ហេតុអ្វីបានជាមនុស្សជោគជ័យនៅតែជោគជ័យ?

1714

តាមធម្មតា ទម្លាប់ត្រូវបានបែងចែកពីរ ដែលមួយជាទម្លាប់ខ្ចិល មួយទៀតជាទម្លាប់ឧស្សាហ៍។ ទម្លាប់គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីភាពជោគជ័យរបស់មនុស្សតាមកម្រិតខុសគ្នាៗ។ មនុស្សដែលមានទម្លាប់ឧស្សាហ៍ ពូកែធ្វើ តែងតែជោគជ័យធំជាងអ្នកដែលពូកែតែនិយាយ ហើយវាជាការពិតដែលថាមហាសេដ្ឋីនិងមនុស្សជោគជ័យជាច្រើនមានទម្លាប់បញ្ចេញសកម្មភាពខុសពីមនុស្សមធ្យម។ ខាងក្រោមនេះគឺជាទម្លាប់ទាំង ៦ ដែលជួយឱ្យបុគ្គលជោគជ័យនៅតែរក្សាភាពជោគជ័យរបស់ពួកគេបានយូរជាងអ្នកជោគជ័យល្មមៗ៖

១. ភ្ញាក់ពីព្រលឹម

មួយផ្នែកធំនៃមនុស្សជោគជ័យតែងមានទម្លាប់ក្រោកពីដំណេកមុនថ្ងៃរះ ពីព្រោះពួកគេមានកិច្ចការជាច្រើនដែលត្រូវត្រៀម និងត្រូវរួសរាន់ធ្វើ។ ម្យ៉ាងវិញទៀត ពេលព្រឹកព្រលឹមក៏ជាពេលដែលពោរពេញដោយភាពស្ងប់ស្ងាត់ ងាយស្រួលឱ្យពួកគេតឹងស្មារតីក្នុងការគិត និងការសម្រេចផ្សេងៗ។ ឧទាហរណ៍ជាក់ស្តែងដូចជាម្ចាស់ក្រុមហ៊ុន Virgin Group លោក Richard Branson សហស្ថាបនិកបណ្ដាញសង្គម Twitter លោក  Jack Dorsey និងអ្នកស្នងតំណែងជា CEO បន្ទាប់ពី Steve Jobs នៅក្រុមហ៊ុន Apple លោក Tim Cook ត្រូវបានគេដឹងថាមានទម្លាប់ភ្ញាក់ពីគេងនៅម៉ោង ៥ ព្រឹក។

២. កំណត់គោលដៅ

មនុស្សមួយចំនួនគិតថា នៅពេលនរណាម្នាក់បានទទួលជោគជ័យហើយ នោះគោលដៅដែលពួកគេបានកំណត់គឺគ្រាន់តែជារឿងអតីតកាលដែលគួរតែបោះចោល។ ប៉ុន្តែ ការពិតមនុស្សដែលរក្សាជោគជ័យបានយូរអង្វែងនៅតែបន្តកែតម្រូវគោលដៅរបស់ពួកគេទុកដូចជារបស់មួយសម្រាប់លើកទឹកចិត្ត។ គោលដៅរបស់ពួកគេអាចជាការជួយសង្គម បង្កើតក្រុមហ៊ុន ឫរកប្រាក់ឱ្យបានច្រើន ហើយទោះបីជាពួកគេទទួលបានលទ្ធផលយ៉ាងណាក៏ដោយ ពួកគេនៅតែជឿជាក់ថា ការរស់នៅមានគោលដៅ គឺប្រសើរជាងគ្មាន។

៣. មិនមើលរំលងការរៀនសូត្រ

ចំណុចមួយបែបទៀតដែលជួយឱ្យមនុស្សជោគជ័យនៅតែបន្តជោគជ័យឥតឈប់គឺ ពួកគេមានទម្លាប់សិក្សារៀនសូត្រជាប់ជានិច្ច។ កំពូលអ្នកវិទ្យាសាស្រ្ត Albert Einstein បានលើកឡើងថា នៅពេលដែលអ្នកឈប់រៀន គឺអ្នកកំពុងតែស្លាប់ហើយ ត្រង់នេះលោកចង់បញ្ជាក់ថា ការសិក្សាប្រៀបបាននិងការឱ្យការចំណី បើខួរក្បាលរបស់អ្នកមិនទទួលបានអ្វីថ្មី នោះវានឹងនៅត្រឹងមួយកន្លែង។ អ្នកមាន ដូចជាមហាសេដ្ឋី សុទ្ធតែយល់ថា ការពង្រីកចំណេះដឹងគឺជារនាំដ៏រឹងមាំដែលជួយឱ្យពួកគេអាចរក្សាទ្រព្យសម្បត្តិបានយូរ។

