ឧបសគ្គធំៗទាំង ១០ ដែលអ្នកនឹងជួបនៅពេលចេញរកស៉ី

5953

សព្វថ្ងៃនេះមនុស្សជាច្រើនចង់ចេញប្រកបអាជីវកម្មផ្ទាល់ខ្លួន ព្រោះថាវានឹងផ្ដល់ផលប្រយោជន៍បានច្រើនជាងការធ្វើការងារអោយគេ តែអ្នកត្រូវចងចាំថាដើម្បីជោគជ័យបានអ្នកត្រូវឆ្លងកាត់ឧបសគ្គខាងក្រោមនេះជាមុនសិន។

១. ការលះបង់ប្រាក់ខែ៖ ការមានប្រាក់ខែធ្វើអោយយើងកក់ក្ដៅ ដែលអាចអោយយើងទុកចិត្តបានសម្រាប់ការចាយវាយផ្សេងៗ។ ក្រៅពីនោះនៅក្រុមហ៊ុនដែលអ្នកធ្វើការខ្លះអាចផ្ដល់ជាការធានារ៉ាប់រងសុខភាព ឬអត្ថប្រយោជន៍ជាច្រើន។ ប៉ុន្ដែប្រសិនបើអ្នកសម្រេចចិត្តធ្វើជាអ្នកជំនួញដែលត្រូវការចំណាយពេលពេញមួយថ្ងៃផ្តោតលើការងាររកស៉ី នោះប្រាក់ខែរបស់អ្នកក៏បាត់បង់ដែរ។ ប្រសិនបើអ្នកមានស្ថានភាពហិរញ្ញវត្ថុមិនសូវល្អ ដោយពឹងផ្អែកលើប្រាក់ខែជាសំខាន់ អ្នកនឹងប្រឈមមុខនឹងសម្ពាធហិរញ្ញវត្ថុទាំងក្នុងអាជីវកម្ម និងការចាយវាយផ្ទាល់ខ្លួននៅពេលអ្នកព្យាយាមចេញរកស៉ីខ្លួនឯង។ មានមនុស្សជាច្រើនមិនហ៊ានចេញរកស៉ី ដោយសារតែពួកគេខ្លាចថាប្រាក់ចំណេញបានពីការរកស៉ីខ្លួនឯង មានតិចជាងប្រាក់ខែដែលពួកគេកំពុងមាន និងគិតថាការចេញរកស៉ីខ្លួនឯងមានហានិភ័យខាតច្រើន ផ្ទុយពីការធ្វើការឲ្យគេដែលដឹងតែទទួលបានប្រាក់ខែរាល់ខែ។

២. ការគ្រប់គ្រងលុយ៖ នៅក្នុងជំនួញ គឺតែងតែមានការចំណាយជានិច្ច មិនថាអាជីវកម្មនោះធំ ឬតូចទេ។ អ្នកត្រូវតែចេះគ្រប់គ្រង និងព្យាយាមកាត់បន្ថយទៅលើចំណាយ បើមិនដូច្នោះទេអ្នកនឹងក្ស័យធនក្នុងពេលមួយដ៏ឆាប់។ អ្នករកស៉ីថ្មីថ្មោងនៅកម្ពុជា ភាគច្រើនខ្សោយផ្នែកហិរញ្ញវត្ថុទាំងការគ្រប់គ្រងខាងក្នុងប្រតិបត្តិការអាជីវកម្ម និងផ្នែកខាងក្រៅជាមួយប្រភពទុនវិនិយោគ។ ដើម្បីមានជំនាញហិរញ្ញក្នុងអាជីវកម្ម អ្នកត្រូវការចំណាយពេលច្រើនលើការរៀន បូកនឹងពេលវេលាដែលអ្នកយកចំណេះដឹងដែលបានរៀនទៅពិសោធជាក់ស្តែង ប៉ុន្តែល្បឿននៃការចេះផ្នែកនេះក៏ពឹងលើភាពឆ្លាតវៃ ស្ថានភាពអាជីវកម្ម និងរបៀបដែលអ្នកភ្ជាប់ទំនាក់ទំនងជាមួយមនុស្សពូកែៗដែរ។ បើអ្នកព្យាយាមនៅក្បែរមនុស្សពូកែៗ អ្នកនឹងរៀនឆាប់ចេះពីតិចនិកជាក់ស្តែង នាំឲ្យអ្នករីកចម្រើនបានយ៉ាងឆាប់រហ័ស។

