មកមើលទម្លាប់ពេលចូលគេងរបស់បុគ្គលជោគជ័យទាំង ៦ រូប

2105

ជាធម្មតា មនុស្សគ្រប់គ្នាសុទ្ធតែត្រូវបានណែនាំអោយគេងអោយបានគ្រប់គ្រាន់។ រយៈពេលដែលសន្មតថាគេងបានត្រឹមត្រូវ និងគ្រប់គ្រាន់នោះគឺ ៨ ម៉ោង។ ប៉ុន្តែទោះជាយ៉ាងណា យើងសង្កេតឃើញថា មិនមែនបុគ្គលគ្រប់រូបទាំងអស់អាចអនុវត្តន៍តាមការរំពឹងទុកនេះទេ។ អ្នកខ្លះក៏ធ្វើបាន ឯអ្នកខ្លះទៀតក៏អនុវត្តន៍មិនបាន។ ជាក់ស្តែងអ្នកជំនួញធំៗ ព្រមទាំងអ្នកនយោបាយផងដែរមានទម្លាប់ម៉ោងចូលគេងផ្សេងៗផ្នែកតាមការគិតរបស់ពួកគេម្នាក់ៗ។ នៅក្នុងនោះដែរមានដូចជា៖ Elon Musk,  Barack Obama,  Richard Branson,  Sallie Krawcheck,  Oprah Winfrey និង Arianna Huffington ។

  1. លោក Elon Musk

Elon Musk ដែលជានាយកប្រតិបតិ្តក្រុមហ៊ុន Telsa បានប្រាប់អោយដឹងថា ជាមធ្យមគាត់គេងបាន ៦ ម៉ោងក្នុងមួយថ្ងៃ។ គាត់ចូលគេងម៉ោង ១ រំលងអាធ្រាត និងភ្ញាក់មកវិញនៅម៉ោង ៧ ព្រឹក។

2. លោក Barack Obama

អតីតប្រធានាធិបតីនៃសហរដ្ឋអាមេរិចរូបនេះត្រូវគេដាក់រហ័ស្សនាមថាជាទីទុយពេលយប់ ដោយសារតែគាត់ចូលចិត្តធ្វើការរហូតដល់យប់អាធ្រាត្រ។ នៅម៉ោងប្រហែល 06:30 ល្ញាច គាត់តែងតែទទួលទានអាហារពេលល្ញាចជាមួយគ្រួសារ។ បន្ទាប់មកទៀត គាត់ចូលចិត្តចំណាយពេល 4-5 ម៉ោងនៅក្នុងការិយាល័យផ្ទាល់ខ្លួនរបស់គាត់ដើម្បីមានពេលផ្ទាល់ខ្លួន។ លុះដល់ម៉ោងប្រហែលជា 11:30 យប់ គាត់ចាប់ផ្តើមអានរបាយការណ៍ ឬបំពេញការងារមួយចំនួនដែលសេសសល់។ បន្ទាប់មកទៀត គាត់ទុកពេលប្រហែលមួយម៉ោង ឬកន្លះម៉ោងដើម្បីអានសៀវភៅ។ បន្ទាប់ពីអានសៀវភៅហើយ ទើបគាត់ចូលគេង នៅកំឡុងម៉ោងប្រហែល 12:30 អាធ្រាត្រ។

3. លោក Richard Branson

Richard Branson ជានាយកប្រតិបត្តិ ព្រមទាំងជាស្ថាបនិកនៃ Virgin Group។ គាត់មានទម្លាប់នៃការចូលគេងច្បាស់លាស់បំផុត។ បន្ទាប់ពីគាត់ទទួលទានអាហារពេលល្ងាចហើយ គាត់ចូលចិត្តចំណាយពេលនៅកន្លែងស្ងាត់ម្នាក់ឯង ហើយអ្វីដែលគាត់ធ្វើគឺប្រើប្រាស់បណ្តាញសង្គម និងត្រួតពិនិត្យមើលសារអេឡិចត្រូនិច។  Richard Branson តែងតែចូលគេងនៅម៉ោង 11:00 យប់ ហើយគាត់គេងបាន 5-6 ម៉ោងក្នុងមួយយប់។

