អ្នកមិនចាំបាច់ទាល់តែពូកែដូចអ្នកជំនាញទើបអាចដំណើរការអាជីវកម្មផ្ទាល់ខ្លួននោះទេ។ មានអ្នកជំនួញជោគជ័យជាច្រើននាក់បានចាប់ផ្តើមបើកអាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគេដោយគ្មានលុយ ឬខ្ចីធនាគារ។ ដូចគ្នានេះដែរក៏មានសហគ្រិនជោគជ័យជាច្រើនបានរកឃើញភាពជោគជ័យដោយមិនមានបទពិសោធន៍ពីមុនមកផងដែរ។ ដូច្នេះទោះបីជាអ្នកមានវ័យក្មេង ហើយអ្នកកំពុងតែគិតចង់បើកអាជីវកម្មលើកទីមួយរបស់ខ្លួន អ្នកគ្រាន់តែចាប់ផ្តើមធ្វើអ្វីម្យ៉ាងពីតូច ហើយប្លែកពីគេ ឬក៏ចាប់ផ្តើមអានសៀវភៅនានាអំពីរបៀបដំណើរការអាជីវកម្ម ឬក៏មានអ្នកណែនាំម្នាក់ដែលធ្លាប់ជោគជ័យ និងមានបទពិសោធន៍ច្រើនសម្រាប់ជួយបង្ហាញផ្លូវដល់អ្នក។ ខាងក្រោមនេះគឺជាច្បាប់ទម្លាប់ជោគជ័យចំនួន ១០ សម្រាប់អាជីវកម្មខ្នាតតូច ហើយវានឹងអាចជួយអ្នកបានសម្រាប់អ្នកចាប់ផ្តើមដំបូង។
កំណត់គោលដៅឲ្យខ្លួនឯង
អ្នកមិនអាចធ្វើគ្រប់យ៉ាងតម្រូវមនុស្សគ្រប់គ្នាបានទេ ដូច្នេះរឿងទីមួយដែលអ្នកត្រូវធ្វើគឺអ្នកត្រូវសម្រេចចិត្តថាអ្វីដែលជាចំណុចពិសេសរបស់អ្នក ហើយវាមានន័យខ្លាំងណាស់សម្រាប់អ្នកយកទៅផ្តោតលើ។ នៅពេលអ្នកដទៃមើលងាយអ្នក មូលហេតុមិនមែនមកពីអ្នកអន់ទេ គឺដោយសារអ្នកមិនទាន់មានគោលដៅពិតប្រាកដ។ នៅពេលអ្នកមានគោលដៅពិតប្រាកដ អ្នកនឹងដឹងថាថ្ងៃអនាគតខ្លួននឹងក្លាយជានរណា មានអ្វីខ្លះ និងស្ថិតក្នុងចំណុចណា ហើយអ្នកនឹងមិនខ្វល់អំពីសំដី ឬការវាយតម្លៃរបស់អ្នកដទៃមកលើអ្នកឡើយ។
ធ្វើអ្វីដែលប្លែក និងល្អជាងគូប្រជែងរបស់អ្នក
ប្រសិនបើគូប្រជែងរបស់អ្នកកំពុងធ្វើអ្វីមួយ អ្នកមិនគួរធ្វើតាមពួកគេនោះទេ។ អ្នកគួរតែដាក់ខ្លួនឲ្យនៅទីមួយដែលមនុស្សឲ្យតម្លៃខ្ពស់ ប្រៀបបានដូចជា មានតែទូរស័ព្ទ iPhone មួយប៉ុណ្ណោះដែលមានប្រព័ន្ធប្រតិបត្តិការ iOS ផ្ទាល់ខ្លួន ហើយទូរស័ព្ទល្បីៗដ៏ទៃទៀតប្រើ Android ។ អ្នកគួរចាំថា បើអ្នកហក់ចូលក្នុងកន្លែងដែលធ្វើដូចៗគ្នាច្រើន មិនងាយមានអ្នកណារកអ្នកឃើញទេ។ ខ្ញុំដឹងថាការស្វែងរកអ្វីដែលថ្មីមកធ្វើគឺមិនងាយស្រួលប៉ុន្មានឡើយ តួយ៉ាងខ្ញុំក៏ធ្លាប់បរាជ័យច្រើនដងដែរនៅពេលចាប់ផ្តើមដំបូង ដោយសារតែខ្ញុំរើសយកគំនិតអាជីវកម្មដែលគ្មានអនាគតវែងឆ្ងាយ គ្មានទីផ្សារច្បាស់លាស់ និងមានគូប្រជែងច្រើន។ ការរកស៉ីនាសម័យទំនើបនេះ អតិថិជនតែងតែត្រូវការអ្វីដែលថ្មី។ បើអ្នករើសយកការធ្វើតាមគេ តើអ្នកមានវិធីអ្វីដើម្បីទាក់ទាញអតិថិជនឲ្យរើសយកអ្នក?
