គោលគំនិតដែលជំរុញឱ្យលោក Mark Zuckerberg ទទួលបានជោគជ័យ

2805

មហាសេដ្ឋីដ៏មានឥទ្ធិពលម្នាក់ក្នុងពិភពបច្ចេកវិទ្យា និងជាអ្នកត្រួសត្រាយផ្លូវបង្កើនការភ្ជាប់ទំនាក់ទំនងរវាងមនុស្សនៅជុំវិញពីភពលោកឱ្យកាន់តែជិតស្និត លោក Mark Zuckerberg បានកើតនៅថ្ងៃទី ១៤ ឧសភា ឆ្នាំ ១៩៨៤ ក្នុងទីក្រុង New York ប្រទេសសហរដ្ឋអាមេរិក។

គេបានធ្វើឱ្យមនុស្សស្ទើរពេញមួយផែនដីមានភាពភ្ញាក់ផ្អើល និងស្ញើចសរសើរពីសេចក្តីក្លាហានរបស់គេដែលហ៊ានលះបង់ការសិក្សាពីមហាវិទ្យាល័យ ដើម្បីទៅបង្កើតក្រុមហ៊ុន Facebook។ ខាងក្រោមនេះ គឺជាគោលគំនិតសំខាន់ ៥ ដែលធ្វើឱ្យលោកឈានដល់ចំណុចកំពូលនៃជីវិត។

១. តស៊ូមិនបោះបង់

គ្មានជោគជ័យណាដែលបានមកដោយស្រួលៗទេ។ ការខិតខំប្រឹងប្រែងតស៊ូ និងហ៊ានលះបង់ គឺជាគន្លឹះឆ្ពោះទៅសម្រេចគោលដៅ។ ការសម្រេចចិត្តបោះបង់ការសិក្សាពីមហាវិទ្យាល័យ និងបានផ្លាស់ទីលំនៅទៅកាន់រដ្ឋ California បានបង្ហាញឱ្យឃើញពីការលះបង់មួយដ៏មហិមារបស់ Zuckerberg ក្នុងការបន្តធ្វើឱ្យក្តីស្រមៃរបស់លោកក្លាយជាការពិត និងឆន្ទៈក្នុងការបំពេញការងារ។ អ្នកអាចចាប់ផ្តើមកិច្ចការមួយពីតូច តែកុំខ្លាចក្នុងការបូជាអ្វីៗដើម្បីធ្វើឱ្យកិច្ចការនោះរីកធំធាត់។ តាមពិតទៅលោក Mark មិនបានបោះបង់ការរៀនសូត្រទេ ទោះបីជាគាត់កាលនោះបានឈប់រៀនថ្នាក់មហាវិទ្យាល័យ ក៏គាត់នៅតែបន្តការរៀនសូត្រនៅក្រៅសាលាដែរ ហើយគាត់បានត្រលប់ទៅរៀននៅសាលា Harvard វិញរហូតចប់ថ្នាក់បណ្ឌិតផ្នែកច្បាប់។

២. ជឿជាក់លើខ្លួនឯង

ថ្វីត្បិតតែធ្លាប់ប្រឈមមុខនឹងបញ្ហាប្ដឹងផ្តល់ជាច្រើន និងធ្លាប់ទទួលបានសំណើរទិញយកក្រុមហ៊ុន Facebook ពីក្រុមហ៊ុនធំៗ ប៉ុន្តែ Mark នៅតែតោងក្តីសុបិន្តរបស់គាត់ជាប់ និងជឿជាក់លើខ្លួនឯងជានិច្ច។ ចូរកុំសង្ស័យអំពីសមត្ថភាពរបស់អ្នក អ្នកគួរតែចំណាយពេលយកចិត្តទុកដាក់ទៅលើគោលដៅរបស់អ្នកឱ្យច្រើន ហើយត្រូវតែជឿលើអ្វីដែលអ្នកកំពុងធ្វើ។

