៥ គន្លឹះ ដើម្បីក្លាយជាអ្នកជំនួញដ៏រឹងមាំ

4138

មានគំនិតជាច្រើនដែលនិយាយទាក់ទងនឹងសហគ្រិនដែលពេលខ្លះវាមានលក្ខណះពិតប្រាកដ តែពេលខ្លះយើងក៏ត្រូវសិក្សាពីវាបន្ថែមដែរ។  ហើយពេលនេះខ្ញុំនឹងបំភ្លឺរឿងរ៉ាវមួយចំនួនដែលទាក់ទងនឹងភាពជាសហគ្រិន និងពន្យល់ពីរបៀបក្នុងការជ្រើសរើសគន្លឹះដើម្បីជួយអ្នកក្នុងដំណើរជីវិតជាអ្នកជំនួញម្នាក់ដ៏ឆ្នើមម្នាក់។

១. បង្កើតក្តីសង្ឃឹមឲ្យខ្លួនឯង

ជាក់ស្តែងដូចជារឿងរ៉ាវជីវិតរបស់តារាចម្រៀងម្នាក់គឺ Lady Gaga នៅពេលដែលនាងរស់នៅទីក្រុងញូវយ៉ក នាងបានកំពុងតែព្យាយាមចាប់ផ្តើមអាជីពសិល្បៈរបស់នាង តែនាងមានបញ្ហាព្រោះនាងមិនសូវស្គាល់គេទេ ហើយគេក៏មិនសូវស្គាល់នាងដែរ ទើបគ្មានអ្នកណាហៅនាងទៅសម្តែង។ ដូច្នេះនាងបានប្រើប្រាក់ដែលនាងបានធ្វើជាអ្នករត់តុ ទៅហាងបោះពុម្ពដើម្បីធ្វើផ្ទាំងរូបភាពធំៗរបស់នាង រួចហើយដាក់តាំង។ បន្ទាប់មកនាងបានបិតពួកវានៅមុខរបារ និងក្លឹបដែលនាងចង់សម្ដែង។ ហើយភ្លាមៗនោះមានអ្នកហៅនាងទៅសម្តែង។ មេរៀននេះ គឺចង់ឱ្យអ្នកឈប់រង់ចាំក្តីសង្ឃឹមពីអ្នកដទៃ ប៉ុន្តែត្រូវចេះបង្កើតឱកាស និងចេះប្រើទេពកោសល្យរបស់ខ្លួនឯង។ បើគ្មាននរណាជួយប្រូម៉ូតឲ្យអ្នកទេ គឺត្រូវធ្វើជាអ្នកផ្សព្វផ្សាយឲ្យខ្លួនឯង។ ឈប់រង់ចាំអ្នកណាម្នាក់ជ្រើសរើសអ្នក តែចាប់ផ្តើមជ្រើសរើសយកខ្លួនឯង។

២. ក្រុមជំនួញតូច មានភាពងាយស្រួល?

ការចាប់ផ្តើមពីក្រុមតូច ងាយស្រួលក្នុងការសម្រេចចិត្ត និងចាត់វិធានការនៅពេលដែលការប្រកួតប្រជែងកើតឡើង និងមានរឿងងាយស្រួលផ្សេងទៀត ដូចជាការរៀបចំប្រតិបត្តិការយ៉ាងណាឲ្យប្រសើរជាងមុនជាដើម។ ប៉ុន្តែនៅក្នុងវិស័យឧស្សាហកម្មនានា គេគ្រាន់តែឃើញអ្នកត្រឹមតែជាត្រីតូចមួយប៉ុណ្ណោះ។ អ្នកផ្គត់ផ្គង់ មិនសូវត្រូវការអ្នកទេ បើទំហំអាជីវកម្មរបស់អ្នកតូច ហើយអតិថិជនក៏មិនសូវជឿជាក់លើអ្នកដែរ ប្រសិនបើមានគូប្រជែងដែលធំជាងអ្នកនៅក្បែរនោះ។ ដូចនេះតូចជាងគេ គឺមិនមែនតែងតែងាយស្រួលនោះទេ។

