ជំនាញសំខាន់ៗដែលមហាសេដ្ឋីគ្រប់រូបសុទ្ធតែចេះ

2168

ដើម្បីក្លាយខ្លួនជាមហាសេដ្ឋីបានមិនមែនគេចេះតែរកសុីទេ តាមពិតពួកគេទាំងនោះសុទ្ធតែចេះជំនាញដូច ឬប្រហាក់ប្រហែលគ្នាជាច្រើន។ ថ្ងៃនេះ Apamat.com សូមបង្ហាញពីជំនាញចំនួន ៦ ដែលស្ទើរតែគ្រប់អ្នកមានចេះហើយពូកែខាងជំនាញនោះទៀងផង។

១. បញ្ចុះបញ្ចូល៖ ជំនាញនេះគឺសំខាន់ ព្រោះដើម្បីចាប់ផ្ដើមធ្វើអាជីវកម្ម ឬលក់ផលិតផលណាបានយើងត្រូវចេះបញ្ចុះបញ្ចូលមនុស្សជាច្រើនដូចជា អតិថិជនគោលដៅ អ្នកវិនិយោគ អ្នកដែលមានសមត្ថភាពដើម្បីមកចូលរួមធ្វើការជាមួយ ឬសមាជិកគ្រួសារណាដែលមិនសូវគាំទ្រសកម្មភាពរបស់យើង។ វាកាន់តែសំខាន់សម្រាប់អ្នកចាប់ផ្ដើមដំបូង ព្រោះពេលនោះយើងមិនទាន់បានកសាងអ្វីដែលធំដុំនៅឡើយ ដូចនេះយើងត្រូវមានការទុកចិត្តលើខ្លួនឯង ក៏ដូចជាមានគម្រោងច្បាស់លាស់មុននឹងទៅបញ្ចុះបញ្ចូលគេ ដើម្បីកុំអោយគេប្រងើយកន្តើយដាក់យើង។ សៀវភៅណែនាំគឺ How to Win Friends and Influence People ដែលសៀវភៅនេះអ្នកអានទិញបាននៅបណ្ណាគារ ឬ ដោនឡូត តាម៖ https://www.yourcoach.be/blog/wp-content/uploads/2014/02/Dale-Carnegie-How-to-win-friends-and-influence-people.pdf

២. ចេះអានចិត្តមនុស្ស៖ មុននឹងចេះជំនាញនេះ ពួកគេត្រូវបានមនុស្សបោកប្រាស់ កុហក ឬធ្វើអោយខកចិត្តជាច្រើនដង រហូតដល់ពួកគេអាចមើលដឹងពីសញ្ញាដំបូងនៃប្រភេទមនុស្សខូចទាំងនោះ។ ជំនាញនេះគឺត្រូវបានប្រើប្រាស់ដើម្បីមើលទៅលើ ដៃគូររកស៉ី មិត្តភក្ដិ ឬ បុគ្គលិក…។ សូម្បីតែអ្នកអានដែលធ្លាប់ជួបពួកមនុស្សខិលខូចក៏អាចមានជំនាញនេះ ហើយអាចដឹងពីមនុស្សក្រោយៗទៀតថានរណាល្អ ឬអាក្រក់តាមរយៈកាយវិការឬអត្តចរិតមនុស្សដែលអ្នកធ្លាប់ជួបប្រទះពីមុនមក។

៣. ចែករំលែកទ្រព្យ៖ មហាសេដ្ឋីជាច្រើនដូចជា Bill Gate ឬ Steve Jobs ពួកគាត់ក្លាយជាអ្នកមានបានសារតែការខិតខំប្រឹងប្រែងធ្វើការជាក្រុម ហើយសមាជិកក្រុមទាំងអស់ក៏ក្លាយទៅជាមហាសេដ្ឋីដូចពួកគាត់ដែរ។ ក្នុងន័យនេះចង់សំដៅថា ពេលមានគំនិតរកស៉ីណាល្អៗ គឺពួកគាត់ចេះហៅគ្នីគ្នាមកចូលរួមដើម្បីមានបានទាំងអស់គ្នា ដោយមិនលោភលន់ចង់បានតែឯង។ អ្នកអានគ្រប់គ្នាប្រាកដជាសួរថាចុះការចែករំលែកទ្រព្យជាលក្ខណៈសប្បុរសធម៌វិញ? ពិតណាស់ មហាសេដ្ឋីទាំងនោះក៏មមាញឹកក្នុងការងារជួយសង្គមផងដែរ។

៤. ថែរក្សាថាមពល និងសុខភាព៖ ការរកស៉ីសំខាន់ តែសុខភាពក៏សំខាន់ខ្លាំងណាស់ដែរ ព្រោះបើសុខភាពសូន្យ អ្វីៗក៏ស្មើរសូន្យ។ អ្នកគួរផ្លាស់ប្ដូរទម្លាប់រស់នៅ ឬការទទួលទានអាហារណាដែលអាចអោយសុខភាពចុះអន់ថយបាន រីឯការធ្វើអោយរាងកាយសកម្មក៏ចាំបាច់។ តាមបទពិសោធន៍លោក Patrick Bet-David គាត់បានប្រាប់ថា មានអ្នករកស៉ីមួយចំនួនមិនអាចប្រឡូកក្នុងការធ្វើជំនួញយូរ ដោយសារតែការខំប្រឹងពីដំបូងពេក ហើយបានតែពីរ ឬបីឆ្នាំក៏ចុះអន់ថយ ឬដកខ្លួនចេញ ព្រោះខ្លួនប្រើអស់ថាមពលតាំងពីដំបូងមកម្ល៉ោះ នេះប្រៀបដូចជាឡានដែលមានសាំងពេញ តែអ្នកបើកចេះតែប្រឹងជាន់អោយតែបានលឿនរហូតដល់អស់សាំងមុនអ្នកដែលបើកក្នុងល្បឿនល្មមមិនបង្ខំ។

៥. គ្រប់គ្រងពេលវេលា៖ ពួកគេចេះបង្រួញពេលវេលាក្នុងការធ្វើការងារ ឧទាហរណ៍ គេអាចបន្ថយពេលប្រជុំពី មួយម៉ោង មក កន្លះម៉ោង តែការប្រជុំនោះនៅតែមានប្រសិទ្ធភាព។ គេអាចកាត់បន្ថយពេលវេលានិយាយទូរស័ព្ទពី ម្ភៃនាទី មកប្រាំនាទី…។ ពួកគេក៏ចេះគោរពពេលវេលារបស់អ្នកដទៃដែរ ដូចជាពេលទៅជួបដៃគូររកស៉ីសំខាន់ៗ គេមិនមែនចេះតែសុំចេញមុនទេដែលវាអាចធ្វើអោយប៉ះពាល់អារម្មណ៍ ព្រោះគ្រប់គ្នាសុទ្ធតែរវល់ ដូចនេះត្រូវចាំរួចកិច្ចការទាំងអស់គ្នាសិនមុននឹងចាកចេញ។ 

៦. រៀន៖ ពួកគេផ្ដោតលើការកែលម្អជានិច្ច ហើយវិធីដែលអាចអោយគេធ្វើការកែលម្អបានគឺមានតែការរៀនសូត្រនូវអ្វីដែលខ្លួនមិនទាន់ចេះច្បាស់ប៉ុណ្ណោះ។ អ្នកកុំស្មានថាមហាសេដ្ឋីទាំងនោះចេះតែរកស៉ី ការពិតគេចេះជំនាញជាច្រើនដែលពេលខ្លះយើងមិនអាចនឹកស្មានថាធ្វើបានទៀតផង៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។