4. លោកស្រី Sallie Krawcheck

Sallie Krawcheck គឺជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ellevest។ គាត់មានទម្លាប់ចូលគេងប្លែកពីបុគ្គលជោគជ័យខាងលើ គឺគាត់តែងតែឆាប់ចូលគេង និងឆាប់ក្រោក។ ជាធម្មតា គាត់តែងចូលគេងកំឡុងម៉ោង 8-9 យប់ ដោយគាត់បញ្ជាក់ថាកំឡុងពេលនេះ គាត់អស់កម្លាំងខ្លាំងមែនទែនហើយ រហូតមិនអាចផ្តោតអារម្មណ៍ធ្វើការទៀតទេ។ ដូច្នេះគាត់សុខចិត្តចូលគេងលឿន ហើយក្រោកម៉ោង 4 ព្រឹកវិញ។

5. លោកស្រី Oprah Winfrey

ជាអ្នកសម្តែងផង និងជាអ្នកផលិតកម្មវិធីផង មហាជនគ្រប់រូបតែងតែគិតថា Oprah Winfrey នឹងមិនមានពេលគ្រប់គ្រាន់ដើម្បីយកចិត្តទុកដាក់រឿងការគេងបែបនេះទេ។ ផ្ទុយទៅវិញ គាត់មានពេលវេលាគេងបានយ៉ាងត្រឹមត្រូវល្អណាស់។ Winfrey ចូលគេងនៅម៉ោង 10 យប់ ហើយក្រោកពីគេងម៉ោង 6 ព្រឹក។ ជាប្រចាំថ្ងៃ ទម្លាប់មុនចូលគេងរបស់គាត់ គឺត្រូវកត់ត្រារឿងទាំង ៥ ដែលធ្វើអោយគាត់សប្បាយចិត្តពីសកម្មភាពដែលគាត់បានធ្វើកាលពីពេលថ្ងៃ។

6. លោកស្រី Arianna Huffington 

Arianna Huffington ជាអ្នកមានទ្រព្យសម្បត្តិផ្នែកប្រព័ន្ធផ្សព្វផ្សាយមួយរូប បានអោយតម្លៃយ៉ាងខ្លាំងទៅលើការគេងអោយបានគ្រប់គ្រាន់។ ជារៀងរាល់ថ្ងៃ គាត់តែងតែចូលគេងនៅម៉ោង 11:00 យប់ ហើយក្រោកនៅម៉ោង 7:00 ព្រឹក។ គាត់បន្ថែមទៀតថា គាត់គេងបានគ្រប់ ៨ ម៉ោងជាប្រចាំ ព្រោះដោយសារតែការគេងមិនគ្រប់នោះហើយ ទើបធ្វើអោយគាត់ធ្លាប់ដួលសន្លប់នៅតុធ្វើការម្តងរហូតដល់គាត់បាក់ឆ្អឹងថ្ពាល់។

សូមបញ្ជាក់ថា ជាមធ្យមអ្នកគួរគេងឲ្យបាន ៧-៨ ម៉ោងក្នុងមួយថ្ងៃ ប៉ុន្តែចំនួនម៉ោងនៃការគេងពុំមែនជាកត្តាតែមួយដែលជះឥទ្ធិពលដល់សុខភាពនោះទេ។ អ្នកខ្លះគេងត្រឹម ៥ ឬ ៦ ម៉ោងក្នុងមួយថ្ងៃ សុខភាពរបស់គេនៅតែល្អ ដោយសារគេបរិភោគអាហារបានត្រឹមត្រូវដែលជួយដល់សុខភាព និងហាត់ប្រាណរាល់ថ្ងៃ។ តែអ្នកខ្លះគេងមួយថ្ងៃ ៨ ដល់ ១០ម៉ោងក្នុងមួយថ្ងៃ ប៉ុន្តែនៅតែមានអារម្មណ៍នឿយហត់អស់កំលាំង ក៏ដោយសារទទួលទានអាហារមិនត្រឹមត្រូវ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi readers, my name's Jing Chhing and I'm currently a junior student studying at IFL. Personally, my daily hobby is reading and reading business news provide me a massive understanding so I would love to share it to all of you too.