៣. ប្រឈមមុខនឹងបញ្ហាដែលត្រូវដោះស្រាយ៖ រឿងជាច្រើនដែលអ្នកមិនបានដឹងមុននឹងកើតមានឡើងដូចជាការបង់សេវាផ្សេងៗដែលអ្នកមិនដែលបានដឹង, បញ្ហាខ្វែងគំនិតគ្នាក្នុងអាជីវកម្ម, ជម្លោះរវាងបុគ្គលិកនិងបុគ្គលិក ឬជម្លោះបុគ្គលិកជាមួយនឹងអ្នក, ការបណ្ដេញបុគ្គលិក… ដែលទាំងនេះអ្នកមិនដែលបានធ្វើសោះ ព្រោះអ្នកធ្លាប់តែធ្វើជាបុគ្គលិកកាលពីមុនមក។ ទោះជាយ៉ាងណាក៏ដោយអ្នកត្រូវដោះស្រាយបញ្ហាទាំងនេះអោយបានលឿន ដើម្បីកុំអោយធ្វើអោយរាំងស្ទះដល់សង្វាក់ការងារក្នុងអាជីវកម្មអ្នក។  ប្រសិនបើអ្នកមិនអាចដោះស្រាយបាន អ្នកអាចសុំយោបល់ពីអ្នកដែលធ្លាប់មានបទពិសោធន៍ទាក់ទងនឹងបញ្ហាទាំងអស់នោះ។ 

៤. ការបង្កើតក្រុម៖ រឿងនេះគឺសំខាន់សម្រាប់អាជីវកម្ម ព្រោះយើងត្រូវតែរើសយកអ្នកមានសមត្ថភាពគ្រប់គ្រាន់ទើបអាជីវកម្មយើងទទួលបានជោគជ័យ។ ដើម្បីដោះស្រាយបញ្ហានេះបាន យើងត្រូវសួរខ្លួនឯងថា តើយើងជាអ្នកពូកែក្នុងការជ្រើសរើសមនុស្សដែលមានសមត្ថភាពប៉ុណ្ណា? យើងត្រូវចាំថាមានកិច្ចការខ្លះយើងមិនអាចចេះ ឬធ្វើបានដោយខ្លួនឯងទេ ដូចនេះមានតែការរើសមនុស្សត្រូវប៉ុណ្ណោះដែលអាចជួយយើងបាន។ ស្ថានភាពនៅប្រទេសកម្ពុជាបច្ចុប្បន្ន គឺពិបាកនឹងស្វែងរកមនុស្សមានសមត្ថភាពមកបង្កើតក្រុមជំនួញណាស់ ហើយបើនៅតាមខេត្តវិញរឹតតែខ្វះធនធានមនុស្ស។ អ្នកដែលនិយាយថាខ្លួនចេះ ឬតាំងខ្លួនដូចជាអ្នកចេះ និងអ្នកដែលបង្កើតគម្រោងគឺមានច្រើន ប៉ុន្តែអ្នកដែលមានសមត្ថភាធ្វើឲ្យគម្រោងការក្លាយជាការពិតគឺមានតិច។ ជាក់ស្តែង វេបសាយ apamat.com របស់យើងមានមហិច្ចតាចង់បង្កើតអ្វីដ៏ធំ និងថ្មី ប៉ុន្តែមានឧបសគ្គជាច្រើនដែលត្រូវជំនះទោះបីជាយើងមានលុយគ្រប់គ្រាន់ក៏ដោយ ដូច្នេះយើងត្រូវការចំណាយពេលរៀបចំលំនឹង និងអភិវឌ្ឍធនធានមនុស្សសម្រាប់ដំណើរការគម្រោងទាំងនោះ។ សម្រាប់មិត្តអញនកអានវិញ គឺអ្នកគួរចាប់ផ្តើមបង្កើតក្រុម បើសិនអ្នកមានបំណងចង់ចេញរកស៉ី ដើម្បីចំណេញពេល និងអាចរៀនពីរបៀបរៀបចំក្រុម និងរៀនពីប្រភេទមនុស្សខុសៗគ្នា។

