រឿង ៥ យ៉ាងដែលគ្មាននរណាម្នាក់ធ្លាប់ប្រាប់យើង អំពីភាពជាសហគ្រិន

2422

មិនធ្លាប់មាននរណាម្នាក់ធ្លាប់លើកឡើងថា ការធ្វើអាជីវកម្ម គឺជារឿងងាយស្រួលនោះទេ។ សូម្បីតែខ្លួនយើងផ្ទាល់។ ត្រូវទេ?…..បើទោះបីជាយើងដឹងថា យើងនឹងជួបនូវបញ្ហាជាច្រើន និងបានត្រៀមខ្លួនដើម្បីដោះស្រាយរួចជាស្រេចក៏ដោយ ក៏យើងគង់មានចំណុចថ្លោះធ្លោយ ជាពិសេសគឺត្រង់ចំណុចដែលយើងមិនដឹងថា ខ្លួនឯងមិនធ្លាប់ដឹងនេះតែម្ដង។ មុនពេលសហគ្រិនល្បីៗជាច្រើនឈានដល់ភាពជោគជ័យ មានរឿងមួយចំនួនដែលពួកគេជួបប្រទះ ៖ 

១. ធ្វើអ្វីក៏ដោយ ប្រសិនបើយើងមិនមែនកំពុងតែទៅមុខទេ គឺយើងកំពុងថយក្រោយ ៖ ពិភពលោក គឺជាកន្លែងដែលតែងមានការផ្លាស់ប្តូរ ហើយគ្មានអ្វីមួយដែលអាចនៅតែមួយកន្លែងបានទេ។ អាចដូចជាទីផ្សារអាជីវកម្មរបស់យើងអញ្ចឹង បើយើងមិនខំប្រឹងអភិវឌ្ឍន៍ឡើងទៅមុខទេ គឺមានតែដាំក្បាលចុះ ហើយអាជីវកម្មបង្កើតថ្មីនឹងផ្តួលយើង។ យើងមិនអាចផ្លាស់ប្តូរ ឬបញ្ឈប់គូរប្រកួតបានទេ គឺមានតែបន្តប្រកួតប្រជែង បញ្ចេញកំលាំង ដើម្បីក្ដោបយកទីផ្សារ នឹងសំរេចនូវអ្វីដែលជាតម្រូវការរបស់យើង។ ជម្រើសនេះ គឺតម្រូវឱ្យមានការប្តេជ្ញាចិត្ត និងការច្នៃប្រឌិតខ្ពស់។ ការចេញប្រឡូកក្នុងសង្គមអ្នករកស៉ី គឺជាជម្រើសដ៏ពោរពេញទៅដោយការប្រកួតប្រជែង ហើយបើយើងមិនបង្កើតអ្វីថ្មីទេនោះ យើងនឹងដើរថយក្រោយមិនខាន។
២. នឹងមានអ្នកដែលមិនពេញចិត្តនឹងយើង ៖ វាជាការពិតមានអ្នកខ្លះគេនឹងមិនចូលចិត្តយើងទេ។ ការព្យាយាមដើម្បីផ្គាប់ចិត្តមនុស្សគ្រប់គ្នាយើងនឹងខាតបង់កម្លាំងហត់នឿយឥតប្រយោជន៍ ជាពិសេសលើមនុស្សដែលមិនអោយតំលៃចំពោះកិច្ចប្រឹងប្រែងរបស់យើង។ នៅពេលយើងបានប្រឈមមុខនឹងនរណាម្នាក់ដែលមិនពេញចិត្តនឹងយើងជាការល្អដែលយើងគួរតែបំភ្លេចគេចុះ ហើយបន្តដំណើររបស់យើងបន្តជាមួយការពិតគឺការទទួលស្គាល់ថាគេពិតជាមិនពេញចិត្តនឹងយើងមែន។ កុំខ្វល់!!!