ធ្វើការឲ្យលឿន
ពេលវេលា គឺជាទ្រព្យសំខាន់បំផុតដំបូងគេនៅក្នុងការរកស៉ី។ ប្រសិនបើមានអតិថិជនរង់ចាំការដឹកជញ្ជូនទំនិញពីឃ្លាំងរបស់អ្នកនៅថ្ងៃសុក្រពេលរសៀល អ្នកត្រូវធ្វើឲ្យប្រាកដថាទំនិញនឹងមាននៅក្នុងឃ្លាំងនៅថ្ងៃព្រហស្បតិ៍។ ទំនិញដែលយឺតយូរដោយសារតែការដឹកជញ្ជូន គឺជាការខ្ជះខ្ជាយពេលវេលាដ៏មានតម្លៃ ហើយអតិថិជនរបស់អ្នកត្រូវការសេវាកម្មជាទីគាប់ចិត្ត និងអ្នកទិញទំនិញពីអ្នកទៅលក់បន្តក៏ចង់បានការផ្តល់ទំនិញឆាប់រហ័ស ព្រោះថាទំនាក់ទំនងរកស៉ីគឺពឹងលើរឿងទំនុកចិត្តនេះហើយ។ នៅពេលដែលអ្នករវល់ខ្លាំងក្នុងការរកស៉ី ដែលក្នុងមួយម៉ោងៗអ្នកអាចរកប្រាក់បានរាប់ម៉ឺនរាប់សែនដុល្លារ អ្នកនឹងឲ្យតម្លៃខ្លាំងលើពេលវេលាដែលអ្នកមាន ហើយមិនយកវាទៅធ្វើរឿងឥតប្រយោជន៍ឡើយ។
និយាយអរគុណឲ្យបានច្រើន
វាគឺជារឿងមួយតូចតាចទេគ្រាន់តែនិយាយពាក្យអរគុណ ប៉ុន្តែវាមានន័យយ៉ាងជ្រាលជ្រៅសម្រាប់អតិថិជន។ និយាយប្រាប់អតិថិជន ហើយនិងបុគ្គលិករបស់អ្នកថាអ្នកចង់សរសើរពួកគេប៉ុណ្ណា។ មនុស្សត្រូវការដឹងថាពួកគេត្រូវបានគេវាយតម្លៃក្នុងកម្រិតណា ហើយពួកគេគឺជាអ្នកធ្វើឲ្យអាជីវកម្មរបស់អ្នករីកចម្រើន។ ប្រសិនបើអ្នកចង់បង្ហាញអារម្មណ៍អរគុណទៅឲ្យពួកគេ អ្នកអាចនិយាយថាអរគុណតាមវិធីបុរាណដោយសរសេរលិខិតថ្លែងអំណរគុណជាក្រដាស ឬលិខិតសរសើរផ្សេងៗ។ នៅតាមហាងលក់រាយល្បីៗ ពួកគេតែងតែនិយាយពាក្យអរគុណទៅកាន់អតិថិជននៅពេលគិតលុយរួច ដែលនេះគឺជាវិធីមួយធ្វើឲ្យអតិថិជនមានអារម្មណ៍ល្អលើការទៅទិញម្តង់ទៀត។
ធ្វើជាមនុស្សដែលចេះតស៊ូ និងអត់ធ្មត់ខ្ពស់
ធ្វើឲ្យប្រាកដថាអាជីវកម្មរបស់អ្នកមើលទៅមានភាពតស៊ូណាស់ ហើយអារម្មណ៍របស់អ្នកក៏ត្រូវដាក់ទៅជាមួយវាដែរ ព្រោះថាវាគឺជារូបតំណាង និងកេរិ៍្តឈ្មោះរបស់អ្នក។ ចាប់ផ្តើមដោយការបើកអាជីវកម្មខ្នាតតូច មិនអាចស្វែងរកប្រាក់ចំណូលរាប់លានដុល្លារឲ្យអ្នក ឬមិនអាចធ្វើឲ្យអ្នកក្លាយជាសេដ្ឋីក្នុងរយៈពេលខ្លីនោះទេ គឺត្រូវការអត់ធ្មត់ក្នុងរយៈពេលយូរទម្រាំអ្នកអាចពង្រីកខ្លួនឲ្យក្លាយជាអាជីវកម្មខ្នាតធំ។
