បើអ្នកមានក្តីស្រមៃចង់ធ្វើជាម្ចាស់អាជីវកម្ម ការចូលមកកាន់ apamat.com គឺជាជម្រើសដ៏ល្អបំផុត។ ហើយប្រសិនបើអ្នកចង់បើកហាងលក់រាយ (ម៉ាត) អត្ថបទខ្លីនេះអាចនឹងជួយអ្នកបាន។ ការបើកហាងលក់រាយខ្នាតតូច គឺជាអាជីវកម្មមួយដែលមិនសូវពិបាក តែពេលខ្លះក៏មិនស្រួលពេកដែរ។ មុនពេលចាប់ផ្តើម ខ្ញុំសូមផ្តល់យោបល់ឲ្យអ្នកដូចជាអ្នកប្រឹក្សារបស់អ្នកសិន។ មុនពេលដែលគិតដល់ការសម្រេចចិត្តបោះទុន អ្នកគួរតែក្រលែកទៅមើលហាងលក់រាយដែលនៅជិតអ្នក ហើយអ្នកប្រាកដជាឃើញថា មានហាងខ្លះលក់ដាច់ ហើយហាងខ្លះលក់មិនសូវដាច់ ហើយមានហាងខ្លះទៀតជិតបិទទ្វារក៏មាន។ ដូច្នេះអ្នកត្រូវសិក្សាមើលគេសិន និងរកមូលហេតុថាហេតុអ្វីមានហាងជោគជ័យ ហើយហេតុអ្វីមានហាងបរាជ័យ? ខាងក្រោមនេះគឺជាការរៀបរាប់ជំហាននៃការបើកហាងលក់រាយតាមរបៀបខ្លីៗ ៖
១. រើសយកប្រភេទអាជីវកម្ម
ប្រទេសកម្ពុជាជាប្រទេសមួយដែលមានសក្តានុពលខ្លាំងសម្រាប់អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស។ ហេតុនេះហើយទើបរាជរដ្ឋាភិបាសនៃប្រទេសកម្ពុជាបានបែងចែកនូវប្រភេទក្រុមហ៊ុន ដើម្បីធ្វើឲ្យមានតម្លាភាពរវាងភាគ្គីពាក់ពន្ធ័ក្នុងគោលបំណងបញ្ចៀសនូវបញ្ហាផ្សេងៗក្នុងអំឡុងពេលធ្វើប្រតិបត្តិការអាជីវកម្ម។ ប្រភេទអាជីវកម្មនៅកម្ពុជាមាន ក្រុមហ៊ុនឯកកម្មសិទ្ធិ ក្រុមហ៊ុនសហកម្មសិទ្ធិ ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត និង ក្រុមហ៊ុនឧបសម្ព័ន្ធ សាខា ឬតំណាង នៃក្រុមហ៊ុនបរទេស។
ចុចអានលម្អិត ៖ ស្វែងយល់ប្រភេទក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា
២. ដាក់ឈ្មោះ
ការដាក់ឈ្មោះអាជីវកម្មគឺងាយស្រួលនោះទេ ប៉ុន្តែការដាក់ឈ្មោះវាឲ្យបានត្រឹមត្រូវទើបជារឿងពិបាក។ ចំណុចទាំង ៥ នេះ នឹងជួយអ្នកឲ្យដាក់ឈ្មោះបានត្រឹមត្រូវ៖
- រើសយកឈ្មោះណាដែលងាយអាន និងងាយចងចាំ
- ជៀសវាងប្រើឈ្មោះជាន់គ្នា
- ប្រើឈ្មោះណាដែលមានបង្កប់អត្ថន័យ
- រកនឹកឈ្មោះយ៉ាងតិច ៥ រួចហើយសឹមរើសយកមួយដែលប្រសើរជាងគេ
- ត្រូវធ្វើឲ្យប្រាកដថា អ្នកពិតជាពេញចិត្តជាមួយឈ្មោះដែលអ្នកសម្រេចយក។
