សារៈប្រយោជន៍ទាំង ៥ ដែលអ្នកគួរដឹងនៅពេលអ្នកនៅម្នាក់ឯង

1885

ពិភពលោកក្នុងសម័យបច្ចុប្បន្ន ទាមទារឱ្យមនុស្សមានការប្រាស្រ័យទាក់ទងគ្នាឱ្យច្រើនតាមដែលអាចធ្វើបាន ព្រោះវាកត្តាសំខាន់មួយដែលជួយឱ្យមនុស្សមានការវិវឌ្ឍន៍ខ្លួនបានឆាប់រហ័ស និងស្របតាមបរិយាកាសប្រែប្រួលនៃសង្គម។ ជាការពិតណាស់ គ្មានអ្នកណាចង់រស់នៅម្នាក់ឯងពេញមួយជីវិតនោះទេ។ ប៉ុន្តែ មានមនុស្សមួយចំនួនដែលមិនសូវចូលចិត្តភាពអ៊ូរអរ ឬ ហុំព័ទ្ធដោយមនុស្សជុំវិញខ្លួនច្រើនឡើយ។ អត្តចរិតបែបនេះមិនមែនមានន័យថា ពួកគេជាមនុស្សដែលប្រឆាំងនឹងសង្គម ឬ រើសអើងការទំនាក់ទំនងគ្នាជាមួយអ្នកដទៃនោះទេ។ ពួកគេគ្រាន់តែចង់មានពេលផ្តោតមកលើខ្លួនឯងឱ្យបានច្រើន ធ្វើអ្វីៗទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួន ចង់ធ្វើឱ្យខ្លួនឯងមានភាពម្ចាស់ការ ឯករាជ្យទាំងការគិត និងការសម្រេចចិត្តរបស់ខ្លួនតែប៉ុណ្ណោះ។ ហេតុផល ៥ នេះ នឹងបង្ហាញឱ្យអ្នកឃើញថា ការនៅម្នាក់ឯងក៏មានចំណុចល្អដែរ។

១. មិនងាយប៉ះទង្គិចផ្លូវចិត្ត

មនុស្សដែលចូលចិត្តនៅម្នាក់ឯង គឺជាមនុស្សដែលផ្តោតការយកចិត្តទុកចំពោះខ្លួនឯងខ្លាំង។ ការនៅម្នាក់ឯងនឹងមិនធ្វើឱ្យអ្នកទទួលអារម្មណ៍រំខានពីអ្នកដទៃ និងជួយឱ្យអ្នកបង្កើនការគិតបានជ្រៅជ្រះ។ លើសពីនេះ ការនៅម្នាក់ឯងនឹងផ្តល់ឱកាសឱ្យខួរក្បាល និងរាងកាយរបស់អ្នកឆាប់ទទួលការសម្រាក និងឆាប់មានកម្លាំងឡើងវិញ។

២. អភិវឌ្ឍការផ្តោអារម្មណ៍ និងបង្កើនផលិតភាព
ផ្ទាំងឃោសនាពាណិជ្ជកម្ម

នៅពេលដែលអ្នកគ្មានការរំខានពីបរិស្ថានដែលនៅជុំវិញខ្លួនច្រើន អ្នកនឹងមានការផ្តោតអារម្មណ៍យ៉ាងខ្លាំង ព្រមទាំងបំពេញការងារបានលឿន។ ដឹងច្រើនជាការល្អ ប៉ុន្តែបើអ្នករវល់តែដឹងរឿងរបស់គេ អ្នកនឹងគ្មានពេលមើលរឿងរបស់ខ្លួនឯងទេ។

៣. ងាយស្រួលធ្វើការពិចារណា និងបង្កើតការសម្រេចចិត្ត

ទោះបីជានៅស្ថិតក្នុងស្ថានភាពមានមនុស្សច្រើន អ្នកដែលចូលចិត្តនៅម្នាក់ឯង អាចធ្វើការពិចារណាបានច្បាស់ និងធ្វើការសម្រេចចិត្តបានត្រឹមត្រូវជាងមនុស្សដែលចូលចិត្តភាពអ៊ូរអរ ពីព្រោះពួកគេតែងមានអារម្មណ៍នឹងនរ និងដឹងថាខ្លួនឯងនៅឯណា ហើយកំពុងធ្វើអ្វី។

៤. ដំណោះស្រាយមានប្រសិទ្ធិភាព

មនុស្សដែលចូលចិត្តនៅម្នាក់ឯង ឬ​ មានគ្នាតិចនេះ ភាគច្រើនហៅថាមនុស្ស Introvert (មនុស្សស្ងៀមស្ងាត់ មិននិយាយស្តីច្រើន)។ មនុស្សប្រភេទនេះចូលចិត្តគិតអ្វីដែលស៊ីជម្រៅ ឬ ការគិតគូរវែងឆ្ងាយ និងមានដំណោះស្រាយចំពោះបញ្ហាប្រកបដោយប្រសិទ្ធិភាពខ្ពស់ជាងមនុស្សចូលចិត្តនិយាយច្រើន(Extrovert) ទោះបីជាត្រូវប្រើពេលយូរបន្តិចមែន ហើយសូម្បីតែការពិភាក្សាគ្នា ក៏ពួកគេចូលចិត្តវែកញែកលើប្រធានបទណាដែលមនុស្សសាមញ្ញពិបាកយល់ដែរ។

៥. មានទំនាក់ទំនងរឹងមាំ

បើទោះបីជាពួកគេចូលចិត្តនៅម្នាក់ឯង ឬ នៅស្ងៀមស្ងាត់ មិនមែនបានន័យថា ពួកគេមិនមានមិត្តភក្តិនោះទេ។ ទំនាក់ទំនងរបស់ពួកគេជាមួយមនុស្សដែលគេស្គាល់ គឺមានភាពយូរអង្វែង និងរឹងមាំជាងមនុស្សធម្មតាទៅទៀត ពីព្រោះពួកគេឆាប់យល់ពីអារម្មណ៍របស់មនុស្សទាំងនោះ ចូលចិត្តនិយាយត្រង់ទៅត្រង់មក ហើយក៏មិនចូលចិត្តបង្កភាពរញ៉េរញ៉ៃដល់អ្នកដទៃផងដែរ។

បើទោះជាមានភស្តុតាងជាច្រើនបញ្ជាក់ថា ការនៅម្នាក់ឯងធ្វើឱ្យមនុស្សកាន់តែឃ្លាតឆ្ងាយពីសង្គមដែលគេរស់នៅ និងពុំសូវមានទំនាក់ទំនងល្អជាមួយអ្នកដទៃក៏ដោយ ប៉ុន្តែការនៅម្នាក់ឯងនឹងធ្វើឱ្យអ្នកស្គាល់ខ្លួនឯងកាន់តែច្បាស់ ហើយការស្គាល់ខ្លួនច្បាស់នេះនឹងនាំឱ្យអ្នកទទួលបានជោគជ័យ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