៣. តែងតែបង្កើតអ្វីដែលថ្មី

អ្នកតែងឃើញប្រព័ន្ធផ្សព្វផ្សាយនានា អបអរសាទរពាណិជ្ជករដែលបានធ្វើពាណិជ្ជកម្មបានជោគជ័យ គឺដោយសារមានគំនិតថ្មីជាច្រើន។ មិនមែនគ្រប់គំនិតទាំងអស់ត្រូវបានគេបង្កើតឡើងថ្មីសន្លាងឡើយ ប៉ុន្តែគេគ្រាន់តែកែច្នៃវាឲ្យទៅជាផលិតផល ឬសេវាកម្មថ្មី។ ឧទាហរណ៍ដូចជាក្រុមហ៊ុនហៅតាក់ស៉ីតាមទូរស័ព្ទដៃ ឡានតាក់ស៊ី មិនមែនជាគំនិតថ្មីទេ ប៉ុន្តែគេគ្រាន់តែច្នៃវាឲ្យមនុស្សចាប់អារម្មណ៍តាមរយៈធ្វើឲ្យមានភាពងាយស្រួល។ រាល់ផលិតផល ឬសេវាកម្ម តែងតែមានវត្តជីវិតរបស់វា គ្មាននរណាចង់ប្រើ លេង ឬបរិភោគផលិតផលដដែលៗទេ បែបនេះហើយបានជាអ្នកឃើញក្រុមហ៊ុនផលិតភេសជ្ជៈនានាតែងតែបង្កើតកម្មវិធីធ្វើទីផ្សារថ្មីៗ ប្តូរសំបកកំប៉ុងថ្មី ច្នៃរសជាតិថ្មី និងប្តូររូបភាពលើសំបកកំប៉ុងជាដើម។

៤. តែងតែមានគម្រោងទុកជាមុន

ការមានផែនការអាជីវកម្មរបស់អ្នកមិនមែនសម្រាប់តែពេលបើកដំបូងទេ ប៉ុន្តែមានរាល់ពេលចុងឆ្នាំ។ រឿងខ្លះដែលអ្នកបានគិត មិនមែនតែងតែកើតឡើងតាមវិធីដែលអ្នករំពឹងទុកនោះទេ ហើយផែនការអាជីវកម្មក៏ដូចគ្នា។ ផែនការអាជីវកម្ម គឺជាចំណុចចាប់ផ្តើមមួយដ៏អស្ចារ្យ ប៉ុន្តែកុំរំពឹងថាវានឹងកើតឡើងពិតតាមគម្រោងខ្ពស់ពេក ពោលគឺត្រូវការពឹងលើសមត្ថភាព និងស្ថានភាពជាក់ស្តែង។ អ្នកគួរចាំថា ការមានគម្រោងជាមុន ជាការត្រៀមទុកការអនុវត្តន៍ច្បាស់ជាងការដែលគ្មានគម្រោង។ 

៥. កុំតក់ក្រហល់ អ្វីដែលនឹងកើត វាគង់តែកើត

កុំតក់ក្រហល់ពេក ព្រោះអញវីនឹងកើត វាគង់តែកើតទេ ផ្ទុយទៅវិញអ្នកគួរចំណាយពេលផ្តោតលើការងារបច្ចុប្បន្ន ជាជាងទុកពេលចោលចំណាយទៅលើការរង់ចាំអ្វីដែលមិនទាន់កើតឡើង។ ការព្រួយបារម្ភអំពីពេលវេលាដែលបានបាត់បង់ អាចបង្កើតភាពភ័យខ្លាចនៅពេលអ្នកចាប់ផ្តើមដំបូង អ្វីៗទាំងអស់ដែលអ្នកត្រូវធ្វើគឺការសម្រេចចិត្ត បន្ទាប់មកនៅពេលឱកាសដ៏ល្អមួយមកដល់ ចាប់វាឱ្យជាប់ ហើយពេលវេលានោះគឺស្ថិតនៅក្នុងដៃរបស់អ្នក។ ភាពជាសហគ្រិនមិនមែនសម្រាប់មនុស្សទន់ខ្សោយនោះទេ តែវាសម្រាប់មនុស្សណាដែលបើកចិត្តឱ្យទូលាយ និងផ្តល់ឱកាសឲ្យខ្លួនឯងក្នុងការសាកល្បងដើរលើផ្លូវជីវិតរបស់អ្នកជំនួញ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទនៅក្នុងគេហទំព័រ apamat.com។ ក្រៅពីធ្វើជំនួញ នៅពេលទំនេរ ខ្ញុំតែងតែអង្គុយសរសេរអត្ថបទចែករំលែកចំណេះដឹងធ្វើអាជីវកម្ម និងចំណេះដឹងផ្សេងទៀតដែលមនុស្សតែងតែជួបប្រទះក្នុងជីវិត។ ខ្ញុំសង្ឃឹមថាការខិតខំរបស់ខ្ញុំនឹងអាចជួយដល់អ្នកទាំងអស់គ្នាបានខ្លះ។