ទម្លាប់មិនល្អមួយចំនួន ដែលអ្នកចេញរកស៉ីដំបូងៗប្រតិបត្តិដោយមិនដឹងខ្លួន

2780

ខាងក្រោមនេះ គឺជាទម្លាប់មិនល្អដែលហើយពេលខ្លះយើងអាចគិតថាវាគឺជារឿងល្អសម្រាប់ការរកស៉ីរបស់យើង តែតាមពិតវាអាចធ្វើអោយប៉ះពាល់ដល់មុខជំនួញ និងខ្លួនយើងទៀតផង។

១. នៅតែកន្លែងធ្វើការ៖ ការនៅជាប្រចាំក្នុងន័យមួយគឺល្អព្រោះវាអាចអោយយើងគ្រប់គ្រងអាជីវកម្ម បុគ្គលិក ទំនិញ…ដោយមិនមានចន្លោះប្រហោង។ ប៉ុន្ដែបើមួយថ្ងៃពេញនៅតែហាងជាប់មិនបានចេញទៅក្រៅដើម្បីមើលគេមើលឯង នោះយើងមិនដឹងពីរបៀបរកស៉ីរបស់គេទេ។ ឧទាហរណ៍ ប្រសិនបើយើងបើកកន្លែងលក់អាហារ ហើយគួរចេញទៅបរិភោគនៅហាងរបស់គេម្ដងម្កាលដើម្បីដឹងថាតើមានអ្វីថ្មីនៅហាងគេ និងចំនុចល្អឬអាក្រក់របស់គេ។ ក្រៅពីនេះការចេញទៅក្រៅនេះក៏អាចអោយយើងស្គាល់អ្នករកស៉ីដទៃទៀតដើម្បីបង្កើនទំនាក់ទំនងគ្នាក្នុងការរកស៉ី។ 

២. បើកអាជីវកម្មច្រើនពេកក្នុងរយៈពេលខ្លី៖ ក្នុងន័យនេះមិនមែនចង់មានន័យថាការមានមុខជំនួញច្រើនមិនល្អនោះទេ តែចង់និយាយថាអ្នករកស៉ីមួយចំនួនពេលទើបចាប់ផ្ដើមចេញរកស៉ីដំបូងហើយមានភ្ញៀវគួរសមផងដែរនោះ ក៏គិតថាខ្លួនជោគជ័យហើយក៏ប្រញាប់ទៅបើកសាខា ឬមុខជំនួញថ្មីទៀត។ ការធ្វើបែបនេះអាចអោយយើងគ្មានពេលគ្រប់គ្រាន់ដើម្បីមើលហាងណាមួយអោយបានច្បាស់លាស់ ហើយអាចធ្លាក់គុណភាពក្នុងហាងយើង និងចុងបញ្ចប់បាត់អស់អតិថិជន។ ប្រសិនបើចង់ពង្រីកសាខា ឬរកស៉ីបន្ថែម អ្នកគួរតែធ្វើម្ដងមួយៗ និងមានអ្នកមើលការខុសត្រូវច្បាស់លាស់សិន។ 

៣. មិនសូវយកចិត្តទុកដាក់ចំពោះសុខភាព៖ ប្រសិនបើសុខភាពសូន្យអ្វីៗក៏សូន្យ។ ពេលខ្លះកំពុងលក់ដាច់ និងសប្បាយលក់ដូរផងធ្វើអោយយើងភ្លេចគិតគូរពីសុខភាព បរិភោគមិនបានទៀតទាត់និងត្រឹមត្រូវ ហើយសំរាកមិនគ្រប់ទៀត។ ធ្វើអ្វីក៏ដោយត្រូវតែប្រាកដថាសុខភាពគឺជារឿងចម្បងមុនគេ។

៤.មិនមានពេលលំហែកាយ៖ ដូចចំនុចទី ៣ ដែរ ប្រសិនបើប្រឹងធ្វើការពេកមិនមានពេលសម្រាកដើរលេង នោះវាអាចធ្វើអោយយើងស្ត្រេស។ ក្រៅពីនេះវាធ្វើអោយអ្នកភ្លេចបាត់ពីគោលបំណងដំបូងដែលចេញរកស៉ីនោះ គឺដើម្បីក្រុមគ្រួសារមានប្រាក់ចាយគ្រប់គ្រាន់ មានកន្លែងរស់នៅស្រួលមានផាសុកភាព និងមានពេលសម្រាកលំហែគ្រប់គ្រាន់។ បើនៅតែប្រឹងធ្វើការហើយបាត់បង់អស់របស់ទាំងនោះ តើការជោគជ័យក្នុងមុខជំនួញមានន័យអ្វី?

៥. គិតថាមានតែខ្លួនទេទើបធ្វើបាន៖ គ្មានអ្នកណាចេះអស់ទេ ដូចនេះការធ្វើការជាក្រុមគឺពិតជាមានសារៈសំខាន់។ តើដែលមានក្រុមបាល់ទាត់ណាដែលឈ្នះពានបានច្រើនដោយសារតែការប្រឹងប្រែងរបស់កីឡាករម្នាក់ទេ? ឧទាហរណ៍ ប្រសិនបើអ្នកមានដៃគូររកស៉ី អ្នកត្រូវគិតថាខ្លួនពូកែខាងអ្វី ហើយដៃគូរអ្នកពូកែធ្វើអ្វី រួចបែងចែកគ្នាធ្វើទៅតាមមុខជំនាញរៀងៗខ្លួនដើម្បីទទួលបានលទ្ធផលកាន់តែខ្ពស់៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។