ចង់បង្កើនការលក់ជាលំដាប់មែនទេ? បើមែន អ្នកត្រូវទាញប៊ិច និងក្រដាសមកសរសេរគម្រោងការលក់ឥឡូវនេះ។

១. បង្កើតកម្មវិធីលើកទឹកចិត្តបុគ្គលិកផ្នែកលក់

បង្កើតហេតុផលមួយដែលជំរុញឲ្យបុគ្គលិកលក់របស់អ្នក គិតតែពីលក់ឲ្យបានច្រើន។ តើអ្នកធ្លាប់ឃើញក្រុមហ៊ុនដែលផ្តល់ជាភាគរយ ឬហៅថាលុយទឹកតែ នៅពេលដែលបុគ្គលិកលក់ទំនិញបានទេ? នោះហើយគឺជារបៀបបង្កើនការលក់របស់ពួកគេ។ មិនមែនមានតែការផ្តល់ភាគរយនោះទេ ក្រុមហ៊ុនខ្លះផ្តល់ជាការចំណាយជូនបុគ្គលិកដើរកំសាន្ត ឬក៏ផ្តល់ជាកាដូមានតម្លៃអ្វីម្យ៉ាងនៅពេលដែលបុគ្គលិកលក់បានដល់ចំនួនមួយដែលក្រុមហ៊ុនកំណត់។ ប្រសិនបើអ្នកប្រើវិធីនេះ អ្នកមិនគួរបង្កើតកម្មវិធីលើកទឹកចិត្តបុគ្គលិកមួយដែលមានភាពស្មុគស្មាញ ឬកំណត់គោលដៅខ្ពស់ តែផ្តល់រង្វាន់តិចឲ្យបុគ្គលិកនោះទេ។ 

 

ឧទាហរណ៍ថា៖ អ្នកសង់ផ្ទះល្វែងលក់ ហើយបង្កើតកម្មវិធីលើកទឹកចិត្តបុគ្គលិកលក់ ដោយកំណត់ការលក់ឲ្យបាន ៥០ ល្វែង នឹងទទួលបានទូរស័ព្ទដៃមួយគ្រឿង។ កម្មវិធីប្រភេទនេះគ្មានប្រសិទ្ធភាពនោះទេ ព្រោះរង្វាន់ទូរស័ព្ទមួយគ្រឿងគឺតិចពេក មិនអាចទាក់ចិត្តបុគ្គលិកបានឡើយ អ្នកគួរតែផ្តល់រង្វាន់ណាដែលធំជាងនេះ ដើម្បីឲ្យសាកសម្យទៅនឹងចំនួនដែលអ្នកកំណត់ឲ្យលក់នោះ។

២. ផ្តល់ពត៌មាននៃកម្មវិធីបញ្ចុះតម្លៃមុនពេលចាប់ផ្តើម

ថ្មីៗនេះ ខ្ញុំបានទៅទិញទំនិញនៅហាងមួយ ខ្ញុំបានរើសទំនិញមួយមុខហើយយកទៅកន្លែងគិតលុយ។ នៅពេលដែលគិតលុយរួចរាល់ បុគ្គលិកដែលឈនៅកន្លែងគិតលុយនោះ បានហុចក្រដាសកម្មវិធីប្រម៉ូសិនមួយមកឲ្យខ្ញុំ ហើយនៅពេលដែលខ្ញុំមើលវា ខ្ញុំបានឃើញគេសរសេរថា នឹងមានកម្មវិធីបញ្ចុះតម្លៃ ៥% ដល់ ២០% គ្រប់ផលិតផលទាំងអស់នៅ ៣ ថ្ងៃខាងមុខ។ ទាយទៅមើលថាខ្ញុំនឹងទៅទិញម្តងទៀតទេ? ខ្ញុំបានទៅទិញម្តងទៀត ហើយទិញរបស់ប្រើប្រាស់ជាច្រើនមកទុកទៀតផង។

មេរៀនគឺ ៖ នៅពេលដែលអ្នកមានគម្រោងចេញកម្មវិធីបញ្ចុះតម្លៃ អ្នកគួរតែជូនដំណឹងឲ្យអតិថិជនបានដឹង មុនពេលថ្ងៃលក់បញ្ចុះតម្លៃមកដល់។ អតិថិជនអាចនឹងមកម្តងទៀត ហើយពួកគេអាចនឹងហៅមិត្តរបស់ពួកគេមកថែមទៀតផង។ (មិនមែនចែកតែក្រដាសនោះទេ អ្នកអាចផ្សាយនៅលើបណ្តាញសង្គមដូចជាទំព័រ Facebook បានផងដែរ)