ចុចអានលម្អិត៖ របៀបដាក់ឈ្មោះអាជីវកម្ម និង ផលិតផលរបស់អ្នក
៣. កំណត់ផលិតផលដែលត្រូវដាក់លក់
អ្នកត្រូវរើសផលិតដែលត្រូវដាក់លក់នៅក្នុងហាង ថាត្រូវលក់ផលិតផលណាខ្លះ។ អ្នកគួររើសយកផលិតផលដែលមានគុណភាពខ្ពស់ ដើម្បីសាងកេរ្តិ៍ឈ្មោះហាងរបស់អ្នក។ នៅពេលដែលអ្នកកំណត់មុខទំនិញដែលត្រូវទិញមកហើយ អ្នកត្រូវគិតដល់ ការគ្រប់គ្រងទំនិញ។ ការគ្រប់គ្រងទំនិញ ឥឡូវនេះគឺងាយស្រួលទេ អ្នកអាចទៅរកក្រុមហ៊ុនផ្គត់ផ្គង់កម្មវិធីគ្រប់គ្រងស្តុកតាមប្រព័ន្ធកុំទ្យូទ័រ ហើយវាមិនត្រឹមតែជួយអ្នកមិនឲ្យបាត់ទំនិញនោះទេ តែវាក៏ជួយអ្នកឲ្យដឹងថាទំនិញណាជិតអស់ ជៀសវាងពេលអតិថិជនមកទិញ អស់ទំនិញលក់ផងដែរ។
៤. បង្កើតគេហទំព័រលក់តាមអនឡាញ (ជម្រើស)
សម័យថ្មីនេះ ការលក់បានវិវត្តទៅលក់តាមអានឡាញកាន់តែច្រើន ដូច្នេះប្រសិនបើហាងរបស់អ្នកមានគេហទំព័រលក់រាយទៀត វាពិតជាអស្ចារ្យសម្រាប់អតិថិជន។ នៅពេលដែលអ្នកចង់មានគេហទំព័រលក់រាយ អ្នកត្រូវគិតដល់វិធីបង់ប្រាក់ និងវិធីដឹកជញ្ជូន។ សូមជម្រាបដែរថា ការមានគេហទំព័រនឹងជួយអ្នកបានច្រើន ព្រោះអ្នកមិនចាំបាច់ទិញទំនិញស្តុកទុក ហើយកាត់ថ្លៃចំណាយផ្សេងៗបានជាច្រើនទៀតផង។
៥. ប្រឹក្សាជាមួយអ្នកច្បាប់
ដូចដែលវេបសាយរបស់យើងបានសរសេររៀបរាប់ជាច្រើនមកហើយ ទាក់ទងនឹងសារៈសំខាន់នៃផ្នែកច្បាប់។ ការបើកហាងលក់រាយខ្នាតតូច ទោះបីជាភាគច្រើនគេមិនចាំបាច់បង់ពន្ធ ឬចុះបញ្ជីអ្វីច្រើនក៏ដោយ ប៉ុន្តែបើអ្នកមានមានគោលដៅចង់ពង្រីកវាឲ្យធំ អ្នកត្រូវត្រៀមផ្លូវច្បាប់ឲ្យហើយ ទោះបីជាអ្នកមិនទាន់ធ្វើវាក៏យ៉ាងហោចណាស់បានត្រៀមខ្លួនជាមុន តាមរយៈការប្រឹក្សាជាមួយអ្នកច្បាប់។
៦. គិតអំពីការផ្តល់បទពិសោធន៍ដ៏អស្ចារ្យ ដល់អតិថិជន
ហាងលក់ទំនិញនៅតាមផ្ទះ ឬនៅតាមហាងមួយចំនួន មិនបានផ្តល់សេវាកម្មល្អដល់អតិថិជននោះទេ។ អញ្ចឹងសម្រាប់អ្នក អ្នកត្រូវគិតគូអំពីរឿងនេះឲ្យមែនទែន ទោះបីជាអ្នកចាប់ផ្តើមពីតូចតាចក៏ដោយ។ អ្នកគួរតែបង្កើតកម្មវិធីផ្តល់សេវាកម្មមួយដែលល្អជាងគេ និងមានស្តង់ដារខ្ពស់ដល់អតិថិជន