៥. បង្ហាញពីទស្សនវិស័យ៖ ពិតណាស់ថាអ្នកជំនួញម្នាក់ៗសុទ្ធតែមានទស្សនវិស័យផ្ទាល់ខ្លួន ប៉ុន្ដែយើងក៏ត្រូវចេះពន្យល់ និងធ្វើអោយសមាជិកនៅក្នុងអាជីវកម្មរបស់អ្នកដឹង និងជឿទៅលើចក្ខុវិស័យការដឹកនាំរបស់យើងផងដែរ។ បើយើងមិនចេះពន្យល់វាទៅដល់សមាជិកដទៃទៀតនោះទេ ពួកគេនឹងសង្ស័យ និងមិនជឿទុកចិត្តទៅលើការដឹកនាំរបស់យើងដែលចុងក្រោយនឹងធ្វើអោយបែកបាក់សាមគ្គីភាពផ្ទៃក្នុង។ យើងតែងឃើញយុវវ័យខ្មែរជាច្រើនដែលដើរបង្ហាញគម្រោងបើកអាជីវកម្មរបស់ពួកគេ ប៉ុន្តែគ្មានអ្នកចាប់អារម្មណ៍ចង់ចូលរួមក្រុម និងវិនិយោគប្រាក់ ហើយក៏ធ្វើឲ្យពួកគេអន់ចិត្ត ឬបាក់ទឹកចិត្ត។ អ្នកគួរចាំថានៅពេលចាប់ផ្តើមដំបូង ដោយសារតែអ្នកមិនទាន់មានស្នាដៃឲ្យពួកឃើញ ទើបពួកគេមិនសូវជឿជាក់លើអ្នក ប៉ុន្តែស្ថិតក្នុងស្ថានភាពនេះអ្នកគួរអត់ទ្រាំ ហើយព្យាយាមពន្យល់ដោយទំនុកចិត្ត។ អ្នកមិនគួរតក់ក្រហល់ឲ្យគេឆាប់ជឿអ្នកពេកទេ តែអ្នកត្រូវចេះពន្យល់គេឲ្យយល់ពីគំនិត និងគម្រោងដែលអ្នកចង់ធ្វើ។

៦. ភាពឯកកោ៖ មានពេលខ្លះអ្នកនឹងមានអារម្មណ៍ថាឯកកោ មិនមានអ្នកយល់ពីទស្សនវិស័យរបស់អ្នក ហើយសង្ស័យថាតើអ្វីដែលយើងកំពុងធ្វើនឹងជោគជ័យដែរឬទេ? អ្នកមិនហ៊ានប្រាប់ភាពឯកកោនេះទៅកាន់បងប្អូន ឬមិត្តភក្កិរបស់អ្នកឡើយព្រោះគេមិនបានអ្នកបង្ខំអោយអ្នកធ្វើឡើយ ហើយរឿងដែលអ្នកអ្នកកាន់តែខ្លាចនៅពេលដែលប្រាប់អ្នកទាំងនោះគឺ “ខ្ញុំប្រាប់ឯងមិនអោយធ្វើហើយ តែឯងមិនជឿ” ។ អ្នកជំនួញសុទ្ធតែធ្លាប់ឆ្លងកាត់ស្ថានភាពនេះ គឺស្ថានភាពចាប់ផ្តើមដំបូងដែលត្រូវលះបង់ពេលវេលាដែលធ្លាប់សប្បាយដើម្បីផ្តោតលើមុខជំនួញដែលទើបបើក។ គិតច្រើនស្ទើរតែគេងមិនលក់ដោយសារខ្វាយខ្វល់នឹងបញ្ហាជាច្រើនដែលត្រូវប្រឈម។ គិតម្នាក់ឯង និងខិតខំធ្វើតែម្នាក់ឯង គ្មានពេលទៅជួបមិត្តភក្តិ យូរៗម្តងក៏មានអារម្មណ៍ថាឯកោគ្មានអ្នកយល់ចិត្ត។

៧. បញ្ហាអំពីពន្ធ និងច្បាប់៖ នៅពេលរកបានប្រាក់ចំណូលដំបូង អ្នកប្រាកដជាសប្បាយចិត្ត តែអ្វីដែលអ្នកនឹងប្រឈមបន្តទៀតនោះគឺបញ្ហាទាក់ទងនឹងពន្ធ។ មានពន្ធជាច្រើនដែលអ្នកត្រូវបង់ដូចជាពន្ធប៉ាតង់ ពន្ធឈ្នួលផ្ទះ និងដី ពន្ធលើប្រាក់ចំណូល… ប្រសិនបើអ្នកមិនបានបង់ទាន់ពេលទេនោះអ្នកនឹងត្រូវរងពិន័យ។ ក្រៅពីនេះ អ្នកក៏នឹងមានបញ្ហាច្បាប់ផងដែរព្រោះអ្នកត្រូវស្វែងរកអ្នកដែលយល់ដឹងពីច្បាប់ ឬមេធាវីដើម្បីផ្ដល់យោបល់ក្នុងដំណើរការអាជីវកម្មអោយស្របតាមច្បាប់។ 

