ហេតុផល ១០ យ៉ាងដែលធ្វើឲ្យអ្នកជំនួញចូលចិត្តប្រកួតប្រជែងគ្នា

1667

នៅក្នុងអាជីវកម្មតែងតែមានការប្រកួតប្រជែងគ្នា ហើយអ្នកជំនួញមួយចំនួនខ្លាចការប្រកួតប្រជែង តែបើយោងតាមលោក​ Patrick Bet David ជាម្ចាស់ក្រុមហ៊ុន PHP ដែលជាក្រុមហ៊ុនធានារ៉ាប់រងដ៏ធំមួយរបស់សហរដ្ឋអាមេរិច បានពន្យល់ថាការប្រកួតប្រជែងគឺពិតជាល្អសម្រាប់អាជីវកម្មរបស់យើង ហើយខាងក្រោមនេះគឺជាចំនុចវិជ្ជមានទាំង ១០ ដែលគាត់បានលើកឡើងពីការប្រកួតប្រជែងគ្នា៖

1. ការប្រកួតប្រជែងធ្វើអោយអ្នកខិតខំអស់ពីសមត្ថភាព៖​ ប្រសិនបើអ្នកកំពុងប្រកួតប្រជែងជាមួយនឹងដៃគូប្រកួតដែលខ្លាំងជាងក្នុងវិស័យណាមួយ នោះវានឹងធ្វើអោយយើងដឹងថា​ខ្លួនឯងមិនពូកែដូចការគិតរបស់យើង​ ហើយយើងកាន់តែខិតខំប្រឹងប្រែងរៀនបន្ថែមពីការធ្វើជំនួញរបស់ដៃគូប្រកួតប្រជែង​ ការរៀបចំរចនាសម្ព័ន្ធ ឬការទាក់ទាញអតិថិជនរបស់ពួកគេជាដើម។

2. ការបរាជ័យគឺជាការជំរុញទឹកចិត្តយើងអោយខំប្រឹងបន្ថែម៖ នៅក្នុងជីវិតមានការឈ្នះ និងការបរាជ័យជាច្រើន តែអ្វីដែល មនុស្សជាច្រើនចងចាំជាងគេនោះគឺការបរាជ័យ។ មានអ្នកខ្លះអោយការបរាជ័យកំណត់ទិសដៅជីវិតរបស់ពួកគេ ប៉ុន្ដែសម្រាប់អ្នកដែលចូលចិត្តការប្រកួតប្រជែង គេតែងតែមើលលើការបរាជ័យហើយព្យាយាមកែតម្រូវចំនុចខ្វះខាតរបស់ខ្លួនដើម្បីបន្ដការប្រកួតទៀត។

3. កាំបិតកាន់តែប្រើកាន់តែមុត៖ មានមនុស្សខ្លះខ្លាចការធ្វើការងារច្រើនដោយសារហេតុផលដូចជា​ វាអាចប៉ះពាល់ដល់ការរស់នៅ​ ពេលវេលាសម្រាក សុខភាពជាដើម តែតាមពិតវាធ្វើអោយយើងកាន់តែសកម្ម និងរហ័សរហួនជាងមុននៅក្នុងកិច្ចការរបស់យើង។ ការខិតខំប្រឹងប្រែងធ្វើការងារមិនសម្លាប់យើងទេ!

4. ធ្វើអោយយើងផ្ដោតអារម្មណ៍លើការងារ ជាជាងបញ្ហាផ្សេងៗ៖ តើអ្នកមានចាំទេថា ពេលណាដែលអ្នកគិតច្រើនពេកទៅលើបញ្ហាណាមួយ គឺដោយសារតែអ្នកមានពេលវេលាច្រើនដើម្បីតែផ្ដោតទៅលើបញ្ហានោះ។ ប៉ុន្តែប្រសិនបើអ្នកមានកិច្ចការអ្វីមួយដែលត្រូវធ្វើមិនថាជំនួញ ការងារ​ ឬការសិក្សាទេ នោះការផ្ដោតអារម្មណ៍ទៅលើបញ្ហាក៏មានតិចជាងមុនដែរ។ ការនិយាយបែបនេះមិនមែនចង់អោយយើងឈប់គិតពីបញ្ហាទេ តែបញ្ហាខ្លះបើយើងគិតច្រើនគឺគ្មានប្រយោជន៍ ដូចនេះយើងគួរចំណាយពេលទៅលើការធ្វើកិច្ចការណាមួយដែលអាចជំរុញដល់ការរីកចម្រើនផ្ទាល់ខ្លួនវិញ។

