តើឧបសគ្គធំៗអ្វីខ្លះដែលសហគ្រិនស្ត្រីតែងជួបប្រទះ?

2737

ជាងមួយទសវត្សចុងក្រោយនេះ កំណើនស្ត្រីក្នុងភាពជាសហគ្រិន មានការកើនឡើងគួរឱ្យកត់សម្គាល់។ កត្តាធំបំផុតដែលជំរុញឱ្យមានសហគ្រិនស្ត្រីកាន់តែច្រើនឡើង ហ៊ានចូលខ្លួនមកប្រឡូកក្នុងវិស័យជំនួញ ដោយសារតែវាជាចំណង់ចំណូលចិត្តរបស់ពួកគេផ្ទាល់ និងចង់សម្តែងឱ្យគ្រប់គ្នាបានឃើញពីសក្តានុពលរបស់ស្ត្រីក្នុងការធ្វើអាជីវកម្ម គឺមិនចាញ់បុរសនោះទេ។ ទោះជាយ៉ាងណា ពេលខ្លះសហគ្រិនស្ត្រីក៏ជួបបញ្ហាដូចគ្នាទៅនឹងសហគ្រិនទូទៅដែរ។ ឥឡូវ យើងងាកមកមើលថាតើបញ្ហាអ្វីខ្លះដែលសហគ្រិនស្ត្រីជារឿយៗតែងប្រឈមមុខជាមួយ។

១. កង្វះដើមទុន
ផ្ទាំងឃោសនាពាណិជ្ជកម្ម

ដើមទុនក្នុងការបើកដំណើរការអាជីវកម្ម គឺជាបញ្ហាសាមញ្ញដែលសហគ្រិនជើងថ្មីតែងជួបប្រទះ។ ជាការពិតណាស់ព្រោះគ្មាននរណាម្នាក់ចង់សាងអ្វីមួយពីធំមកតូច និងខ្វះការគាំទ្រទាំងស្រុងបានទេ។ ទុនវិនិយោគ គឺជារឿងដ៏សំខាន់ក្នុងការបើកអាជីវកម្ម។ ទោះបីជាវាមើលទៅហាក់បីជាងាយស្រួលក្នុងការស្នើសុំជំនួយពីនរណាម្នាក់ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបើកអាជីវកម្មក៏ដោយ ប៉ុន្តែជាក់ស្តែង វាគឺជាកិច្ចការដ៏លំបាកមួយ ជាពិសេសសម្រាប់ស្ត្រីភេទក្នុងការស្នើសុំជំនួយពីអ្នកដទៃ។ វាទាមទារឱ្យអ្នកមានភាពប្រាកដប្រជាទាំងគម្រោងអាជីវកម្ម និងសមត្ថភាពរបស់អ្នកដែលដឹកនាំអាជីវកម្មផ្ទាល់ ព្រោះគ្មានវិនិយោគិនណាហ៊ានបោះទុនក្នុងជំនួញដែលមានអ្នកគ្រប់គ្រងទន់ខ្សោយ និងខ្វះភាពច្បាស់លាស់ឡើយ។ ចំពោះសហគ្រិនស្ត្រីក្នុងការស្នើសុំជំនួយ ហាក់ដូចជាពិបាកជាងបុរសបន្តិច ត្រង់ទ្រឹស្តីដែលគ្រប់គ្នាតែងយល់ច្រឡំថា ស្ត្រីជាមនុស្សមិនច្បាស់ការដូចបុរស ឬមិនឆ្លាតដូចបុរសក្នុងវិស័យជំនួញ និងកង្វះអាទិភាពពីគ្រួសាររបស់ពួកគេជាដើម។ 

២. ខ្វះតុល្យភាព ឬភាពស្មើគ្នា

ក្នុងដំណើរជាសហគ្រិនស្ត្រីមានការប្រឹងប្រែងយ៉ាងខ្លាំងដើម្បីឱ្យជីវិតមានតុល្យភាពទាំងខ្លួនឯង ក្រុមគ្រួសារ និងការងារ។ ជាធម្មតាស្ត្រីតែងមានទំនោរជឿថា ជីវិតការងាររបស់ពួកគេគឺខុសគ្នាទៅនឹងជីវិតក្នុងសង្គម។ ផ្ទុយទៅវិញពួកគេតែងតែព្យាយាមសម្ដែងឱ្យគ្រប់គ្នាឃើញថា ជីវិតរបស់ពួកគេគឺមានតុល្យភាពគ្រប់គ្រាន់ ប៉ុន្តែនេះគ្រាន់តែជាមធ្យោបាយដើម្បីគេចចេញពីសកម្មភាពវាយតម្លៃពីបរិយាកាសខាងក្រៅ និងដើម្បីជួយឱ្យពួកគេផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតទៅលើអាជីពរបស់ពួកគេតែប៉ុណ្ណោះ។

៣. សង្គមដែលនាំមុខដោយបុរស

ក្នុងពិភពលោកសម័យទំនើបនេះ ស្ត្រីបានព្យាយាមឆ្លុះបញ្ជាំងឱ្យឃើញពីជីវិតដ៏ប្រសើរក្នុងនាមជាសហគ្រិន។ ទោះបីសហគ្រិនជាស្ត្រីភេទមានកំណើនយ៉ាងឆាប់រហ័សក្តី បុរសនៅតែត្រូវបានគេចាត់ទុកថាជាមនុស្សនាំមុខគេក្នុងការគ្រប់គ្រងសង្គម ព្រមទាំងការធ្វើជំនួញ ហើយនេះជាកត្តាចម្បងមួយដែលបណ្ដាលឱ្យស្ត្រីមានភាពស្ទាក់ស្ទើរក្នុងការឈានជើងចូលទៅកាន់ពិភពជំនួញ។

៤. ខ្វះការគាំទ្រពីគ្រួសារ

ដោយសារតែគំនិតយល់ច្រឡំមួយថា ស្ត្រីគឺជាមនុស្សទន់ខ្សោយ បានបណ្ដាលឱ្យគ្រប់គ្នាពុំសូវមានទំនុកចិត្ត និងខ្វះការលើកទឹកចិត្តចំពោះស្ត្រីក្នុងការធ្វើជំនួញ។ ការភ័យខ្លាចចំពោះភាពបរាជ័យរបស់ស្ត្រី និងកង្វះការគាំទ្រពីក្រុមគ្រួសារគឺជាសម្ពាធដ៏ធ្ងន់ ដែលរុញច្រានឱ្យស្ត្រីមិនសូវមានភាពក្លាហានក្នុងការសម្តែងឱ្យឃើញពីសក្តានុពល ព្រមទាំងជំនាញរបស់ពួកគេឱ្យបានពេញទំហឹង៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