ហើយប្រសិនបើពួកគេទទួលបានបទពិសោធន៍ល្អនៅហាងរបស់អ្នក ពួកគេនឹងមកនៅថ្ងៃក្រោយទៀតមិនខាន។ ជាទូទៅអតិថិជនមានទម្លាប់មួយ គឺធ្លាប់ចូលហាងទំនិញណាមួយហើយ ពួកគាត់មិនចង់ទៅហាងដែលគាត់មិនធ្លាប់ចូលទេ ដូច្នេះបើហាងដែលគាត់ចូលនោះមានការផ្តល់សេវាកម្មល្អ គាត់នឹងទៅរាល់ពេលមានតម្រូវការទិញទំនិញ។
៧. សរសេរគម្រោងអាជីវកម្ម
មានក្រុមហ៊ុនធំៗជាច្រើនបានចំណាយពេលជាច្រើនឆ្នាំទៅលើការស្រាវជ្រាវ និងរៀបចំគម្រោងដំណើរការអាជីវកម្ម ហើយក៏មានក្រុមហ៊ុនខ្លះចាប់កំណើតភ្លាមៗបន្ទាប់ពីស្ថាបនិកនៃក្រុមហ៊ុនទាំងនោះនឹកឃើញវិធីល្អៗ ហើយមានមនុស្សមានសមត្ថភាពចាំជួយគាំទ្រពួកគេ។ ប៉ុន្តែទោះបីជាអ្នកចាប់ផ្តើមអាជីវកម្មតូច ឬធំ ហើយមានគម្រោងចាប់ផ្តើមយូរ ឬលឿន អ្នកត្រូវតែមានគម្រោងច្បាស់លាស់មួយសម្រាប់ជាភាពរឹងមាំរបស់អាជីវកម្ម និងខ្លួនអ្នកផ្ទាល់។ នៅក្នុងគម្រោងហាងលក់រាយរបស់អ្នក គួរតែមាន៖
- ការវិភាគគូប្រជែង
- គម្រោងទីផ្សារ
- គម្រោងរើសបុគ្គលិក
- គម្រោងគ្រប់គ្រង (ម៉ោងធ្វើការ វិន័យ ម៉ោងបើកលក់ ម៉ោងបិត..)
- គម្រោងហិរញ្ញវត្ថុ…។
ចុចអាន ៖ គម្រោងសំខាន់ ៣ ដែលត្រូវមានពេលចេញរកស៊ី
៨. រើសទីតាំង
ទីតាំងពិតជាសំខាន់ ពិសេសសម្រាប់ហាងលក់ទំនិញ។ អ្នកត្រូវរើសយកទីតាំងណាដែលមានសក្តានុពលខ្លាំង ដូចជាតំបន់មានអតិថិជនគោលដៅនៅ មានកន្លែងចតយានជំនិះធំទូលាយ ជាកន្លែងដែលមានមនុស្សឆ្លងកាត់ច្រើន និងជាកន្លែងដែលងាយស្រួលរកជាដើម។ នៅពេលដែលអ្នកសម្រេចរើសយកទីតាំងណាមួយ អ្នកគួរតែរើសទីតាំងដែលល្អយ៉ាងតិចពីរ រួចហើយប្រៀបធៀបគ្នា ថាគួរយកមួយណា។
៩. បង្កើនទំនាក់ទំនងជាមួយម្ចាស់ផលិតផល
ដោយសារតែវាជាហាងថ្មី នៅក្នុងហាងរបស់អ្នក អ្នកអាចជួលកន្លែងសម្រាប់ម្ចាស់ផលិតផលណាដែលចង់ដាក់លក់ទំនិញរបស់ពួកគេនៅក្នុងហាងរបស់អ្នក។ ធ្វើបែបនេះ អ្នកមិនចាំបាច់ចំណាយលុយទិញទំនិញស្តុកទុកច្រើននោះទេ ដែលនៅស្រុកខ្មែរភាគច្រើនគេហៅថាទំនិញបញ្ញើរ។
១០. ធ្វើទីផ្សារ
