ឆ្លើយសំណួរទាំង ៥ នេះសិន មុននឹងចង់ចេញរកស៊ី

2576

ការចេញរកស៉ីគឺមិនពិបាកឡើយ ប៉ុន្តែបើអ្នកចង់ក្លាយជាអ្នកជំនួញដ៏លេចធ្លោម្នាក់ក្នុងចំណោមកំពូលមនុស្សខ្លាំងៗ ទើបជារឿងមិនងាយ។ មានរឿង និងឧបសគ្គជាច្រើនដែលអ្នកត្រូវឆ្លងកាត់នៅដំណើរជីវិតរកស៉ីដំបូង ប៉ុន្តែមិនមានន័យថាអ្នកមិនអាចចេញរកស៉ីបាននោះទេ ក៏ប៉ុន្តែបើអ្នកបានដឹងតិចនិក និងត្រៀមខ្លួនបានល្អ នោះវាអាចកាត់បន្ថយភាពលំបាកដល់អ្នកបានខ្លះ។ តើអ្នកមានក្តីស្រមៃធ្វើជាអ្នកជំនួញដ៏ពូកែម្នាក់មែនទេ? បើមែនអ្នកត្រូវឆ្លើយសំណួរទាំងនេះសិន មុននឹងចាប់ផ្តើម៖

១. តើអ្នកត្រៀមខ្លួនធ្វើជាអ្នកជំនួញម្នាក់រួចហើយឬនៅ?

មានបទពិសោធន៍បរាជ័យរបស់សហគ្រិនជាច្រើន វាកើតឡើងដោយសារតែពួកគេធ្វើតាមតែទម្លាប់ដែលពួកគេធ្លាប់ធ្វើពីមុនមក  ឬក៏អាចនិយាយបានថា ធ្វើតាមតែពួកគេនឹកឃើញ។ មិនមែនអាចធ្វើជាសហគ្រិនជោគជ័យ ដោយប្រើពេលតែមួយពព្រិចភ្នែកនោះទេ វាត្រូវការពេលវេលាច្រើន ទម្រាំឈានដល់បានជ័យជំនះ   ហើយអ្នកនឹងជួបឧបសគ្គជាច្រើនផងដែរ។ ទាំងអស់នេះគឺជារឿងពិតរបស់អ្នកជំនួញ អ្នកអាចធ្វើការលើស ៨០ ម៉ោងក្នុងមួយសប្តាហ៍ វាលើសពីកាលដែលអ្នកធ្វើជាបុគ្គលិកឲ្យគេ ដែលធ្វើការតែប្រមាណ ៤០ ម៉ោងប៉ុណ្ណោះ ហើយអ្នកនឹងទទួលបានកិច្ចការស្មុគស្មាញជាច្រើនផ្សេងទៀត។ បើអ្នកមិនធ្លាប់បើកអាជីវកម្មសោះកាលពីមុនមក អ្នកប្រហែលជាមិនសូវជឿថាពិបាកនោះទេ ប៉ុន្តែនៅពេលអ្នកចេញធ្វើខ្លួនឯងទើបអ្នកអាចយល់ពីបទពិសោធន៍ទាំងអស់ហ្នឹង។

២. តើគំនិតរបស់អ្នក អាចយកទៅបើកអាជីវកម្មបានឬអត់?

មានគំនិតជាច្រើនដែលតែងតែផុសចេញពីការគិតរបស់អ្នករាល់ថ្ងៃ ប៉ុន្តែតើគំនិតទាំងនោះអាចយកទៅអនុវត្តន៍នៅក្នុងអាជីវកម្មបានរឺទេ? ដូច្នេះអ្នកត្រូវគិតគូរលើគំនិតរបស់អ្នកឡើងវិញ មុននឹងសម្រេចចិត្តរកស៉ី ហើយអ្នកអាចសួរខ្លួនឯងនូវសំនួរទាំងនេះ៖

  •  តើអ្នកចាប់ផ្តើមដោយមានទំនុកចិត្តឬអត់? កម្រិតណា?
  •  តើផលិតផល ឬសេវាកម្មនោះមានទីផ្សារ ឬអត់?
  • តើនរណាខ្លះគឺជាគូប្រជែងរបស់អ្នក?
  • អ្នកក៏គួរតែស្វែងរកព័ត៌មាន ថាតើធ្លាប់មាននរណារកស៉ី ដូច ឬស្រដៀងទៅនឹងគំនិតរបស់អ្នកទេកាលពីមុន ហើយតើពួកគេជោគជ័យ ឬបរាជ័យ?
  • អ្នកត្រូវប្រាកដថា គំនិតរបស់អ្នកមានអ្វីពិសេសដែលអាចទាក់ទាញមនុស្សឲ្យមកទិញផលិតផល ឬសេវាកម្មរបស់អ្នកបាន។
៣. តើអ្នកបានយកគំនិតរបស់អ្នកទៅពិភាក្សាជាមួយអ្នកដទៃហើយឬនៅ?