៣. កុំបាក់ទឹកចិត្តដោយសារតែការរិះគន់

ការរិះគន់ គឺជាវិធីសាស្ត្រវាយប្រហារផ្លូវចិត្តមួយដោយពាក្យសម្តីដែលមនុស្សគ្រប់រូបពិបាកទប់អារម្មណ៍។ តាមពិតទៅ វាគឺជារឿងធម្មតា ដែលអ្នកទទួលបានពាក្យសរសើរ នៅពេលអ្នកធ្វើអ្វីមួយដែលអ្នកដទៃពេញចិត្ត និងត្រូវគេរិះគន់មកវិញនៅពេលអ្នកធ្វើរឿងដែលពួកគេគិតថាខុស។ ទោះជាយ៉ាងណា អ្នកត្រូវចងចាំថា មនុស្សគឺខុសគ្នា។ ពេលខ្លះគំនិត និងទង្វើដ៏ត្រឹមត្រូវរបស់អ្នក បែរជាត្រូវបានមនុស្សដទៃគិតថាខុស។ ផ្ទុយទៅវិញ ប្រសិនបើអ្នកដឹងច្បាស់ថាខ្លួនឯងកំពុងធ្វើរឿងត្រឹមត្រូវ សូមកុំបណ្ដោយឱ្យពាក្យសំដីអវិជ្ជមានទាំងនោះធ្វើឱ្យអ្នកចុះចាញ់ឱ្យសោះ។ អ្នកត្រូវមានជំនឿលើខ្លួនឯង ព្រោះគ្មាននរណាម្នាក់អាចមើលឃើញអនាគតរបស់អ្នក ជាងអ្នកនោះទេ។ អ្នកមិនអាចធ្វើតម្រូវចិត្តមនុស្សគ្រប់គ្នាបានទេ ហើយអ្នកដែលរិះគន់អ្នក ក៏គេចមិនផុតពីការរិះគន់ពីមនុស្សជុំវិញដែរ។ បើអ្នកធ្វើក៏មានអ្នករិះគន់ ហើយពេលអ្នកមិនធ្វើ ក៏នៅតែមានអ្នករិះគន់។

៤. សាកល្បងអ្វីដែលថ្មី

អ្នកដឹងហើយថា គ្រាន់តែនិយាយ ហើយមិនធ្វើ នោះវាគ្មានលទ្ធផលអ្វីកើតឡើងឡើយ។ បើអ្នកស្គាល់អ្វីមួយហើយ អ្នកគួរតែសាកល្បងអ្វីដែលថ្មីៗជាបន្តបន្ទាប់ទៀត។ រហូតមកដល់ពេលនេះ Facebook នៅតែបន្តបង្កើតមុខងារថ្មីៗ និងទុករបស់ណាដែលមិនអាចសម្រេចបានឱ្យនៅដោយឡែក។ សូមកុំខ្លាចក្នុងការល្បងអ្វីថ្មីៗដែលវិជ្ជមាន ទោះបីធ្វើទៅមិនទទួលបានលទ្ធផលល្អដូចដែលអ្នកប្រាថ្នាទាំងស្រុង តែយ៉ាងហោចណាស់ អ្នកក៏បានធ្វើឱ្យគំនិតរបស់អ្នកចេញជារូបរាងដែរ។ លោក Mark ធ្លាប់សម្រេចខុសមិនតិចទេក្នុងការសាកល្បងធ្វើអ្វីដែលថ្មីលើ Facebook ប៉ុន្តែលោកនៅតែបន្តធ្វើឲ្យ Facebook មានអ្វីថ្មីប្លែកជានិច្ច ហើយមកទល់ពេលនេះ មិនទាន់មានបណ្តាញសង្គមណាអាចទម្លាក់ Facebook បាននៅឡើយទេ។

៥. បន្តដំណើរទៅមុខទៀត

ឧបសគ្គប្រៀបបានដូចជាគ្រឿងបន្ថែមរសជាតិឱ្យភាពជោគជ័យ។ អ្នកអាចទទួលស្គាល់ការបរាជ័យ ប៉ុន្តែកុំអនុញ្ញាតឱ្យវាបញ្ឈប់អ្នកពីការធ្វើកិច្ចការដែលអ្នកស្រលាញ់។ ក្រុមហ៊ុន Facebook ធ្លាប់ត្រូវបានគេចោទប្រកាន់ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត និងកំហុសឆ្គងជាច្រើន ប៉ុន្តែ Mark Zuckerberg នៅតែព្យាយាមបង្ហាញពីគោលគំនិតរបស់គាត់ បើទោះបីជាត្រូវប្រឈមនឹងហានិភ័យបែបណាក៏ដោយ។

រាល់ការតស៊ូ អត់ធ្មត់ និងការហ៊ានលះបង់ទាំងប៉ុន្មាន កើតចេញពីភាពជឿជាក់ និងមានទស្សនៈវិស័យច្បាស់លាស់សម្រាប់អនាគតខាងមុខ។ គ្មាននរណាម្នាក់ចង់ឮពាក្យរិះគន់ពីមនុស្សនៅជុំវិញខ្លួននោះទេ ប៉ុន្តែក៏មិនត្រូវអស់ជំនឿ បាត់បង់ក្តីសង្ឃឹមលើខ្លួនឯង ដោយសារតែពាក្យសម្តីរិះគន់ណាដែលបង្កឡើងក្នុងន័យបំបាក់កម្លាំងចិត្តដែរ។ ពួកគេរិះគន់អ្នកជារឿងរបស់គេ អ្នកជឿជាក់លើគោលដៅ និងសមត្ថភាពរបស់ខ្លួនឯងជារឿងដែលចាំបាច់៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