5. បង្កើនចំណងមិត្តភាពថ្មី៖ នៅក្នុងជំនួញ ដៃគូរប្រកួតប្រជែងគឺតែងតែមានជានិច្ច តែអ្នកទាំងនោះមិនប្រាកដថាសុទ្ធតែជាសត្រូវរបស់អ្នកទេ។ យើងអាចរៀនសូត្រពីគេបាន និងបង្កើតមិត្តភាពថ្មីៗបានដែលវានឹងមានប្រយោជន៍សម្រាប់អាជីវកម្មយើងនាពេលអនាគត។

6. ទទួលបានការគោរពពីដៃគូរប្រជែងរបស់យើង៖ អ្នកដែលមានថាមពលក្នុងការប្រកួតប្រជែងខ្ពស់ ធ្វើអោយដៃគូររបស់យើងកោតខ្លាច និងគោរពយើង។ យើងអាចប្រដូចអាជីវកម្មទៅនឹងកីឡាប្រដាល់ ទោះបីជាពេលខ្លះយើងចាញ់ក៏ដោយ ក៏យើងបានធ្វើអោយគូរប្រកួតទ្រោមខ្លួនផងដែរ មុននឹងគេឈ្នះយើង។ ដូច្នោះពេលក្រោយក៏ពួកគេខ្លាចរអារនឹងប្រកួតជាមួយយើងដែរ។

7. ធ្វើអោយខួរក្បាលរីកចម្រើននៅក្នុងពិភពជំនួញ៖ នៅក្នុងការប្រកួតប្រជែង ខួរក្បាលរបស់យើងនឹងគិតតែពីការធ្វើបែបណាដែលអាចកែតម្រូវចំណុចខ្វះខាតដោយមើលទៅលើចំនុចដែលធ្វើអោយដៃគូរប្រកួតល្អជាងយើង បើមិនដូច្នោះទេដៃគូរប្រជែងរបស់យើងគេនឹងដណ្ដើមបានអតិថិជនរបស់យើង។

8. ធ្វើអោយយើងពេញចិត្តនឹងអ្វីដែលយើងធ្វើ៖ ការប្រកួតប្រជែងក្នុងជំនួញតែងតែមានឈ្នះនិងចាញ់។ តែការប្រកួតប្រជែងបង្រៀនយើងអោយមានចិត្តដូចជាអ្នកកីឡា ប្រសិនបើយើងឈ្នះយើងនឹងមានមោទនភាពចំពោះខ្លួនឯង ហើយបើយើងចាញ់វិញយើងត្រូវទទួលយកនូវលទ្ធផល និងអបអរដល់អ្នកដែលឈ្នះដោយយុត្ថិធម៌។ យ៉ាងហោចណាស់ក៏យើងបានចូលរួមប្រកួត យល់ដឹងពីរចនាសម្ព័ន្ធនៃការប្រកួត និងត្រៀមខ្លួនអោយកាន់តែល្អសម្រាប់ការប្រកួតពេលក្រោយទៀត។

9. ធ្វើអោយយើងមានឧ៌កាសច្រើន៖ អ្នកដទៃនឹងមើលឃើញពីការប្រឹងប្រែងរបស់យើងហើយគេនឹងផ្ដល់ឧ៌កាសដល់យើងក្នុងការសហការណ៍រកសុី ឬធ្វើការងារណាមួយ។ នេះជាធម្មជាតិរបស់មនុស្ស យើងគ្រប់គ្នាសុទ្ធតែចង់សហការណ៍ជាមួយអ្នកមានបទពិសោធន៍ មានថាមពលខ្ពស់ដើម្បីការរីកចម្រើនទាំងអស់គ្នា។

10. អ្នកនឹងផ្ដួល 95% ដៃគូរប្រកួតប្រជែងរបស់អ្នក៖ ប្រសិនបើអ្នកនៅតែរក្សាចិត្តនិងថាមពលក្នុងការប្រកួតប្រជែង កែតម្រូវចំណុចខ្វះខាត និងព្យាយាមស្វែងរកយុទ្ធសាស្ត្រថ្មីៗនោះមុននិងក្រោយអ្នកនឹងបំបាក់ដៃគូរភាគច្រើនរបស់អ្នក។ ចុងក្រោយអ្នកនឹងប្រកួតតែជាមួយ 5% នៃដៃគូរប្រជែងរបស់អ្នកប៉ុណ្ណោះ ដែលពួកគេទាំងនោះគឺសុទ្ធតែជាអ្នកប្រយុទ្ធកំពូល៕

ប្រភព: Valuetainment

ប្រែសម្រួលដោយ៖ ប៊ុន

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។