ប្រសិនបើអ្នកចង់បើកក្រុមហ៊ុនដោយខ្លួនឯង អ្នកគួរតែជជែកគ្នាជាមួយអ្នកជំនួញដទៃទៀតដែលធ្លាប់មានបទពិសោធន៍ និងចំណេះដឹងច្រើនជាងអ្នក រួចហើយយកគំនិត ឬការណែនាំរបស់ពួកគេ មកស្វែងយល់ឡើងវិញជាមួយគំនិតរបស់អ្នក។ ការធ្វើបែបនេះអាចកាត់បន្ថយហានិភ័យបានច្រើន។

អ្នកជំនួញជោគជ័យជាច្រើនតែងតែនិយាយពីគំនិតរកស៉ីរបស់ពួកគេចេញមកខាងក្រៅជាមួយអ្នកដទៃ ទោះបីជាពួកគេដឹងថាគំនិតនោះ អាចនឹងត្រូវបានគេចម្លងក៏ដោយ។ ទស្សនាវដ្តីដ៏ល្បី Forbes បាននិយាយថា “តាមពិតទៅ មនុស្សគឺខ្ជិលខ្លាំងណាស់ក្នុងការយកគំនិតរបស់អ្នកដទៃទៅបង្កើតម្តងទៀត”។ អ្នកនឹងនឹកឃើញគំនិតល្អៗជាច្រើនទៀតនៅពេលដែលអ្នកកំពុងនិយាយពីវា។

៤. តើអ្នកជាមនុស្សដែលមានចំណាប់អារម្មណ៍លើបច្ចេកវិទ្យាឬអត់?

អ្នកត្រូវរៀនពីបច្ចេកវិទ្យាថ្មីៗ ដឹងពីររបៀប្រើប្រាស់វាដើម្បីជួយឲ្យអាជីវកម្មរបស់អ្នករីកចម្រើនទៅមុខ ហើយអ្នកអាចជាមនុស្សតែម្នាក់ដែលដឹងរឿងគ្រប់យ៉ាង ចាប់តាំងពីការផលិត រហូតដល់ការយកទៅដាក់លក់នៅលើទីផ្សារ ដូច្នេះអ្នកត្រូវចាប់ផ្តើមរៀនពីជំនាញថ្មីបន្ថែម ជាពិសេសរៀនអំពីការប្រើបណ្តាញសង្គម ដូចជាការបង់ប្រាក់ផ្សាយពាណិច្ចកម្ម ការវិភាគទិន្នន័យ និងចំណេះដឹងជាច្រើនទៀតអំពីអ៉ីនធើណិត។ អ្នកគួររៀនពីកង់បីខ្មែរ និងកង់បីឥណ្ឌាដែលកំពុងតែដណ្តើមទីផ្សារគ្នានៅពេលបច្ចុប្បន្ននេះ។ តើវាមកពីបច្ចេកវិទ្យាដែរឬទេ?

៥. តើអ្នកបានរៀបចំគម្រោងថវិការបានត្រឹមត្រូវហើយឬនៅ?

សំនួរនេះស្តាប់ទៅហាក់ដូចជាសំនួរទូរទៅ ប៉ុន្តែមានអ្នកជំនួញជើងថ្មីជាច្រើនបរាជ័យដោយសារតែវា។ អ្នកត្រូវចេះពីរបៀបគ្រប់គ្រងហិរញ្ញវត្ថុ និងការបង្កើនទុនវិនិយោគជាដើម ព្រោះថាអ្នកប្រហែលជាមិនអាចរកប្រាក់ចំណូលបានទេនៅពេលអ្នកចាប់ផ្តើមដំបូង វាអាចនឹងមានរយៈពេលយូរទៀតផង ហើយនៅពេលដែលអាចរកចំណូល វានឹងមិនមានភាពស្ថិតស្ថេរទៀតនោះដែរ។ ដូច្នេះប្រសិនបើអ្នកមានទុនតិចតួច អ្នកត្រូវសួរខ្លួនឯងថា ទុនប៉ុណ្ណឹងអាចឲ្យអាជីវកម្មរបស់អ្នកឈរជើងបានយូរប៉ុណ្ណា? ហើយបើវាអស់មុននឹងអាជីវកម្មរបស់អ្នកអាចរកចំណូលទប់ចណាយរួច តើអ្នកត្រូវធ្វើដូចម្តេច? អ្នកត្រូវពិគ្រោះយោបល់ជាមួយអ្នកជំនាញផ្នែកហិរញ្ញវត្ថុនៅពេលដែលអ្នកជិតអស់ទុន៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកវិភាគទីផ្សាររបស់ APAMAT TEAM ហើយខ្ញុំមានមោទនភាពដែលបានមកទីនេះដើម្បីចែករំលែកអំពីស្ថានភាពទីផ្សារនៅកម្ពុជាដល់អ្នកដែលត្រូវការដឹងពីវា នៅពេលខ្ញុំទំនេរពីកិច្ចការនៅ APAMAT TEAM។