៨. ការងារច្រើនមុខ៖ នៅពេលចាប់ផ្ដើមដំបូង អ្នកជំនួញខ្លះមិនសូវមានដើមទុន ដូចនេះអ្នកត្រូវបំពេញការងារជាច្រើនដូចជាធ្វើជាអ្នកលក់ផង រៀបចំឯកសារផង ទាក់ទងអតិថិជនផង បោសសម្អាតការិយាល័យផង…។ អ្នកត្រូវតែធ្វើរឿងទាំងអស់នេះព្រោះអ្នកចង់ចំនេញប្រាក់ដើម្បីទុកចំណាយទៅលើកិច្ចការផ្សេងៗទៀតដែលផ្ដល់ផលប្រយោជន៍ដល់អាជីវកម្មរបស់ខ្លួន។ ការងារនឹងមិនធ្លាក់ចុះកាន់តែតិចទេ លុះត្រាតែអ្នកដឹកនាំអាជីវកម្មឲ្យដើរថយក្រោយ។ នៅពេលអាជីវកម្មរបស់អ្នកកាន់តែធំ ការងារក៏កាន់តែច្រើនដែរ ហើយពេលអាជីវកម្មរបស់អ្នកជួបបញ្ហាក៏កាន់តែធ្វើឲ្យមមាញឹក។ ទោះបីជាយ៉ាងណា នៅពេលក្រុមហ៊ុនរបស់អ្នករឹងមាំ និងមានស្ថេរភាព អ្នកអាចរៀបប្រព័ន្ធដំណើរការ និងគ្រប់គ្រងវា ដើម្បីមានពេលកាន់តែច្រើនសម្រាប់ខ្លួនឯង និងគ្រួសារ។

៩. ប្រឈមមុខនឹងការប្រកួតប្រជែង៖ នៅពេលដែលអាជីវកម្មរបស់អ្នកដំណើរការបានខ្លះៗហើយ ប្រាកដជាមានអ្នកចង់ផ្ដួលអ្នកជាមិនខាន។ អ្នកនឹងគិតថាហេតុអ្វីមានមនុស្សឈ្នានីសបែបនឹង តែនេះគឺជាការពិតក្នុងវិស័យជំនួញ ហើយអ្នកត្រូវតែត្រៀមខ្លួន និងយុទ្ធសាស្ត្រដើម្បីទប់ទល់នឹងដៃគូរប្រកួតប្រជែងទាំងនោះ។ នៅក្នុងទីផ្សារជាក់ស្តែង ចង់ ឬមិនចង់ ក៏មានគេមកដណ្តើមទីផ្សារពីអ្នកដែរ។ បើអ្នកមិនចង់ប្រកួតប្រជែង ហើយទុកឲ្យពួកគេធ្វើតាមចិត្ត នោះអាជីវកម្មរបស់អ្នកនឹងបាត់មុខពីទីផ្សារ។

១០. ផ្លាស់ប្ដូរការរស់នៅ៖ នៅពេលអ្នកធ្វើការ អ្នកមានពេលទំនេរច្រើន មានពេលជួបជុំគ្រួសារ មិត្តភក្កិ អ្នកអាចដើរលេងបាននៅចុងសប្ដាហ៍…។ ប៉ុន្ដែក្រោយពេលអ្នកក្លាយទៅជាអ្នកជំនួញ អ្នកនឹងនិយាយពាក្យលាទៅកាន់សកម្មភាពទាំងនោះ ព្រោះដើម្បីជោគជ័យបាន អ្នកគ្មានលទ្ធភាពដើម្បីធ្វើសកម្មភាពទាំងនោះបានទេ ដោយសារហេតុផលថាអ្នកត្រូវផ្ដោតការយកចិត្តទុកដាក់ទៅលើជំនួញអ្នកច្រើនជាង។ ជីវិតជាអ្នកជំនួញគឺរវល់ខ្លាំងណាស់ អ្នកមិនគួរចូលប្រឡូកជីវិតនេះទេបើអ្នកចង់មានពេលវេលាច្រើនដើរសប្បាយ។ បើអ្នកចង់មានពេលច្រើនសម្រាប់ខ្លួនឯង តែចង់មានចំណូលច្រើន អ្នកគួររើសផ្លូវដើរជាអ្នកវិនិយោគ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។