអស់។ ទាំងនេះសុទ្ធតែមិនបានចាប់អារម្មណ៍ទៅលើដំណោះស្រាយល្អណាមួយ ដើម្បីឲ្យជីវិតបានប្រសើរ ហើយថ្ងៃនេះ គេហទំព័រអប្បមាទ សូមលើកយកចំណុចចំនួន ៥ សម្រាប់អ្នកនិយមអានអត្ថបទរបស់យើងយកទៅស្វែងយល់ និងបានអភិវឌ្ឍន៍ជីវិតកាន់តែប្រសើរ។

១. ប្រសិនបើអ្នកចង់ធ្វើអ្វីដែលអ្នកចង់ធ្វើ អ្នកត្រូវតែធ្វើវាដោយម៉ត់ចត់

មានមនុស្សជាច្រើនមិនមានឱកាសដើម្បីធ្វើអ្វីដែលខ្លួនស្រលាញ់នោះទេនៅក្នុងជីវិតរបស់ពួកគេ ផ្ទុយទៅវិញពួកគេចំណាយពេលក្នុងជីវិតរបស់ពួកគេ ធ្វើអ្វីដែលអ្នកដទៃប្រាប់ឲ្យធ្វើដើម្បីសម្រេចបំណងអ្នកដទៃតែប៉ុណ្ណោះ។ មានពេលខ្លះមុនពេលដែលអ្នកធ្វើអ្វីមួយ អ្នកគួរមើលលើផលចំណេញ ជាជាងធ្វើអ្វីព្រោះតែអារម្មណ៍ចង់ធ្វើ ព្រោះអ្នកអាចនឹងមានការសោកស្តាយប្រសិនបើអ្នកមិនចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯង។ ដូច្នេះមុនពេលដែលហួសពេល អ្នកគួរចាប់ផ្តើមធ្វើអ្វីដែលអ្នកចង់ធ្វើ ឬក៏វាអាចជាក្តីស្រមៃរបស់អ្នក ព្រោះថាបើអ្នកមិនធ្វើវាពេលនេះ មិនដឹងថាពេលក្រោយអ្នកមានឱកាសធ្វើវាទៀត ឬអត់នោះទេ។

២. ត្រូវហ៊ានទទួលស្គាល់ការពិត

ការមិនព្រមទទួលស្គាល់ការពិត ធ្វើឲ្យជីវិតតែងតែភ័យខ្លាច។ មានមនុស្សជាច្រើនតែងគិតថាអ្វីៗដែលជារបស់ខ្លួនឯង គឺល្អជាងអ្នកដទៃគ្រប់យ៉ាង គិតតែខ្លួនឯង ដោយមិនព្រមបើកចិត្តឲ្យទូលាយទទួលយក និងកែប្រែចំណុចមិនល្អរបស់ខ្លួនឲ្យបានល្អនឹងគេនោះទេ។ ទង្វើរបែបនេះនឹងបន្សល់នូវភាពសោកស្តាយ នូវអ្វីដែលខ្លួនធ្លាប់ធ្វើតែប៉ុណ្ណោះ ហើយវានឹងធ្វើឲ្យអ្នកឈឺចាប់ និងស្តាយក្រោយនូវពេលវេលាដែលអ្នកលាក់បាំងការពិតទាំងនោះ។

៣. សកម្មភាពដែលអ្នកធ្វើប្រចាំថ្ងៃអាចបញ្ជាក់ពីអនាគតរបស់អ្នក

អ្វីដែលអ្នកធ្វើថ្ងៃនេះបង្ហាញថាអ្នកគឺជានរណានៅថ្ងៃស្អែក ហើយអ្វីដែលអ្នកធ្វើពេលនេះ និងហុចផលឲ្យអ្នកវិញនៅថ្ងៃអនាគត។ ព្យាយាមធ្វើរាល់កិច្ចការប្រចាំថ្ងៃរបស់អ្នកដោយយកចិត្តទុកដាក់ ហើយតែងតែបន្តរៀនចំណេះដឹងបន្ថែម។ បើអ្នកតាំងចិត្ត កន្លងផុតមួយសប្តាហ៏ អ្នកនឹងមិនមានអារម្មណ៍ខុសប្លែកនោះទេ តែកន្លងផុតមួយខែ អ្នកនឹងដឹង ហើយកន្លងផុតមួយឆ្នាំ ២ឆ្នាំ ឬប្រាំឆ្នាំអ្នកនឹងទទួលបានអ្វីដែលអ្នកប៉ងចង់បាន។ ដូច្នេះ មិនថាអ្នកធ្វើល្អ ឬអាក្រក់ទេ វានឹងបង្ហាញអ្នកនៅពេលខាងមុខណាមួយ។

៤. គ្រប់គ្នាសុទ្ធតែអាចផ្តល់កម្លាំងចិត្តឲ្យខ្លួនឯង

មនុស្សភាគច្រើនត្រូវការកំលាំងចិត្ត ត្រូវការភាពកក់ក្តៅ និងត្រូវការការបារម្មណ៍ពីអ្នកដទៃ។ វាគឺជារឿងល្អប្រសិនបើមាននរណាម្នាក់ធ្វើវាដាក់យើង ប៉ុន្តែយើងក៏ត្រូវដឹងថា យើងក៏អាចធ្វើវាដោយខ្លួនឯងបានដែរ តួរយ៉ាងយើងអាចជម្រុញចិត្តខ្លួនឯងឲ្យធ្វើអ្វីម៉្យាង អាចបារម្ភ និងស្រលាញ់ខ្លួនឯងជាដើម។ ដូច្នេះ មិនថាអ្នកកំពុងធ្វើអ្វីដែលអ្នកស្រលាញ់ ហើយគិតថាត្រឹមត្រូវ ទោះបីគ្មានអ្នកផ្តល់កំលាំងចិត្តឲ្យអ្នក ក៏អ្នកត្រូវផ្តល់វាដល់ខ្លួនឯង ហើយបើគ្មានអ្នកបារម្មណ៍ពីអ្នក អ្នកត្រូវបារម្មណ៍ និងស្រលាញ់ខ្លួនឯង។

៥. រាល់កិច្ចការទាំងអស់ពុំមានភាពឥតខ្ចោះនោះទេ 

ភាពឥតខ្ចោះមានតែនៅក្នុងវចនានុក្រមតែប៉ុណ្ណោះ អ្នកនឹងកាន់តែបាក់ទឹកចិត្តប្រសិនបើអ្នកតែងតែចង់បានវា ប៉ុន្តែភាពឥតខ្ចោះ មិនមានន័យថាល្អប្រសើរនោះទេ។ បើអ្នកប៉ងចង់បានត្រឹមភាពល្អ ឬកាន់តែល្អ មានន័យថាអ្នកអាចនឹងកាន់តែរីកចម្រើនទៅមុខ តែវាមិនមែនមានន័យថាអ្នកធ្វើបានឥតខ្ចោះនោះទេ ហើយបើអ្នកច្រឡំថាខ្លួនឯងធ្វើបានល្អឥតខ្ចោះ អ្នកនឹងមិនរីកចម្រើនទៀតនោះឡើយ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi dear readers! I have a chance to work with Apamat.com that I could share my dream and my passion with Cambodian who are in business field. I'm a financial advisor in Apamat Team and also in skill of operating and managing for startups and SMEs. I hope my articles can benefit you...