តែងតែញញឹមដាក់អតិថិជន
នេះគឺជាចំណុចមួយក្នុងសេវាកម្មអតិថិជនដើម្បីបំពេញចិត្តអតិថិជន។ កុំយកអារម្មណ៍មិនល្អផ្ទាល់ខ្លួន មកជះដាក់អតិថិជន។ អ្នកត្រូវស្វាគមន៍អតិថិជនដោយស្នាមញញឹម និងដោយទំនុកចិត្ត។
មានសុទិដ្ឋិនិយមងប់ងល់
អាកប្បកិរិយាល្អតែងតែឈ្នះនៅទីបញ្ចប់។ បើអ្នកជឿក្តីស្រមៃរបស់អ្នក បើអ្នកជឿលើអ្វីដែលអ្នកកំពុងធ្វើ បើអ្នកច្បាស់ក្នុងចិត្តហើយ ធ្វើវាទៅ កុំសៅម្មងនឹងពាក្យសំដីរបស់អ្នកដទៃច្រើនពេក។ មើលលើគោលដៅវែងឆ្ងាយរបស់អ្នក ហើយជឿលើគំនិងបង្កើតថ្មីរបស់អ្នក។ ពេលខ្លះអ្នកដទៃអាចនិយាយថាគោលដៅរបស់អ្នកមិនអាចទៅរួច គឺដោយសារតែពួកគេគ្មានសមត្ថភាពយល់អំពីគំនិតដ៏ថ្មីរបស់អ្នក ឬដោយសារតែវាថ្មីពេកសម្រាប់ពួកគេ។
លក់ដោយភាពទន់ភ្លន់
កុំមានអារម្មណ៍ថាពិបាកក្នុងការលក់ផលិតផលរបស់អ្នក ជំនួសមកវិញគឺត្រូវដោះស្រាយបញ្ហា និងបំពេញតម្រូវការឲ្យល្អបំផុត។ ប្រសិនបើអ្នកធ្វើអ្វីដែលល្អបំផុតសម្រាប់អតិថិជនរបស់អ្នក ពួកគាត់នឹងនៅតែទិញអ្នកជារៀងរហូត។ កាយវិការទន់ភ្លន់ អាចធ្វើឲ្យអតិថិជនចងចាំបទពិសោធន៍នៅហាងរបស់អ្នក ប៉ុន្តែកុំទន់ភ្លន់បែបលេងសើចរហូតក្លាយជារូបភាព “តាប៉ែ”។
កុំខ្លាចនឹងការធ្វើការពិបាកៗ
កុំគិតថាអ្វីដែលខ្លួនឯងធ្វើ គឺសុទ្ធតែត្រូវ។ រៀនទទួលយកគំនិតថ្មីៗ ហើយជាពិសេសរៀនពីបច្ចេកវិទ្យាថ្មីៗ។ គួរចងចាំថាជីវិតគឺតែងតែទៅមុខ វាមិនមែនដើរថយក្រោយទេ បើយើងមិនរៀនអ្វីដែលថ្មី យើងនឹងក្លាយជាមនុស្សហួសសម័យ។ ម្ចាស់អាជីវកម្មខ្នាតតូចជាច្រើនមិនហ៊ានផ្លាស់ប្តូរទេ ឬពង្រីកអាជីវកម្មរបស់ខ្លួនទេ ព្រោះពួកគេគិតថាវាពិបាក ហើយស្មុគស្មាញ។ ជីវិតជាអ្នកតស៊ូ ជាពិសេសអ្នកជំនួញ គឺគ្មានការងារស្រួល ឬពិបាកទេ គឺមានតែពាក្យការងារ។ បើចាំបាច់ថានឹងត្រូវធ្វើវាហើយ គឺមិនខ្វល់ថាពិបាក ឬងាយទេ គឺដឹងត្រឹមថានឹងធ្វើវាឲ្យបាន៕