៣. ការងារដែលងាយស្រួល វាមិនអាចជួយអភិវឌ្ឍន៍យើងទេ ៖ វានឹងពិបាកខ្លាំង ប៉ុន្តែនោះគឺជាអ្វីដែលធ្វើឱ្យ សហគ្រិនមានភាពអស្ចារ្យ!! ប្រសិនបើផ្លូវឆ្ពោះទៅរកភាពជោគជ័យ គឺមានភាពងាយស្រួល មនុស្សគ្រប់រូបច្បាស់ជាអាចធ្វើវាបានទាំងអស់គ្នា។ សហគ្រិន គឺជាអ្នកដែលហ៊ានធ្វើរឿងពិបាក ទើបពួកគេអាចអភិវឌ្ឍន៍ក្លាយខ្លួនជាមនុស្សខ្លាំង នឹងត្រូវបានគេគ្រប់គ្នាអោយតំលៃ។  យើងគួរតែចងចាំនូវគំនិតមួយ មិនថានៅពេលដែលយើងប្រឈមមុខនឹងបញ្ហាកម្រិតណាក៏ដោយ គឺនៅពេលដែលយើងមានចិត្តចង់ចុះចាញ់ បោះបង់ ឬ បញ្ឈប់ សូមងាកក្រោយមើលបន្តិចសិនទៅ ថាយើងបានដើរមកដល់ឆ្ងាយប៉ុណ្ណារហើយ ហេតុអីត្រូវបោះបង់ចោលកណ្ដាលទីឥតប្រយោជន៍ដូច្នោះ។
៤. សមត្ថភាពធ្វើការជាក្រុម ក៏ជាទ្រព្យសម្បត្តិខាងក្នុងខ្លួនដ៏មានតម្លៃបំផុតរបស់យើងដែរ លោក Brain Tracy បានមានប្រសាសន៍ថា “មនុស្សជោគជ័យតែងតែស្វែងរកឱកាសដើម្បីជួយអ្នកដទៃ ពេលដែលមនុស្សបរាជ័យតែងតែសួរថា តើមានអ្វីដែលនឹងមកជួយពួកគេ?” ក្រុមការងារ គឺជាកត្តាស្នូលសំខាន់សម្រាប់ភាពជោគជ័យ។ យើងគួរស្វែងរកឱកាសដើម្បីភ្ជាប់ទំនាក់ទំនងជាមួយមនុស្សផ្សេងទៀតអោយបានច្រើន។ យើងនឹងមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះអ្វីដែលយើងបានសម្រេចធ្វើ ជាពិសេសគឺការដែលបានធ្វើការងារជាក្រុម ទទួលស្ដាប់គំនិតអ្នកដ៏ទៃ ទទួលយកការពិតដែលថាគំនិតអ្នកដ៏ទៃអាចល្អប្រសើរជាងយើង។
៥. រៀនពិចារណាពីគំនិតរបស់អ្នកជំនាញ ប៉ុន្តែយកការជឿជាក់លើអ្វីដែលអ្នកដឹងសំរាប់ខ្លួនឯងជាមុន ការទទួលយកដំបូន្មានរបស់អ្នកដ៏ទៃ មិនមែនជារឿងអាក្រក់នោះទេ ហើយក៏យើងមិនគួរធ្វើតាមអ្វីតាមដែលអ្នកផ្សេងនិយាយបានដែរ។ ដោយសារតែពួកគេមានបទពិសោធន៍ច្រើនជាង ខុសពីយើង។ យើងគួរតែយកការពិចារណាលើ បទពិសោធន៏ សមត្ថភាព និងចំណង់ចំណូលចិត្តរបស់យើងជាមុនសិន។ បន្ទាប់មកប្រើការយល់ដឹងផ្ទាល់ខ្លួនរបស់យើងដើម្បីវាយតម្លៃពីការផ្តល់យោបល់របស់គេ មុនពេលយើងចេញទៅអនុវត្តន៍។ ប្រសិនបើយើងជឿជាក់ថាអ្វីមួយ គឺជាការពិតហើយ សូមកុំខ្វល់ពីគំនិតអ្នកដ៏ទៃ ចូរធ្វើតាមខ្លួនឯងចុះ៕
ផ្ទាំងឃោសនាពាណិជ្ជកម្ម