៣. ទាក់យកអតិថិជន

អ្នកប្រហែលជាធ្លាប់ទៅហាងកាហ្វេ គេផ្តល់កាត ទិញ ១០ កែវ ប្តូរបាន ១ កែវ ឬទិញ ១០ ដង ថែមជូន ១ កែវ។ ធ្វើបែបនេះ គឺដើម្បីទាក់អតិថិជនឲ្យទិញនៅហាងរបស់គេឲ្យគ្រប់ចំនួនដែលអាចបានការផ្តល់ជូនដោយឥតគិតថ្លៃ ហើយមានភាគរយខ្ពស់ដែលអាចទាក់អតិថិជនមិនឲ្យទៅហាងកាហ្វេផ្សេងទៀត។ វិធីនេះក៏មានប្រសិទ្ធភាពក្នុងការបង្កើតទំនុកចិត្តលើយីហោរបស់អ្នកផងដែរ។

៤. បង្កើតកម្មវិធីផ្តល់រង្វាន់ដល់អតិថិជន

បើនិយាយពីវិធីនេះ អ្នកប្រាកដជាច្បាស់ ព្រោះថាឥឡូវនេះក្រុមហ៊ុនស្រាបៀរនៅស្រុកខ្មែរផ្សាយស្ទើតែគ្មានពេលសម្រាកអំពីកម្មវិធីទិញច្រើន-ឈ្នះច្រើន របស់ពួកគេ។ ហើយមិនមែនមានតែក្រុមហ៊ុនស្រាបៀរនោះទេដែលចូលចិត្តប្រើវិធីនេះដើម្បីបង្កើនការលក់ ក្រុមហ៊ុនអ្វីក៏ដោយក៏អាចប្រើវាបានដែរ។ កម្មវិធីផ្តល់រង្វាន់នេះ គេច្រើនប្រើរបៀបពីរ គឺចាប់រង្វាន់ និងឈ្នះភ្លាមៗ ហើយមកដល់សម័យនេះ កម្មវិធីចាប់រង្វាន់ហាក់បីដូចជាមិនសូវមានប្រសិទ្ធភាពទេ ដោយសារតែមនុស្សចង់បានរង្វាន់ភ្លាមៗជាង។

៥. ដាក់ផលិតផលថ្មីឲ្យអតិថិជនសាកល្បង

អតិថិជនប្រហែលជាថុញទ្រាន់នឹងការទិញផលិតផល ឬសេវាកម្មដដែលៗ ពួកគេចង់សាកល្បងអ្វីដែលថ្មី ហើយវាក៏ជាវិធីបង្កើនការលក់មួយទៀតផង។ អតិថិជនអាចនឹងចង់សាកផលិតផល ហើយពួកគេអាចនឹងណែនាំអំពីផលិតផលថ្មីរបស់អ្នកដល់មិត្តរបស់ពួកគេ ឬអាចទិញផ្ញើមិត្តរបស់ពួកគេផងដែរ។ 

តើអ្នកធ្លាប់ចូលហាងលក់កាហ្វេនៅភ្នំពេញ ហើយឃើញគេដាក់តាំងផលិតផលថ្មី ឬកាហ្វេរសជាតិថ្មី ហើយគេដាក់លក់មានពេលកំណត់ឬទេ? គោលដៅរបស់ពួកគេមានពីរ ទីមួយ គឺវាស់ស្ទង់ទីផ្សារចំពោះផលិតផលថ្មីនោះ បើគេឃើញថាវាមានការគាំទ្រខ្លាំង គេនិងដាក់លក់វាជាផ្លូវការ។ ទីពីរ គេចង់បង្កើនការលក់តាមរយៈការផ្តល់បទពិសោធន៍ថ្មីដល់អតិថិជន។

យុទ្ធសាស្ត្របង្កើនការលក់មានច្រើនទៀត តែអ្វីដែលជាគន្លឹះដ៏សាហាវនោះគឺ “ដឹងថាអតិថិជនត្រូវការអ្វី”។ ការបង្កើនការលក់ មិនមែនសំដៅលើការលក់ឲ្យអតិថិជនថ្មីៗនោះទេ ការលក់ដល់អតិថិជនចាស់គឺជាវិធីល្អបំផុត ព្រោះថា អតិថិជនចាស់ស្គាល់យីហោរបស់អ្នកស្រាប់ អញ្ចឹងអ្នកមិនចាំបាច់ចំណាយលុយច្រើនដើម្បីផ្សាយពាណិជ្ជកម្មដូចទាក់ទាញអតិថិជនថ្មីនោះទេ។ ទោះជាយ៉ាងណា អ្នកក៏ត្រូវតែផ្សព្វផ្សាយដើម្បីទាក់ទាញអតិថិជនថ្មីបន្ថែម ហើយរក្សាអតិថិជនចាស់ឲ្យគង់ផងដែរ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi dear readers! I have a chance to work with Apamat.com that I could share my dream and my passion with Cambodian who are in business field. I'm a financial advisor in Apamat Team and also in skill of operating and managing for startups and SMEs. I hope my articles can benefit you...