ការធ្វើទីផ្សារគឺជារឿងសំខាន់មួយដែលកំណត់ចំណូលច្រើន ឬតិច។ នៅក្នុងការធ្វើទីផ្សារ មានបញ្ជូលទាំងការធ្វើយីហោឲ្យល្បី ការផ្សាយពាណិជ្ជកម្ម និងការរៀបយុទ្ធសាស្ត្រលក់ជាដើម។ អញ្ចឹងអ្នកត្រូវសរសេរគម្រោងទីផ្សារមួយដែលមានឥទ្ធិពល ហើយអនុវត្តន៍វាឲ្យមានប្រសិទ្ធភាពខ្ពស់តាមតែអាចធ្វើបាន។
១១. រើសបុគ្គលិកដែលមានទេពកោសល្យ
នៅពេលដែលអ្នកមានគម្រោងដ៏អស្ចារ្យមួយ តែអ្នករើសមនុស្សខុសឲ្យមកអនុវត្តន៍គម្រោង វានឹងក្លាយជារឿងឥតប្រយោជន៍។ ដូច្នេះ អ្នកត្រូវរើសបុគ្គលិកដោយផ្ចិតផ្ចង់ ហើយត្រូវដឹងថាអ្នកត្រូវការអ្នកចេះផ្នែកអ្វីដើម្បីមកធ្វើការ ហើយវាសំខាន់ឬអត់ ជៀសវាងជួលមនុស្សមកអស់ប្រាក់ខែ តែមិនមានការងារឲ្យគេធ្វើ ដើម្បីរកចំណូលមកវិញ។
១២. បើកដំណើរការសាកល្បង (Soft Opening)
មុនពេលដែលអ្នកបើកដំណើរការជាផ្លូវការ អ្នកគួរដំណើរការសាកល្បងសិន ព្រោះថាអ្នកអាចប្រើពេលនោះបង្ហាត់បង្រៀនបុគ្គលិកឲ្យកាន់តែជំនាញ ហើយកំឡុងពេលបើកសាកល្បងនេះ ទោះបីជាបុគ្គលិករបស់អ្នកបង្កើតកំហុសច្រើន ក៏វាមិនសូវប៉ះពាល់ដល់អតិថិជននោះដែរ ព្រោះអតិថិជនយល់ថា វាគ្រាន់តែជាការដំណើរការសាកល្បង ហើយនៅពេលសាកល្បងកំហុសតែងតែមាន។
១៣. បើកសម្ភោធជាផ្លូវការ
សូមកុំបើកដំណើរការជាផ្លូវការ ប្រសិនបើនៅមានកិច្ចការដែលមិនទាន់ធ្វើហើយ ឬក៏មិនទាន់បានត្រៀមខ្លួនរួចរាល់។ គ្មានអ្វីដែលធ្វើឲ្យអតិថិជនអន់ចិត្ត ឬមានអារម្មណ៍ថារំខាន ជាងការដែលបុគ្គលិកធ្វើការមិនផ្តោតអារម្មណ៍នោះទេ។ ដូច្នេះ អ្នកត្រូវតែប្រាកដថា អ្វីៗគឺរួចរាល់ស្រេចបាច់ក្នុងកំឡុងពេលដំណើរការសាកល្បង ហើយនៅពេលបើកជាផ្លូវការ អ្នកនឹងទទួលបានលទ្ធផលកាន់តែខ្ពស់ជាបន្តបន្ទាប់។
អ្នកត្រូវយកចិត្តទុកដាក់ជាមួយបុគ្គលិករបស់អ្នក ដូចជារឿងអាហារ រឿងសុខភាព និងផ្តល់ប្រាក់ខែមួយដែលសាកសម្យនឹងការព្យាយាមរបស់ពួកគេ ព្រោះបើពួកគេសប្បាយចិត្តនឹងធ្វើការ ពួកគេនឹងផ្តោតលើការបំពេញចិត្តអតិថិជនរបស់អ្នក ហើយចំណូលរបស់អ្នក ក៏កាន់តែស្ទុះឡើងដូចគ្នាដែរ។ រឿងមួយទៀតគឺត្រូវ ធ្វើយ៉ាងណាឲ្យអតិថិជនរបស់អ្នក ដើរចេញពីហាងរបស់អ្នកដោយសប្បាយចិត្ត អញ្ចឹងពួកគេនឹងឧស្សាហ៍មកទិញទៀត៕