៤. យកពេលសម្រាក់

តាមពិតទៅ មនុស្សដែលទទួលបានជោគជ័យរឿងលុយកាក់ មិនមែនសុទ្ធតែគិតថា ប្រាក់គឺជាអ្វីៗទាំងអស់ ហើយផ្តោតតែរឿងធ្វើការងារប៉ុណ្ណោះទេ។ គោលដៅរបស់ពួកគេអាចជាការស្វែងរកសេចក្តីសុខ និងភាពរីករាយសម្រាប់ខ្លួនឯង ហើយពួកគេយល់ថា ប្រាក់គឺជាជំនួយមួយផ្នែកធំដែលជួយឱ្យពួកគេសម្រេចរឿងនេះបាន។ ទោះជាយ៉ាងណា ពួកគេមិនដែលបណ្ដោយឱ្យភាពសម្បាយរីករាយក្នុងពេកបច្ចុប្បន្នកាលកន្លងផុតទៅដោយងាយឡើយ។ ពួកគេដឹងថា ការដកឃ្លាពីការងារមួយរយៈក៏ជាមធ្យោបាយមួយដ៏ល្អដើម្បីជួយឱ្យពួកគេបានរកឃើញគំនិតថ្មីៗ និងបង្កើតភាពសុខស្រួលក្នុងជីវិតនាពេលបច្ចុប្បន្ន ហើយត្រឡប់មកធ្វើការវិញដោយទំនុកចិត្ត និងភាពស្រស់ស្រាយ។

៥.  ពង្រីកទំនាក់ទំនង

មនុស្សដែលជោគជ័យគឺកម្រថាគ្មានអ្នកជួយជ្រោមជ្រែងណាស់ ហើយការរកប្រាក់ទៀតសោត គឺទាមទារឱ្យមានបណ្ដាញទំនាក់ទំនង និងការតភ្ជាប់ដ៏ធំសម្បើម។ ដើម្បីបន្តជោគជ័យ អ្នកមាន និងមហាសេដ្ឋីនៅតែយកចិត្តទុកដាក់រឿងមិត្តភាព និងបង្កើនទំនាក់ទំនងក្នុងសង្គម។

៦. តបស្នងវិញ

រហូតមកទល់ពេលនេះ មានមនុស្សមិនតិចទេដែលជឿថា ដើម្បីក្លាយជាបុគ្គលជោគជ័យ និងរក្សាភាពជោគជ័យ អ្នកត្រូវតែចិត្តដាច់។ ត្រង់ចំណុចនេះ គេចង់មានន័យថា ដើម្បីសម្រេចអ្វីដែលអ្នកប្រាថ្នា អ្នកត្រូវតែហ៊ានលះបង់។ ប៉ុន្តែ វាមិនមែនបានន័យថា ពួកគេជាមនុស្សអាត្មានិយម គិតតែពីប្រយោជន៍ផ្ទាល់ខ្លួននោះទេ។ ផ្ទុយទៅវិញ ពួកគេចង់បានការផ្លាស់ប្តូរដ៏ល្អមួយ និងរួមចំណែកជួយដល់សង្គម ឫមនុស្សដែលធ្លាប់ជួយពួកគេឱ្យលើសពីអ្វីដែលពួកគេធ្លាប់ទទួលបានទៅទៀត។ ជាក់ស្ដែងដូចជាលោក Bill Gates, Mark Zuckerberg និងបុគ្គលជោគជ័យមួយចំនួនទៀត សុទ្ធតែបានតបស្នងផលប្រយោជន៍ជូនមនុស្សជាតិវិញក្រោយពីពួកគេសម្រេចបាននូវអ្វីដែលពួកគេចង់បាន។

ជោគជ័យ និងបរាជ័យរបស់មនុស្សគឺអាស្រ័យលើទម្លាប់។ បើអ្នកមានទម្លាប់រៀបចំការគិតបានល្អ មានផែនការនិងគោលដៅច្បាស់លាស់ និងត្រៀមបានមុន នោះជោគជ័យនិងរត់មករកអ្នកបានលឿនជាងអ្នកមិនបានត្រៀម ហើយវាព្រមទាំងនៅជាមួយអ្នកបានយូរអង្វែងផងដែរ៕

 

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